គ្រោះធម្មជាតិខ្យល់កន្ត្រាក់ខ្លាំង បានបោកបក់មកលើខេត្តសៀមរាប ដែលជាបេះដូងទេសចរណ៍របស់កម្ពុជា ២លើកផ្ទួនៗ ក្នុងរយៈពេលមិនដល់ ១ខែផង នៅដើមរដូវវស្សាឆ្នាំ២០១៥។
កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ គ្រោះធម្មជាតិនេះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងទីក្រុងសៀមរាប ស្រុកអង្គរធំ និងបំផ្លាញបង្គោលភ្លើងអគ្គិសនីអស់ជាច្រើន បណ្ដាលឱ្យផ្នែកខ្លះនៃទីក្រុងខ្វះភ្លើងអគ្គិសនីប្រើប្រាស់។
អាជ្ញាធរខេត្តសៀមរាប កំពុងព្រួយបារម្ភជាខ្លាំងទៅលើការប្រែប្រួលអាកាសធាតុ ដែលជាហេតុបង្កឱ្យមានគ្រោះធម្មជាតិលើខេត្តនេះផ្ទួនៗ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសម្បត្តិសាធារណៈជាច្រើនទៀត។
ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីខ្យល់កន្ត្រាក់ខ្លាំងបានបោកបក់លើទឹកដីខេត្តសៀមរាប ម្ដងទៀត ធ្វើឱ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើន ព្រមទាំងគំរាមកំហែងដល់រមណីយដ្ឋាននៃប្រាសាទបុរាណមួយចំនួនផង។
អភិបាលខេត្តសៀមរាប ទទួលបន្ទុកគ្រប់គ្រងកិច្ចការគ្រោះមហន្តរាយ គឺលោក ប៊ុន ថាឫទ្ធិ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី២០ ខែឧសភា ថា កាលពី ២ថ្ងៃមុនខ្យល់កន្ត្រាក់បានបក់បោកខ្លាំងមកលើខេត្តសៀមរាប ម្ដងទៀត។
ខ្យល់កន្ត្រាក់នេះ ក្រៅតែពីបំផ្លាញប៉ាណូផ្សាយពាណិជ្ជកម្ម ១ផ្ទាំងធំ ប្រវែងជិត ៥០ម៉ែត្រ នៅមុខព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដួលរាបដល់ដី ក៏បានធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋក្នុងទីក្រុងសៀមរាប និងស្រុកអង្គរធំ ខូចខាតប្រមាណ ៧០០ខ្នង៖ «យើងគិតថា នេះជាការប្រែប្រួលបរិស្ថាន។ យើងមានកង្វល់ខ្លាំងណាស់ជុំវិញរឿងហ្នឹង ហើយម្យ៉ាងទៀត ឱ្យតែមានខ្យល់ម្ដងៗ ភ័យខ្លាចតែដួលបង្គោលភ្លើង ដាច់ភ្លើង»។
របាយការណ៍ពីស្ថាប័នពាក់ព័ន្ធនានា ឱ្យដឹងថា ខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា កន្លងទៅ បានបំផ្លាញបង្គោលភ្លើងអគ្គិសនីចំនួន ២៣បង្គោល ឱ្យខូចខាត បណ្ដាលឱ្យទីក្រុងសៀមរាប ខ្វះថាមពលអគ្គិសនីប្រមាណ ២០% ផ្គត់ផ្គង់ទៅឱ្យអ្នកប្រើប្រាស់រយៈពេលជាច្រើនម៉ោង។
នៅឯឃុំលាងដៃ ស្រុកអង្គរធំ ខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ៤៩ខ្នងដួលរលំ ផ្ទះ ២២ខ្នងទៀតរងការខូចខាត ព្រមទាំងមនុស្ស ២នាក់ រងរបួសដោយសាររន្ទះបាញ់។ ចំណែកនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ផ្ទះចំនួន ៤៩ខ្នង បានដួលរលំ និងផ្ទះមួយចំនួនទៀតបានប៉ើងដំបូល ព្រមទាំងមនុស្សម្នាក់រងរបួស។
ខ្យល់កន្ត្រាក់មិនត្រឹមតែគំរាមកំហែងដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈប៉ុណ្ណោះទេ វាថែមទាំងបានគំរាមកំហែងទៅលើរមណីយដ្ឋាននៃប្រាសាទបុរាណខ្លះផង។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល អះអាងថា ខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ បានធ្វើឱ្យដើមឈើមួយចំនួនក្នុងបរិវេណប្រាសាទបុរាណដួលរលំ បណ្ដាលឱ្យមែកតូចៗខ្លះ គងលើកំពែងនៃប្រាសាទ ក៏ប៉ុន្តែមិនបានប៉ះពាល់ដល់ប្រាសាទបុរាណទេ៖ «ធ្លាក់មកគឺមែកឈើតូចៗ បានគងលើកំពែង គេហៅថា របង ដូចជានៅវត្តវិហារ៧ល្វែង ហើយក៏មានខ្លះនៅប្រាសាទព្រះខ័ន»។
នេះជាលើកទី២ហើយ ក្នុងរយៈពេលមិនដល់ ១ខែផង គឺខេត្តសៀមរាប បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២លើក នៅដើមរដូវវស្សាឆ្នាំ២០១៥។
កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ ខ្យល់កន្ត្រាក់ធ្លាប់បក់បោកខ្លាំងលើភូមិបឹងដូនប៉ា ក្រុងសៀមរាប ស្រុកជីក្រែង និងស្រុកក្រឡាញ់ បណ្ដាលឲ្យផ្ទះសម្បែងជាង ១៦០ខ្នងរងការប៉ះពាល់ ប្រជាពលរដ្ឋ ២នាក់រងរបួស រថយន្តចំនួន ៣គ្រឿងបានខូចខាត និងបង្គោលអគ្គិសនីចំនួន ២៥ដើមដែលបន្តមកពីខេត្តបន្ទាយមានជ័យ បានដួលរលំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
