ផល​ប្រយោជន៍​និង​សារសំខាន់​នៃ​ការ​បណ្ដុះ​គំនិត​សង្គហធម៌​ឬ​ធម៌​សង្គ្រោះ

"សង្គហធម៌" ឬ​ហៅ​ថា "ធម៌​សង្គ្រោះ" គឺ​ជា​គោលការណ៍​អប់រំ​មួយ​របស់​ព្រះពុទ្ធ​សាសនា ដើម្បី​ឲ្យ​មនុស្ស​ស្វែង​យល់​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​គ្រា​មាន​អាសន្នអន្ធក្រ ដូចជា​រង​គ្រោះ​ដោយ​អគ្គិភ័យ គ្រោះ​ទឹក​ជំនន់ ទុរ្ភិក្ស ខ្វះ​ស្បៀង​អាហារ ខ្វះ​ថ្នាំ​សង្កូវ ព្យាបាល​រោគ​ជាដើម។
ដោយ កែវពេជ្រ មេត្តា
2013.10.20
អំណោយ ទឹក​ជំនន់ ៦១០ សប្បុរសជន​ជូន​អំណោយ​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១៣។
Impact Cambodia Photo

សម្រាប់​សង្គម​ខ្មែរ​បច្ចុប្បន្ន ការ​អនុវត្ត​សង្គហធម៌​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ភាគ​ច្រើន​ខ្វះ​ធម៌​សាមគ្គី មិន​យោគយល់​គ្នា មិន​ចុះ​សម្រុង​គ្នា។

ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​ស្ដីពី​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​មនុស្ស​ផង​គ្នា មាន ៤​យ៉ាង​ជា​សំខាន់ គឺ ការ​ឲ្យ​ទាន​ការ​ពោល​ពាក្យ​ពីរោះ ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​គ្នា និង​ការ​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ជាមួយ​គ្នា។ សម្រាប់​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន មាន​ចែក​ចេញ​ពីរ​យ៉ាង​ទៀត គឺ​សាធារណ​ទាន និង អសាធារណទាន។

ចំពោះ​សាធារណៈ​ទាន គឺ​ជា​ទាន​ដែល​បុគ្គល​ណា​មួយ ឬ​ក្រុម​ពួក​ណា​មួយ​មាន​ចិត្ត​សប្បុរស បាន​ផ្ដល់​ឲ្យ​ដល់​ជន​ទូទៅ​ដោយ​មិន​រើស​អើង មិន​ប្រកាន់​ពូជ​សាសន៍ ពណ៌សម្បុរ មិន​ប្រកាន់​និន្នាការ​បក្សពួក​ជាដើម។ ចំណែក​ឯ​អសាធារណទាន គឺ​ទាន​ដែល​គេ​ផ្ដល់​ឲ្យ​ចំពោះ​តែ​បុគ្គល​ម្នាក់ៗ ដែល​គេ​ស្រឡាញ់​ពេញ​ចិត្ត ឬ​ដែល​គេ​ហៅ​ថា "បុគ្គលិកទាន"។

ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន បាន​មាន​ព្រះ​ថេរដីកា​ថា ការ​ឲ្យ​នូវ​សាធារណៈ​ទាន ឬ​ឲ្យ​ទាន​មិន​រើស​មុខ មិន​ប្រកាន់ គឺ​ជា​ទាន​មាន​គុណធម៌​ខ្ពង់ខ្ពស់ ពីព្រោះ​ទាន​នេះ​ជា​អំពើ​ល្អ ជួយ​មនុស្ស​បណ្ដុះ​គំនិត​ស្រឡាញ់​រាប់​អាន​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្មោះស្ម័គ្រ ពិសេស​នៅ​ពេល​ដែល​គេ​ជួប​គ្រោះ​អាសន្ន​ទុក្ខ​លំបាក​ផ្សេងៗ​កើត​ឡើង។

ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា ការ​ឲ្យ​ទាន​មិន​រើស​មុខ​ក្នុង​សង្គហធម៌ គឺ​ជា​ទាន​តាម​កម្លាំង​សទ្ធា​របស់​បុគ្គល​អ្នក​ឲ្យ​ទាន ដូច​ជា​អ្នក​ខ្លះ​គេ​ឲ្យ​ទាន​ទ្រព្យ​ថវិកា អ្នក​ខ្លះ​ដែល​មាន​ធនធាន​ច្រើន​គេ​ជួយ​កសាង​ផ្លូវ​ថ្នល់ ជីក​ព្រែក សង់​ស្ពាន ដាំ​ដើម​ឈើ ជីក​ស្រះ ជីក​អណ្ដូង សង់​សាលារៀន សង់​មន្ទីរ​ពេទ្យ ។ល។

ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «ដូចជា​គ្រឿង​ស្លៀក​ដណ្ដប់ គ្រឿង​ស្លៀក​ពាក់​ហ្នឹង ដូច​ជា​អាហារភោជន​ទាំង​ឡាយ​ទាំង​ពួង ត្រូវ​ចេះ​ចែក​រំលែក​ទៅ​ដល់​គ្នា​និង​គ្នា ទៅ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ប្រការ​ណា​មួយ​ក្តី គឺ​តាម​វត្ត​អារាម ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជន​នានា​ហ្នឹង គឺ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន​ហ្នឹង អាច​មាន​លទ្ធភាព គឺ​ជួយ​គ្នា​នៅ​ក្នុង​គ្រា​លំបាក ដែល​បុរាណ​យើង​ថា "ស្រឡាញ់​គ្នា​នៅ​គ្រា​ក្រ ស្គាល់​មិត្ត​ល្អ​នៅ​ពេល​មាន​ទុក្ខ" នោះ»

ចំពោះ​ការ​ឲ្យ​ទាន​មិន​រើស​មុខ ឬ​សាធារណៈ​ទាន សម្រាប់​សង្គម​ខ្មែរ​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​សប្បុរសជន​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ខ្លះ និង​ក្រៅ​ស្រុក​ខ្លះ បាន​អនុវត្ត​សង្គហធម៌​ទី​១​នេះ ដោយ​បាន​ចែក​រំលែក​ម្ហូប​អាហារ សម្លៀក​បំពាក់ ថវិកា​ខ្លះ​ដល់​អ្នក​ក្រ​ខ្សត់ ដល់​កុមារ​កំព្រា ឬ​ជួយ​ដល់​អ្នក​ដែល​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ ដូច​ជា​ទឹក​ជំនន់​ជន​លិច​ភូមិឋាន ផ្ទះសម្បែង ស្រែចំការ។

តួ​យ៉ាង​ដូច​ជា​កាល​ពី​អំឡុង​ទឹក​ជន​លិច​ភូមិ អ្នក​ស្រុក​នៅ​ភូមិ​ព្រែករៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កាល​ពី​ក្នុង​ខែ​តុលា ឆ្នាំ​២០១៣ ជាដើម មាន​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​អូស្រ្តាលី ប្រទេស​អង់គ្លេស បាន​ផ្ដល់​ថវិកា​សម្រាប់​ទិញ​ម្ហូប​អាហារ ត្រីសាច់ និង​អង្ករ​ជា​ច្រើន​តោន ព្រម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ជាង ២០០​គ្រួសារ​នៅ​ទី​នោះ ជា​ពិសេស​គឺ​ជួយ​ដល់​ក្រុម​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​មាន​កូន​តូចៗ​ក្រោម​អាយុ ៣​ឆ្នាំ។ ការ​ផ្ដល់​ទាន​នេះ គេ​ធ្វើ​ទៅ​តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក គឺ​អង្គការ អ៊ីមផែក ខេមបូឌា (Impact Cambodia)។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ អ៊ីមផែក ខេមបូឌា អ្នកស្រី សំបូរ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា នៅ​ក្នុង​ជំនួយ​សង្គ្រោះ​នោះ គឺ​មិន​អាច​គ្រប់គ្រាន់​តាម​តម្រូវការ​ខ្វះខាត​របស់​អ្នក​ភូមិ​ទាំង​អស់​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ក៏​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​ខ្វះខាត​ស្បៀង​អាហារ​របស់​អ្នកស្រុក​មួយ​ចំនួន​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ទី​នោះ​ដែរ ពិសេស​អ្នក​ដែល​ងាយ​រង​គ្រោះ​ជាង​គេ គឺ​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​កុមារ​តូច។

អ្នកស្រី​បន្ត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​ធ្លាប់​មាន​វប្បធម៌​ចែក​រំលែក​ឲ្យ​ទាន​ដល់​គ្នា​និង​គ្នា ឬ​ដល់​អ្នក​ដែល​ខ្សត់ខ្សោយ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ វប្បធម៌​ចែក​រំលែក​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ ឬ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ផល​ប្រយោជន៍ និង​គុណ​តម្លៃ​នៃ​សង្គហធម៌ ឬ​ធម៌​សង្គ្រោះ​គ្នា។ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ឲ្យ​សង្គម​ខ្មែរ​មាន​សង្គហធម៌ ផ្ដល់​ភាព​ចម្រើន​រុង​រឿង គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ជួយ​ទាំង​អស់​គ្នា ទាំង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​១ ការ​ឲ្យ​ទាន គឺ​ជា​ទាន​ផ្ដល់​កម្លាំង​ចិត្ត​មនុស្ស​ឲ្យ​ស្គាល់​ពី​តម្លៃ​នៃ​ការ​ធ្វើ​អំពើ​ល្អ ឬ​អំពើ​បុណ្យ ពីព្រោះ​មនុស្ស​គ្រប់​រូប​តែងតែ​ប្រាថ្នា​ចង់​បាន​ល្អ និង​សេចក្ដី​សុខ​ចម្រើន។

