ពិធីតាំងពិព័រណ៍ក្រោមចំណងជើងថា "មត៌កយើងទាំងអស់គ្នា" គឺក្នុងគោលបំណងបង្ហាញពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រួមទាំងការរស់នៅរបស់ប្រជាជននៅក្នុងតំបន់ឥណ្ឌូចិនផងដែរ។
ប្រទេសជប៉ុន បានផ្តល់មូលនិធិប្រមាណ ២២ ទៅ ២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈអង្គការយូណេស្កូ ដើម្បីរៀបចំពិព័រណ៍ស្នាដៃសិល្បៈវប្បធម៌បេតិកភណ្ឌពិភពលោក នៅតាមសារមន្ទីរចំនួន៩ នៃបណ្ដាប្រទេសចំនួន៣ ដើម្បីបង្ហាញអ្នកទេសចរណ៍ និងរៀបចំកម្មវិធីអប់រំសិស្សានុសិស្សឱ្យយល់ដឹងអំពីរឿងរ៉ាវប្រវត្តិសាស្ត្រ។
ពិធីតាំងពិព័រណ៍ (មត៌កយើងទាំងអស់គ្នា) នៅក្នុងសារមន្ទីរជាតិអង្គរ ខេត្តសៀមរាប កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា កន្លងទៅ គឺមានប្រធានបទចំនួន៤ ដែលទាក់ទងនឹងគោលគំនិតនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ប្រវត្តិទីតាំង និងតម្លៃជាសកលនៃរមណីយដ្ឋានបេតិកភណ្ឌ អំពីធម្មជាតិ និងទេវកថា ការបង្ហាញអំពីពាណិជ្ជកម្ម ការផ្លាស់ប្ដូរ និងប្រធានបទសេរីខ្លះទៀតទៅតាមសារមន្ទីរចង់បាន។
រដ្ឋលេខាធិការក្រសួងវប្បធម៌ វិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា គឺលោក ជុច ភឿន ជាគណៈអធិបតីមួយរូបដែលបានចូលរួមកាត់ខ្សែបូសម្ពោធការតាំងពិព័រណ៍នោះ។ លោកបានមានប្រសាសន៍ថា ការតាំងពិព័រណ៍នោះ គឺមានរូបភាពស្នាដៃសិល្បៈបេតិកភណ្ឌពិភពលោកមកពីប្រទេសចំនួន៣ មានកម្ពុជា ឡាវ វៀតណាម មកដាក់បង្ហាញរួមគ្នា។
លោក ជុច ភឿន បានមានប្រសាសន៍ថា សិល្បៈចម្លាក់ថ្ម និងវត្ថុប្រើប្រាស់សម័យបុរាណនៃប្រទេសទាំង៣ ដែលគេបានដាក់បង្ហាញនោះ គឺយកចេញពីតំបន់ដែលបានចូលជាបេតិកភណ្ឌពិភពលោករួចហើយ។ ចំណែកនៅប្រទេសកម្ពុជា គឺជាប្រទេសសម្បូរបែបនៃកេរដំណែលទាំងនេះ ដោយគ្រាន់តែតំបន់អង្គរ គឺមានប្រាង្គប្រាសាទ និងរមណីយដ្ឋានរហូតដល់ទៅ ៨០០ ក៏ប៉ុន្តែអ្វីដែលយកមកតាំងពិព័រណ៍ពេលនេះ គឺច្បិចយកតែរូបភាពណាដែលល្អៗ។
លោក ជុច ភឿន៖ «ដូចជាគ្រុឌ ដែលមានដាក់តាំងនៅសារមន្ទីរជាតិហ្នឹង គឺថាសម័យកោះកែរ។ យើងឃើញមានព្រះគោ មានរូបប្រាសាទអង្គរវត្ត មានរូបភ្នំគូលែន ទឹកធ្លាក់នៅភ្នំគូលែន ហើយនិងព្រះវិហារ។ យើងហើយនៅទីនេះ ហើយប្រទេសវៀតណាម គេយកសិល្បៈឌីសឺង។ ឈ្មោះឌីសឺងហ្នឹង គឺជាឈ្មោះវៀតណាម ទេ ប៉ុន្តែនៅទីនោះមានសិល្បៈចាម។ ដល់វត្តភូ នៅឡាវ នោះ ទឹកដីខ្មែរយើងពីដើម ឥឡូវវាជាទឹកដីរបស់ឡាវ គេមានប្រាសាទដែរ ហើយគេចូលជាបេតិកភណ្ឌពិភពលោកហើយដែរ»។
លោក ហ្វីលីព ដឺឡង់ហ្គ៍ (Philippe Delanghe) ជាប្រធានផ្នែកវប្បធម៌របស់អង្គការយូណេស្កូ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការដាក់តាំងពិព័រណ៍បេតិកភណ្ឌពិភពលោកដែលមាននៅតាមសារមន្ទីរ ៩កន្លែងក្នុងប្រទេសចំនួន៣ នេះ គឺចង់ឱ្យមានការយល់ដឹងថា តើអនុសញ្ញានៃបេតិកភណ្ឌពិភពលោកមានតួនាទីយ៉ាងណា? បានធ្វើអ្វីខ្លះ? ហើយតើវប្បធម៌ដែលមាននៅក្នុងប្រទេសទាំងបីនោះ មានការទាក់ទងគ្នាយ៉ាងណា?
លោក ហ្វីលីព ដឺឡង់ហ្គ៍៖ «បើទោះបីជាប្រជាពលរដ្ឋខ្លះបានទៅទស្សនាអង្គរវត្តកម្ពុជា ទៅមើលសារមន្ទីរថាងឡុង នៃប្រទេសវៀតណាម ឬក៏ខ្លះទៅមើលវត្តភូ នៅឡាវ ដោយមិនបានដើរគ្រប់ប្រទេសទាំងបីក៏ដោយ ក៏ការតាំងពិព័រណ៍បែបនេះ ខ្ញុំជឿថា ជាការតភ្ជាប់គ្នាមួយធ្វើឱ្យអ្នកទស្សនាទាំងនោះបានមើលឃើញប្រាសាទព្រះវិហារ និងស្នាដៃសិល្បៈវប្បធម៌ជាច្រើនទៀតនៅក្នុងប្រទេសទាំងបីនេះ។ ការមើលឃើញនេះ ដោយសារតែការតាំងពិព័រណ៍ដែលធ្វើឱ្យឃើញនូវភាពជិតគ្នា»។
ចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០១១ មក ប្រទេសទាំង៣ និងអង្គការយូណេស្កូ បានរៀបចំសិក្ខាសាលាចំនួនបីលើកអំពីពិព័រណ៍បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា វៀតណាម ឡាវ នេះ ដោយការតាំងពិព័រណ៍បានចាប់ផ្ដើមជាបន្តបន្ទាប់នៅតាមសារមន្ទីរចំនួន៩ ក្នុងប្រទេសទាំងបី។ ការតាំងពិព័រណ៍នេះ ត្រូវគេចាត់ទុកថាគឺជាគម្រោងធ្វើឱ្យរស់ឡើងវិញនូវសារមន្ទីរតាមរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
