នៅមុនឡើងសម្ដែងលើឆាកនៃទិវាសហគមន៍ខ្មែរក្នុងទីក្រុង Alexandria នៃរដ្ឋវឺជីនៀ (Virginia) កាលពីថ្ងៃអាទិត្យ កញ្ញា សូឡេ ប៊ែកឃើ (Soliel Becker) អាយុ ១៥ឆ្នាំ ស្លៀកឈុតរបាំសត្វក្ងោកពោធិ៍សាត់ បំពាក់ទៅដោយគ្រឿងតុបតែងមុខយ៉ាងស្រស់ស្អាត អង្គុយរង់ចាំពិធីករប្រកាសឡើងសម្ដែងនោះ និយាយថា អ្វីដែលធ្វើឲ្យកញ្ញាចូលចិត្តរបាំសិល្បៈរបស់ខ្មែរ ដោយសារសម្លៀកបំពាក់សិល្បៈខ្មែរមានភាពស្រស់ស្អាត ហើយទន់ភ្លន់។
កញ្ញា សូឡេ ប៊ែកឃើ៖ «សិល្បៈរបស់ខ្មែរពិតជាមានលក្ខណៈខុសគ្នាទាំងស្រុង ពីអ្វីដែលខ្ញុំរស់នៅ និងធំដឹងក្តីនៅទីនេះ។ ខ្ញុំមិនដែលបានទៅលេងប្រទេសកម្ពុជា ទេ។ អ្វីៗពិតជាមានលក្ខណៈខុសគ្នា ប៉ុន្តែខ្ញុំគិតថា មនុស្សនៅទីនោះភាគច្រើនជាមនុស្សល្អ។ ដូច្នេះហើយ អ្វីដែលខ្ញុំខិតខំហាត់រៀនសិល្បៈរបស់ខ្មែរនេះឡើង គឺដើម្បីអាចឲ្យខ្ញុំមានការប្រាស្រ័យទាក់ទងគ្នាបានជាមួយពលរដ្ឋខ្មែរ ដែលមកពីប្រទេសកម្ពុជា។ ម្យ៉ាងទៀត ខ្ញុំចង់ដឹងអំពីវប្បធម៌កំណើតរបស់ខ្ញុំ។ ខ្ញុំគិតថា វាពិតជាគួរឲ្យស្រឡាញ់ និងចាប់អារម្មណ៍ខ្លាំងណាស់»។
កញ្ញា សូឡេ ប៊ែកឃើ ជាកូនខ្មែរដែលត្រូវឪពុកម្តាយជាជនជាតិអាមេរិកាំង យកមកចិញ្ចឹមតាំងពីអំឡុងឆ្នាំ១៩៩៨ ពីប្រទេសកម្ពុជា។
លោក បាក ប៊ែកឃើ (Buck Becker) ដែលជាឪពុកចិញ្ចឹមរបស់ កញ្ញា សូឡេ ប៊ែកឃើ បានថ្លែងថា ការឲ្យកូនស្រីរបស់គាត់មកហាត់រៀនរបាំសិល្បៈរបស់ខ្មែរ ជាកិត្តិយសដ៏វិសេសវិសាលសម្រាប់គ្រួសាររបស់លោក។ ហើយថា លោកស្រឡាញ់សិល្បៈខ្មែរខ្លាំងណាស់ ព្រោះជាសិល្បៈមួយដែលមានភាពស្រស់បំព្រង លាយឡំទៅដោយក្បាច់រាំដ៏ទន់ភ្លន់ និងមានវិន័យ។
លោក បាក ប៊ែកឃើ៖ «កាលពីមុន យើងរស់នៅក្នុងទីក្រុង New England ហើយក្រោយមក យើងបានផ្លាស់ប្ដូរលំនៅឋានមកកាន់តំបន់រដ្ឋធានី វ៉ាស៊ីនតោន។ ហើយនៅពេលដែលយើងមកដល់ទីនេះភ្លាម យើងបានទំនាក់ទំនងទៅសហគមន៍ខ្មែរ។ វាក៏ជាការសន្យារបស់ខ្ញុំមួយដែរ ដែលខ្ញុំបានធ្វើឡើងជាមួយអាជ្ញាធរប្រទេសកម្ពុជា ថាយើងនឹងមិនឲ្យកូនចិញ្ចឹមរបស់យើងភ្លេចកេរដំណែលវប្បធម៌របស់ខ្លួនឡើយ។ វាក៏ជាកិត្តិយសរបស់យើងផងដែរក្នុងការធ្វើដូច្នេះ។ យើងក៏បានទទួលនូវអត្ថប្រយោជន៍ច្រើនសម្រាប់គ្រួសាររបស់យើង»។
