អាជ្ញាធរអប្សរាទទួលបន្ទុកការពារ ថែរក្សាប្រាសាទបុរាណក្នុងខេត្តសៀមរាប រួមជាមួយនឹងអង្គការយូណេស្កូ (UNESCO) កំពុងផ្ដល់ឱកាសឱ្យក្រុមយុវជនជាតិ និងអន្តរជាតិបានចូលរួមជាអ្នកស្ម័គ្រចិត្តលើកិច្ចការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌពិភពលោកឱ្យមានស្ថិរភាព។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សបេតិកភណ្ឌពិភពលោកនេះ អង្គការយូណេស្កូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរយុវជននៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកបានក្លាយទៅជាយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្ត ហើយរួមដៃគ្នាការពារសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់បន្តវេនពីអ្នកជំនាន់មុនៗ។
ក្រុមយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តចំនួន ២០នាក់ មកពីបណ្ដាប្រទេសចំនួន ៧ មានគម្រោងស្នាក់នៅរយៈពេល ១០ថ្ងៃ ក្នុងខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់អំពីរមណីយដ្ឋានអង្គរ កិច្ចការពារ ការអភិរក្សសម្បត្តិបេតិកភណ្ឌ ព្រមទាំងអំពីជីវភាពរស់នៅ និងវប្បធម៌ខ្មែរផង។
ក្រុមយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តទាំងនោះ មានមកពីប្រទេសអូស្ត្រាលី (Australia) បារាំង (France) ចិន (China) កូរ៉េ (Korea) ជប៉ុន (Japan) ព្រមទាំងទ្វីបអាមេរិកខាងត្បូង។ នៅក្នុងនោះដែរ ក៏មានយុវជនកម្ពុជា ចំនួន ៥រូប និង ៣រូបផ្សេងទៀតមកពីសហភាពសហព័ន្ធយុវជនកម្ពុជា។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍បន្ទាប់ពីក្រុមយុវជនទាំងនោះជួបប្រជុំនៅឯមជ្ឈមណ្ឌលអាជ្ញាធរអប្សរាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ថា ក្រុមយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តនេះ គឺបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ កម្មវិធីយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តនេះ បង្កើតឡើងក្នុងគោលបំណងជំរុញចំណេះដឹងរបស់យុវជនពាក់ព័ន្ធនឹងការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
លោក ឡុង កុសល បញ្ជាក់ថា ដំណើរមកដល់របស់យុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តនៅខេត្តសៀមរាប ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ" ពេលនេះ គេនឹងណែនាំឱ្យយុវជនទាំងអស់ចុះប្រឡូកការងារផ្ទាល់ជាមួយសហគមន៍នៅភូមិធម្មជាតិរុនតាឯក ប្រយោជន៍ឱ្យយល់ដឹងពីជីវភាពរស់នៅរបស់ខ្មែរ ព្រមទាំងភ្លក់រសជាតិម្ហូបអាហារ និងប្រពៃណីខ្មែរពិតៗ៖ «ក្នុងចំនួន ១០ថ្ងៃនេះ គឺគាត់នឹងប្រឡូកផ្ទាល់តែម្ដងចូលជាមួយកិច្ចការងារសហគមន៍ដើម្បីឱ្យគាត់បានយល់ដឹងពីវប្បធម៌ខ្មែរ ឱ្យគាត់យល់ដឹងអំពីការងារជួសជុលប្រាង្គប្រាសាទ អំពីតួនាទីជាទីភ្នាក់ងារទេសចរណ៍»។
នេះជាលើកទី១ហើយដែលក្រុមយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តបានមកសិក្សាស្វែងយល់អំពីសម្បត្តិបេតិកភណ្ឌ និងវប្បធម៌ខ្មែរ។
