យុវជន​ខេត្ត​ស្វាយរៀង​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​លេង​ល្បែង​ប្រជាប្រិយ

0:00 / 0:00

យុវជន​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​លេង​ល្បែង​ប្រជាប្រិយ​ទេ ពួក​គេ​តែង​តែ​ជួប​ជុំ​គ្នា​ជា​ក្រុមៗ​ផឹក​ស៊ី និង​រាំ​ធុងបាស​ជាដើម។ ចំណែក​ចាស់​ព្រឹទ្ធាចារ្យ​លើក​ឡើង​ថា ប្រសិន​បើ​យុវជន​បោះបង់​ការ​លេង​ល្បែង​ប្រជាប្រិយ នោះ​វប្បធម៌​ប្រពៃណី​ជាតិ​នឹង​អាច​បាត់បង់​បន្តិច​ម្តងៗ។

តំណាង​ចាស់​ទុំ អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់​ជួយ​អភិរក្ស​ល្បែង​ប្រជាប្រិយ តាម​រយៈ​ការ​ចូលរួម​លេង​ទាំងអស់​គ្នា ដើម្បី​រក្សា​ប្រពៃណី​ជាតិ​ខ្មែរ។

ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​ឈាន​ចូល​មក​ដល់​ថ្ងៃ​ទី​២ នេះ យុវជន​ខេត្ត​ស្វាយរៀង ភាគ​ច្រើន​ធ្វើ​ការ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដូចជា​រាជធានី​ភ្នំពេញ និង​នៅ​បរទេស​ជាដើម បាន​ធ្វើ​ដំណើរ​មក​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់ញាតិ មិត្តភក្ដិ ប៉ុន្តែ​អ្វី​ដែល​ជា​ក្តី​បារម្ភ​សម្រាប់​ចាស់​ទុំ ព្រម​ទាំង​ព្រះសង្ឃ​ផង​នោះ គឺ​យុវជន​ស្ទើរ​តែ ៨០​ភាគរយ​ហើយ​មិន​លេង​ល្បែង​ប្រជាប្រិយ​ទេ។

ព្រះចៅ​អធិការ​វត្ត​ព្រៃម្នាស់ នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ព្រះនាម ចឹក សង មាន​ថេរ​ដីកា​ថា នៅ​វត្ត​ព្រៃម្នាស់ ព្រះអង្គ​គង់​នៅ​បាន​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ មាន​ដូចជា វាយ​ក្អម ទាញព្រ័ត្រ រៀបចំ​កីឡា​បាល់​ទះ និង​បឺត​ទឹក​ដាក់​ដប​ជាដើម គោល​បំណង​ដើម្បី​ពង្រឹង​សាមគ្គីភាព បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ត​ថា ព្រះអង្គ​ចង់​ឲ្យ​គ្រប់​ទី​វត្ត​អារាម​ទាំងអស់​ទូទាំង​ប្រទេស និង​ស្ថាប័ន​រដ្ឋ និង​ឯកជន គួរ​ផ្ដួចផ្ដើម​លេង​ល្បែង​ប្រជាប្រិយ។ តួយ៉ាង​បច្ចុប្បន្ន​នេះ ព្រះតេជព្រះគុណ​កត់​សម្គាល់​ថា យុវជន​កំពុង​តែ​ទទួល​យក​វប្បធម៌​បរទេស ហើយ​ភ្លេច​វប្បធម៌​ប្រពៃណី​ដែល​ជា​របស់​ខ្មែរ និង​មិន​ចាប់​អារម្មណ៍​ពី​អត្ថប្រយោជន៍​នៃ​ល្បែង​ប្រជាប្រិយ​ឡើយ។

ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា ការ​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិ​ឲ្យ​បាន​គង់វង្ស គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​យើង​ទាំងអស់​គ្នា ពិសេស​គឺ​យុវជន​តែ​ម្តង​ដែល​ជា​ទំពាំង​ស្នង​ឫស្សី។ លើស​ពី​នេះ​ទៀត ប្រទេស​ជាតិ​អាច​រីក​ចម្រើន​ទៅ​បាន​អាស្រ័យ​លើ​ការ​គិត និង​ការ​ប្រព្រឹត្ត​របស់​យុវជន​ទាំងអស់ ហើយ​ព្រះអង្គ​ក៏​អំពាវនាវ​ឲ្យ​យុវជន​ចាប់​អារម្មណ៍​លេង​ល្បែង​ប្រជាប្រិយ​ទាំងអស់​គ្នា​នៅ​តាម​ទី​វត្ត​អារាម តាម​លំនៅឋាន និង​ទីប្រជុំជន​ជាដើម​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ៖ «ដែល​ជា​ចេះ​ដឹង​ហើយ​មាន​ព្រះសង្ឃ​ជា​អ្នក​ដឹក​នាំ​ឲ្យ​មាន​លេង​ល្បែង​ប្រជាប្រិយ​វិញ​ទេ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​អត់​មាន​លេង​ល្បែង​ដូច​ពី​ដូនតា​យើង​ពី​ដើម​ទេ គឺ​មាន​តែ​ចាក់​ធុងបាស​តែ​ប៉ុណ្ណឹង ហើយ​ល្បែង​ប្រជាប្រិយ​នេះ​ទៀត​កាល​ណា​យើង​លេង​ទៅ​វា​បាន​ភាព​សប្បាយ​រីករាយ ហើយ​មាន​សាមគ្គីភាព ភាតរភាព​សម្គាល់​ថា​ជា​ល្បែង​របស់​ខ្មែរ»

ចំណែក​គណៈកម្មការ​អាចារ្យ​វត្ត​ព្រៃម្នាស់ លោក សូស ខេមរៈ យល់​ថា ការ​ងាក​មក​លេង​ល្បែង​ប្រជាប្រិយ​ទាំងអស់​គ្នា ក៏​អាច​ជៀសវាង​ការ​ជិះ​ម៉ូតូ​ដើរ​លេង​របស់​យុវជន អាច​ងាយ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ និង​អាច​ជៀសវាង​នូវ​ការ​សេព​គ្រឿង​ស្រវឹង​ច្រើន អាច​បង្ក​នូវ​បញ្ហា​វាយ​តប​គ្នា៖ «លេង​សប្បាយ​ដើម្បី​ឲ្យ​ប្អូនៗ​ជំនាន់​ក្រោយ​តូចៗ​ដើម្បី​ឲ្យ​វា​ដឹង​ថា ល្បែង​ប្រពៃណី​មាន​អី​ខ្លះ​ចឹង? ហើយ​ខ្ញុំ​ក៏​ជម្រាប​ដែរ ល្បែង​ប្រពៃណី​មាន​ឈូង ទាញព្រ័ត្រ លាក់​កន្សែង បោះ​អង្គញ់ បូម​ទឹក​ដាក់​ដប ហើយ​បើ​ថា​រាំ​វង់ គឺ​មាន​រាំ​ក្បាច់​សារវ៉ាន់​ឡាំលាវ»

គណៈកម្មការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​នៅ​វត្ត​ព្រៃម្នាស់ លោក ហែម រំចេក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ មេសា ថា វត្ត​ព្រៃម្នាស់ គឺ​ចាប់​ផ្ដើម​លេង​ល្បែង​ប្រជាប្រិយ ៤​ឆ្នាំ​ហើយ គឺ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត បាន​រាយ​អង្គាស​បច្ច័យ​តាម​កម្លាំង​សទ្ធា​រៀងៗ​ខ្លួន។ លោក​បន្ត​ថា ប្រសិន​បើ​ទី​វត្ត​អារាម​ទាំងអស់​ដឹក​នាំ​យុវជន​លេង​ល្បែង​ប្រជាប្រិយ យុវជន​អាច​នឹង​យល់​បន្ថែម​ពី​តម្លៃ​នៃ​វប្បធម៌​ប្រពៃណី​ខ្មែរ។ លោក​ថា មាន​យុវជន​តិចតួច​ណាស់​ដែល​ចាប់​អារម្មណ៍​នឹង​ល្បែង​ប្រជាប្រិយ ហើយ​ការ​អភិរក្ស​ប្រពៃណី​ជាតិ គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​យើង​ទាំងអស់​គ្នា៖ «គណៈកម្មការ​យើង​ខ្ញុំ​ខំ​បង្កើត​នូវ​កម្មវិធី​ល្បែង​ប្រជាប្រិយ​នេះ ដើម្បី​ឲ្យ​ក្មេងៗ​ប្រមូល​ផ្តុំ​គ្នា មក​លេង មិន​ចង់​ឲ្យ​វា​ដើរ​ឆ្ងាយៗ តែ​ដើរ​ឆ្ងាយ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ហើយ»