លោក ប៊ែកឃើ បន្តថា ចាប់តាំងពីលោកយកកូនចិញ្ចឹមរបស់លោកពីកម្ពុជា មក លោកនៅមិនទាន់បាននាំគេទៅលេងប្រទេសកំណើតនៅឡើយ។ លោករំពឹងថា លោកនឹងនាំកូនៗរបស់លោកទៅលេងប្រទេសកម្ពុជា នៅមុនពេលនាងបញ្ចប់ការសិក្សានៅវិទ្យាល័យ។
ចំណែកកុមារី គ្រេស្ស រ៉ាហ្វហ្វើធី (Grace Rafferty) អាយុ ១២ឆ្នាំ និយាយថា នាងចាប់ផ្ដើមហាត់រៀនសិល្បៈខ្មែរតាំងពីអាយុបីបួនឆ្នាំមកម្ល៉េះ ហើយមកទល់ពេលនេះ នាងហាត់បានប្រហែល ៥ឆ្នាំហើយ។ គ្រេស្ស រ៉ាហ្វហ្វើធី ឲ្យដឹងថា ឪពុកម្តាយអាមេរិកាំងរបស់នាងបានខិតជំរុញនាងឲ្យយល់ដឹងអំពីវិស័យសិល្បៈរបស់ខ្មែរ៖ «ខ្ញុំធំដឹងក្តីនៅជាមួយឪពុកម្តាយជនជាតិអាមេរិកាំង ចាប់តាំងពីពួកគេយកខ្ញុំមកចិញ្ចឹមពីប្រទេសកម្ពុជា។ ខ្ញុំរស់នៅទីនេះមិនសូវមានទំនាក់ទំនងទៅប្រទេសកម្ពុជា ប៉ុន្មានទេ ដូច្នេះហើយខ្ញុំចង់ស្វែងយល់ឲ្យបានច្រើនពីប្រភពដើមរបស់ខ្ញុំ»។
កុមារាកុមារីទាំងនេះភាគច្រើនជាសិស្សរបស់សមាគមរក្សាមរតកខ្មែរ។ ពួកគេតែងនាំគ្នាមកហ្វឹកហាត់សិល្បៈក្នុងសមាគមនេះនៅរៀងរាល់ថ្ងៃអាទិត្យ។
ចំណែកកុមារី ឃេតធ្រីន យ៉ាប់ (Katherine Yap) ដែលមានឪពុកម្តាយជាខ្មែរវិញ និយាយថា របាំដែលនាងចូលចិត្តហាត់រាំជាងគេ គឺរបាំរាំជាក្រុម។ ឃេតធ្រីន និយាយថា ភាពខិតខំប្រឹងប្រែងរបស់នាងក្នុងការហ្វឹកហាត់អំពីរបាំប្រពៃណីរបស់ខ្មែរនេះឡើង គឺក្នុងគោលបំណងលើកស្ទួយកិត្តិយសសហគមន៍ខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន៖ «ខ្ញុំចូលចិត្តរបាំរបស់ខ្មែរនេះខ្លាំងណាស់ ពីព្រោះខ្ញុំតែងឃើញមិត្តភ័ក្ដិរបស់ខ្ញុំដែលរស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន មានការចូលរួមច្រើនក្នុងវិស័យសិល្បៈនេះ។ ដូច្នេះហើយ ខ្ញុំចង់ឲ្យរូបខ្ញុំផ្ទាល់អាចចូលរួមជាមួយសហគមន៍ ដោយសារខ្ញុំមិនដែលឃើញមានកូនខ្មែរដែលរៀននៅសាលារបស់ខ្ញុំ ចូលរួមក្នុងសង្គមអ៊ីចឹងទេ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់ធ្វើអ្វីទៅតាមទំនៀមទម្លាប់របស់ខ្មែរដែរ ហើយខ្ញុំចូលចិត្តវាខ្លាំងណាស់»។
យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាង ១០ម៉ឺននាក់ រស់នៅក្នុងសហរដ្ឋអាមេរិក ភាគច្រើនជាងគេរស់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា (California) បន្ទាប់មក រដ្ឋម៉ាស្សាឈូសេត (Massachusetts) វ៉ាស៊ីនតោន (Washington) និងរដ្ឋភេនស៊ីលវេនញ៉ា (Pennsylvania)។ ក្រៅពីរដ្ឋធំៗទាំងបីនេះ ក៏មានពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋផ្សេងៗទៀតដែរ ដូចជារដ្ឋមួយចំនួនក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន គឺរដ្ឋវឺជីនៀ (Virginia) និងរដ្ឋម៉ារីឡិន (Maryland)។
ពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋទាំងនេះ ភាគច្រើនបានចងក្រងគ្នាជាសហគមន៍ និងជាសមាគម ដូចជាសមាគមខាងផ្នែកសុខាភិបាល សង្គមកិច្ច អប់រំ សិទ្ធិមនុស្ស និងខាងផ្នែកសិល្បៈជាដើម។
ប្រធានសមាគមរក្សាមរតកខ្មែរ លោក ទេស សារឿម មានប្រសាសន៍ថា ក្រុមរបស់លោកផ្តល់ការបង្ហាត់បង្រៀនដល់សិស្សដោយឥតគិតថ្លៃ។ ហើយរហូតមកទល់ពេលនេះ ក្រុមរបស់លោកមានសិស្សប្រមាណជាង ៥០នាក់ កំពុងហ្វឹកហាត់។ លោកមានសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដឹកនាំសមាគមសិល្បៈនេះ គឺដើម្បីបុព្វហេតុអច្ឆរិយជាតិខ្មែរ៖ «ការធ្វើនេះឡើងដើម្បីបុព្វហេតុឲ្យខ្មែរយើងជួបជុំគ្នាផង និងដើម្បីឲ្យពលរដ្ឋក្នុងសហរដ្ឋអាមេរិក ទាំងអស់ បានយល់អំពីវប្បធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរ»។
ជាងនេះទៅទៀត អ្នកគ្រូ យឹម ទេវី ដែលជាអតីតអ្នករាំរបាំអប្សរាដ៏មានបទពិសោធន៍ខ្ពស់នោះ មានប្រសាសន៍ថា អ្នកគ្រូសូមថ្លែងអំណរគុណដល់ឪពុកម្តាយរបស់សិស្ស ដែលខិតខំប្រឹងប្រែងពន្យល់កូនៗរបស់ពួកគេឲ្យបានយល់ និងឲ្យចេះស្រឡាញ់សិល្បៈខ្មែរ។ អ្នកគ្រូបន្តថា ក្រៅពីកូនសិស្សខ្មែរក៏មានកូនសិស្សជាជនជាតិអាមេរិកាំង មួយចំនួនហ្វឹកហាត់ដែរ៖ «តាមពិតទៅ ឪពុកម្តាយនីមួយៗបានពន្យល់កូន។ មុនដំបូង កូនៗទាំងនោះមិនចង់ហាត់ទេ ព្រោះអីមិនយល់ពីសិល្បៈខ្មែរយើង។ ដល់ពេលចូលសាលាទៅ គ្រូពន្យល់ពីសិល្បៈ ពីទំនៀមទម្លាប់ ពីការអង្គុយ ការដើរ និងការបង្ហាត់ក្បាច់រាំ។ ដូច្នេះ ទៅតាំងពីសម្លៀកបំពាក់ តាំងពីខោអាវមានចិត្តស្រឡាញ់ ស្រឡាញ់សិល្បៈយើង ដូច្នេះបានជានាំគ្នាមកហាត់»។
អ្នកគ្រូ ទេវី បន្តថា អ្វីដែលជាការលំបាកសម្រាប់សិស្សនោះ គឺដោយសារសិស្សភាគច្រើនត្រូវធ្វើដំណើរឆ្ងាយៗ ហើយរីឯការហ្វឹកហាត់វិញ បានតែ ៦ម៉ោងរៀងរាល់ថ្ងៃអាទិត្យ ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
