អ្នកវិភាគ​នយោបាយ​និយាយ​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ទោះ​ជា​កម្ពុជា​ដើរ​តាម​គន្លង​មាគ៌ា​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ក្តី មិន​ត្រឹមត្រូវ​ក្តី លោក គិម សេឌីរ៉ា អ្នក​វិភាគ​នយោបាយ​ឯករាជ​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់​កាសែត​អាមេរិកាំង Christian Science Monitor ថា ប្រជាធិបតេយ្យ​នៅ​អាស៊ី គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លឹមសារ​ទេ ។

គេ​យក​ចិត្ត​ទុកដាក់​នឹង​រឿង​សេដ្ឋកិច្ច​ជា​មុន​សិន គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​អ្វី​ទទួល​មុន​សិន ទើប​គេ​គិត​រឿង​ប្រជាធិបតេយ្យ ។

អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ លីកាដូ មាន​ប្រសាសន៍​ថា លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​តែ​ដូច​គ្នា នៅ​ទីណា​ក៏​ដោយ ព្រោះ​វា​ជា​គោលការណ៍​សកល ។ ស្ថិរភាព​មាន​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ជាង​៤០​% រក​រស់​បាន​ក្រោម ៤.០០០​រៀល ក្នុង​មួយ​ថ្ងៃ ។ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ កាន់តែ​រីក​ធំ​ឡើង​ៗ ហើយ​អ្នក​ធុន​កណ្តាល មាន​តិចតួច​ប៉ុណ្ណោះ ។

សេដ្ឋវិទូ​ជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ​លោក A. Christopher Windsor បាន​សរសេរ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ច័ន្ទ ២៨ កក្កដា ថា បើ​គេ​មើល​កំណើន​សេដ្ឋកិច្ច ១១​% គេ​តែង​គិត​ថា មនុស្ស​ម្នា​រក​ចំណូល​បាន​កើន​លើស​ពេល​មុនៗ ។ ប៉ុន្តែ បើ​គេ​មើល​ទំនិញ​សព្វ​សារពើ​ឡើង​ថ្លៃ ឬ​អតិផរណា ដល់​ទៅ ១៨% គេ​តោង​គិត​ថា អ្នកក្រ​គឺ​កាន់តែ​ក្រ ៕