ចំណែក​យុវនារី​ម្នាក់​រស់នៅ​ភូមិ​វាលយន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង កញ្ញា ផន ពេជ្ររស្មី កត់​សម្គាល់​ថា យុវជន​ភាគ​ច្រើន​តែ​ជួប​ជុំ​គ្នា​ផឹក​ស៊ី និង​ដើរ​រាំ​តាម​ធុងបាស​នៅ​វត្ត​អារាម និង​កន្លែង​មាន​កម្មវិធី​ផ្សេងៗ។ កញ្ញា​សម្ដែង​ក្តី​បារម្ភ​ថា ប្រសិន​បើ​យុវជន​នៅ​ព្រងើយ​កន្តើយ​មិន​លេង​ល្បែង​ប្រជាប្រិយ​ទេ នោះ​អត្តសញ្ញាណ​ជាតិ​ប្រឈម​នឹង​បាត់បង់​បន្តិច​ម្តងៗ ហើយ​ក្មេង​ជំនាន់​ក្រោយ​អាច​មិន​ស្គាល់​ប្រភេទ​ល្បែង​ប្រជាប្រិយ​ខ្មែរ៖ «នៅ​ឥឡូវ​គេ​ស្ងាត់​ណាស់ អត់​មាន​អ្នក​លេង​ចឹង ហើយ​គេ​ធំៗ​អស់​ហើយ​គេ​អត់​លេង​ហ្មង បើ​សិន​ជា​ម្នាក់ៗ​គិត​តែ​ចឹង វប្បធម៌​ប្រពៃណី​ខ្មែរ​អាច​នឹង​បាត់បង់​ទៅ​ថ្ងៃ​ខាង​មុខ»

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​នៅ​ក្រុង​ស្វាយរៀង លោក នង សុខុម ក៏​មាន​ក្ដី​បារម្ភ​ដែរ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រែប្រួល​បន្តិច​ម្តងៗ​ខុស​ប្លែក​ពី​ដើម។ លោក​ថា ចាស់​ទុំ​ពី​ដើម​តែង​តែ​លេង​ល្បែង​ប្រជាប្រិយ​នៅ​មុន​ចូល​ឆ្នាំ​រយៈពេល ១​ខែ ហើយ​ការ​លេង​ល្បែង​ប្រជាប្រិយ​គេ​លេង​នៅ​តាម​ទី​វត្ត​អារាម និង​ទី​សាធារណៈ​ផ្សេងៗ​ជាដើម៖ «ចេះ​តែ​ស្ងាត់​ទៅ មិន​សូវ​ឃើញ​មាន​សប្បាយ​ដូច​ចាស់​ជំនាន់​ខ្ញុំ​ចូល​ចិត្ត​សប្បាយ​ណាស់ ប៉ោត​ឆ្នាំង​វៃ​រាំ​លេង​សប្បាយ​ដល់ៗ ដល់​ឥឡូវ​មិន​សូវ​ដែរ គេ​ឃើញ​តែ​បាស​តែ​អី​ចាក់​រាំ​ចឹង​តាម​ផ្ទះ​ដែរ»

ដោយ​ឡែក​នៅ​ទី​រួម​ខេត្ត​ស្វាយរៀង ចាប់​ផ្ដើម​ស្ងាត់​ប្លែក​ពី​សព្វដង ផ្ទះ​ជាច្រើន​បិទ​ទ្វារ ចំណែក​ហាង​មួយ​ចំនួន​ធំ​ក៏​ត្រូវ​បិទ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។