លោក ឡុង សារិន អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនខាងលើនេះបានមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកនៅខេត្តកោះកុង មានកន្លែងកម្សាន្តនាមាត់សមុទ្រ សណ្ឋាគារ ប្រព័ន្ធគេហដ្ឋាន ហាងទំនិញ ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាស័ម្ពន្ធ ហើយដែលនឹងមាន សំណង់មន្ទីរពេទ្យ សាលារៀន សម្រាប់ប្រជាជននៅទីនោះផងដែរ។
កាសែតភ្នំពេញប៉ុស្តិ៍ទើបបានផ្យាយពីថ្ងៃសុក្រថា ចំពោះការអភិវឌ្ឍថ្មីនេះក្នុងគម្រោងមួយក្នុងចំណោម៤ ស្តីពីការបង្កើតមណ្ឌលពាណិជ្ជកម្មនិងទីកន្លែងស្នាក់នៅគឺស្ថិតលើផ្ទៃដីទំហំ១២៧ហិកតារនៅចម្ងាយ១គីឡូម៉ែត្រពីខាងក្រៅទីរួមខេត្តកោះកុង។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា ការដែលមានសភាពណែនណាន់នៅក្នុងក្រុងភ្នំពេញ និងនៅក្រុងរណបភ្នំពេញនោះ ជំរុញឲ្យមានការអភិវឌ្ឍថ្មីជាបន្ទាប់មកទៀតនៅតាមខេត្តនានា ដែលករណីនោះបង្កនូវឱកាសថ្មីៗដល់ការវិនិយោគនិងផ្តល់ការងារជូនដល់អ្នកស្រុកនៅតំបន់នោះផង៕