មន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌របស់អង្គការយូណេស្កូ ប្រចាំកម្ពុជា លោក ហ្វីលីព ដឺឡង់គ៍ (Philipe Delanghe) បានថ្លែងរំពឹងទៅលើក្រុមយុវជនទាំងនោះថា ក្នុងអំឡុងពេលដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ជាច្រើនថ្ងៃនេះ គឺពួកគេនឹងអាចរៀនសូត្របានបទពិសោធន៍ជាច្រើន ដូចជាការស្គាល់រសជាតិម្ហូប ការយល់ដឹងអំពីវប្បធម៌ខ្មែរដើម្បីនាំត្រឡប់ទៅមាតុប្រទេសរបស់គេវិញ៖ «កាលពី២-៣ខែមុនខ្ញុំបានមកទស្សនាអង្គរ ហើយបានពិភាក្សាលើបញ្ហាជាច្រើនទាក់ទងនឹងកិច្ចការពារធនធានធម្មជាតិ សម្បត្តិវប្បធម៌ ព្រមទាំងរចនាសម្ព័ន្ធ អភិរក្សជាច្រើនទៀត។ កិច្ចការដែលខ្ញុំលើកឡើងទាំងនោះ គឺជាការទទួលខុសត្រូវយ៉ាងសំខាន់បំផុតចំពោះសម្បត្តិបេតិកភណ្ឌ ហើយក៏ជាការរំលឹកដល់អ្នកជំនាន់ក្រោយឱ្យចេះបន្តវេននូវកិច្ចការទាំងនេះពីអ្នកជំនាន់មុនៗដែរ»។
យុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តមួយចំនួនបានឱ្យដឹងថា ចាប់តាំងតែពីពួកគេបានមកដល់កម្ពុជា រយៈពេល ២ថ្ងៃមកនេះ គឺគេចាប់អារម្មណ៍នឹងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមសហគមន៍ ព្រមទាំងធម្មជាតិជាច្រើន។
យុវជនម្នាក់មកពីប្រទេសបារាំង លោក វ៉ាំងហ្សង់ ហ្វូរ៉េ (Vincent Faure) មានប្រសាសន៍ថា លោកពេញចិត្តនឹងធម្មជាតិជាច្រើន ព្រមទាំងចង់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍។ លោកនឹងប្រឹងប្រែងយល់ដឹងឱ្យបានច្រើនក្នុងពេលដែលលោកស្នាក់នៅកម្ពុជា។ ចំណែកយុវជនខ្មែរខ្លះឱ្យដឹងថា ពួកគេនឹងណែនាំមិត្តបរទេសថ្មីៗទាំងនេះឱ្យយល់ច្បាស់ពីខ្មែរទាំងឥរិយាបថ ប្រពៃណី និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
កញ្ញា ទេព សុធី ជាយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្ត ១រូប មានប្រសាសន៍ថា រូបនាងនិងមិត្តភ័ក្ដិខ្លះទៀតបានចាប់ផ្ដើមបង្រៀនយុវជនបរទេសដែលមានជាតិសាសន៍ផ្សេងៗគ្នាទាំងនោះតាំងតែពីដំបូង នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា ភ្លាម។ នាងបញ្ជាក់ថា អ្វីដែលរូបនាងបានណែនាំឱ្យក្រុមយុវជនបរទេសស្គាល់មុនគេ គឺក្រមាខ្មែរ ដោយនាងបានជូនពួកគេទុកជាវត្ថុអនុស្សាវរីយ៍ ព្រមទាំងបង្រៀនឱ្យចេះសំពះតាមបែបប្រពៃណីខ្មែរផង។
កញ្ញា ទេព សុធី មានប្រសាសន៍ទៀតថា រយៈពេល ២ថ្ងៃមកនេះ យុវជនបរទេសទាំងនោះបានចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំង ព្រមទាំងកត់ត្រាទុកនូវចំណុចសំខាន់នានា ពាក់ព័ន្ធនឹងខ្មែរ ហើយនាងមានគម្រោងនឹងបង្រៀនពួកគេឱ្យយល់ដឹងពីសម្ភារៈប្រើប្រាស់របស់ខ្មែរជាច្រើនទៀត៖ «លើកនេះយើងមិនឱ្យគាត់ស្នាក់នៅក្នុងសណ្ឋាគារទេ គឺមកស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់អាជ្ញាធរអប្សរា ហើយនៅក្នុងបន្ទប់១ គឺមានយុវជនបរទេសម្នាក់ និងខ្មែរម្នាក់។ យើងបានរៀបចំឱ្យពួកគាត់ទៅភូមិរុនតាឯក ឃើញអេកូទេសចរណ៍»។
មន្ត្រីអាជ្ញាធរអប្សរាបានបង្ហាញមោទនភាពថា ជាកិត្តិយសរបស់កម្ពុជា បំផុត ដែលអង្គការយូណេស្កូ បានរើសយកតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌសម្រាប់ធ្វើជាកន្លែងឱ្យក្រុមយុវជនបេតិកភណ្ឌពិភពលោកស្ម័គ្រចិត្តបានមកសិក្សាស្វែងយល់ក្នុងឆ្នាំ២០១៦ នេះ ពីព្រោះតែបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា កំពុងតែដើរលើផ្លូវការពារសម្បត្តិបេតិកភណ្ឌមួយក្រោមពាក្យស្លោកថា អភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