លោក​បាន​បន្ត​ថា សេចក្ដី​ល្អ​ដែល​មនុស្ស​ត្រូវ​ការ គឺ​មិន​មែន​មាន​តែ​ការ​ឲ្យ​ទាន​ទ្រព្យ​សម្បត្តិ​ប៉ុណ្ណោះ​ទេ គឺ​គេ​ត្រូវ​ការ​បន្ថែម​ទៀត​នូវ​សេចក្ដី​ល្អ​នៃ​ពាក្យ​សម្ដី​ដែរ។ ហេតុ​ដូច្នោះ​ហើយ​នៅ​ក្នុង​សង្គហធម៌​នោះ​មាន​គោលការណ៍​អប់រំ​មួយ​សំខាន់​ទៀត ដែល​ជា​ធម៌​សង្គ្រោះ​ទី​២ គឺ "ការ​ប្រើ​សម្ដី​ត្រូវ"។ ការ​ប្រើ​សម្ដី​ត្រូវ គឺ​ជា​ធម៌​ល្អ​មួយ​អាច​ជួយ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ និង​មាន​ទំនុក​ទុក​ចិត្ត​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា ហើយ​អាច​ចេះ​ជួយ​រំលែក​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

អាចារ្យ​មួយ​រូប​នៅ​ខេត្ត​តាកែវ លោក វ៉ាយ វិបុល បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​វាចា​ត្រូវ​នេះ​ថា គឺ​ការ​ពោល​ពាក្យ​សុចរិត ឬ​វចីសុចរិត ឬ​ពាក្យ​ដែល​ប្រកប​ទៅ​ដោយ​សីលធម៌៖ «គឺ​ពោល​ពាក្យ​ពីរោះ។ ពោល​ពាក្យ​ពីរោះ​បាន​ន័យ​ថា ពោល​ពាក្យ​ផ្អែមល្ហែម​រក​គ្នា​និង​គ្នា។ ការ​មិន​និយាយ​កុហក ការ​មិន​និយាយ​ញុះញង់ បំបែកបំបាក់​សាមគ្គី។ ការ​មិន​និយាយ​ពាក្យ​ទ្រគោះបោះបោក ការ​មិន​ជេរ​ប្រទេច មិន​និយាយ​រោយរាយ​ឥត​ប្រយោជន៍។ ហ្នឹង​ការ​ឲ្យ​ទាន ការ​និយាយ​ពាក្យ​ពីរោះ​នឹង​គ្នា គឺ​ជា​អង្គ​នៃ​សង្គហវត្ថុ»

ក្រៅ​ពី​ប្រើ​វាចា​ត្រូវ​នៅ​ក្នុង​សង្គហធម៌ ឬ​សង្គហវត្ថុ​នៃ​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ធម៌ ​សង្គ្រោះ​ទី​៣ គឺ​អប់រំ​បណ្ដុះ​គំនិត​មនុស្ស​ឲ្យ​ជួយ​មនុស្ស​ផង​គ្នា​តែ​អ្វី​ដែល​មាន​ប្រយោជន៍ ដូច​ជា​ផ្ដល់​គំនិត រក​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត រស់​នៅ​តែ​ក្នុង​អំពើ​ល្អ​ជាដើម។

មួយ​វិញ​ទៀត នៅ​ក្នុង​ធម៌​សង្គ្រោះ​ទី​៤ នៃ​សង្គហធម៌ គឺ​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​ការ​ប្រព្រឹត្ត​ខ្លួន​របស់​មនុស្ស ដោយ​ប្រកាន់​យក​ធម៌​កណ្ដាល ឬ​តាំង​ខ្លួន​ឲ្យ​នៅ​ស្មោះ​ស្មើ មិន​វាយ​ឫក​ក្រអឺតក្រទម ឆ្មើងកន្ទ្រើង មិន​មាន​អំនួត​អួតអាង ឬ​មិន​បន្ថោក​បន្ទាប​អ្នក​ដទៃ​ឲ្យ​នៅ​ក្រោម​អំណាច​ខ្លួន។

អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា បើ​មនុស្ស​នៅ​ក្នុង​សង្គម​ខ្មែរ ឬ​ក្នុង​ពិភពលោក​បាន​នាំ​គ្នា​គោរព​ស្រឡាញ់ និង​អនុវត្ត​តាម​គោលការណ៍​ធម៌​សង្គ្រោះ​ទាំង​៤​យ៉ាង​នៃ​សង្គហធម៌​នោះ គេ​ទាំង​អស់​គ្នា​នឹង​រស់​នៅ​ជាមួយ​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។