កិច្ច​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ផែនការ​ជាតិ​៥​ឆ្នាំ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន

មន្ត្រី​អន្តរក្រសួង​ដែល​ជា​សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ប្រមាណ ៧០​នាក់ ប្រជុំ​ពិនិត្យ​សេចក្ដី​ព្រាង​ផែនការ​ជាតិ ៥​ឆ្នាំ អាណត្តិ​ទី​២ ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន (ឆ្នាំ​២០១១-​២០១៥) ក្នុង​តំបន់​អាស៊ាន។

0:00 / 0:00

ក្នុង​កិច្ច​ប្រជុំ​នោះ មាន​ការ​ពិនិត្យ​របាយការណ៍​លទ្ធផល​ត្រួត​ពិនិត្យ​គ្រឿងញៀន ៩​ខែ ដើម​ឆ្នាំ​២០១២ និង​បាន​លើក​ទិសដៅ​អនុវត្ត​ដល់​ចុង​ឆ្នាំ​២០១២ ដែរ។

មន្ត្រី​មក​ពី​ក្រសួង​នានា​ចំនួន ២២​ក្រសួង និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃ​២៦ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​អនុម័ត​សេចក្ដី​ព្រាង​ផែនការ​ជាតិ ៥​ឆ្នាំ ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ឆ្នាំ​២០១១-​២០១៥។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​ថា ផែនការ​ជាតិ ៥​ឆ្នាំ​នេះ បាន​ធ្វើ​បន្ត​ពី​ផែនការ​ជាតិ ៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០។

ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​២៦ ខែ​កញ្ញា គឺ​ពិនិត្យ​របៀបវារៈ​ចំនួន ២។ ទី​១ ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ផែនការ​ជាតិ ៥​ឆ្នាំ ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន (ឆ្នាំ​២០១១­ ២០១៥)។ ទី​២ ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ៩​ខែ ដើម​ឆ្នាំ​២០១២។ បន្ទាប់​មក​គឺ​ការ​លើក​ទិស​ដៅ​ការងារ​សំរាប់​អនុវត្ត​ដល់​ចុង​ឆ្នាំ​២០១២៖ «ឥឡូវ​យើង ២០១២ ហើយ មាន​ន័យ​ថា ផែនការ​នេះ​បាន​អនុវត្ត​បាន ២​ឆ្នាំ​ហើយ ប៉ុន្តែ​ឯកសារ​មិន​ទាន់​អនុម័ត»

អនុ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក សួន ខឿន ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ផែនការ​ជាតិ ៥​ឆ្នាំ​នេះ នឹង​ចំណាយ​ទឹក​ប្រាក់​ជាង ៤១​លាន​ដុល្លារ សំរាប់​ធ្វើ​ការងារ​ដោយ​ធានា​ពង្រឹង​ដល់​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​គ្រឿង​ញៀន​ក្នុង​តំបន់​អាស៊ាន។

លោក​ថា អាណត្តិ​ទី​១ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​អនុវត្ត​កាល​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០ នៅ​មាន​សល់​ការ​ប្រឈម​ច្រើន​ក្នុង​ការ​អនុវត្ត​ការងារ។

នៅ​ក្នុង​អាណត្តិ​ទី​២ កំពុង​អនុវត្ត​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ នោះ អាជ្ញាធរ​ជាតិ​ផ្ដោត​សំខាន់​លើ​ការ​ជួយ​ព្យាបាល និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​អ្នក​ញៀន​គ្រឿង​ញៀន៖ «ព្រោះ​អាណត្តិ​ទី​២ នៃ​ផែនការ​ជាតិ​នេះ​នៅ​សល់​រយៈពេល​តែ ៣​ឆ្នាំ​ទៀត​ទេ ធ្វើ​ពី ២០១១ ដល់ ២០១៥។ ចំណុច​សំខាន់​ដែល​ឯកឧត្ដម​ឧប បាន​លើក​អម្បាញ់មិញ​នេះ គឺ​ថា ក្នុង​យុទ្ធសាស្ត្រ​ទាំង​៥ របស់​ផែនការ​ជាតិ​ក្នុង​អាណត្តិ​ទី​២​នេះ​យុទ្ធសាស្ត្រ​មួយ ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ឲ្យ​ធ្វើ​ខាង​តែ​បាន​នា​ចុង​ឆ្នាំ​នេះ ហើយ​និង ៣​ឆ្នាំ​ត​ទៅ​មុខ​ទៀត​នោះ គឺ​យុទ្ធសាស្ត្រ ស្ដីពី​ការ​ព្យាបាល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាហរណកម្ម​អ្នក​ញៀន​គ្រឿង​ញៀន»

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថ្លែង​ថា ចំណុច​សំខាន់​ដែល​អង្គ​ប្រជុំ​តម្រូវ​ឲ្យ​អាជ្ញាធរ​ជាតិ​ពង្រឹង​នោះ រួម​មាន​ការ​លើក​កំពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ពី​បញ្ហា​គ្រឿង​ញៀន។ កាត់​ផ្ដាច់​ការ​ហូរ​ចូល​គ្រឿង​ញៀន​ពី​តំបន់​ព្រំដែន​ភាគ​ឦសាន​ប្រទេស​កម្ពុជា។

ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​ការ​ពង្រឹង​ស្ថាប័ន​ច្បាប់​នៅ​ថ្នាក់​ជាតិ។ ការ​ពង្រឹង​ត្រួត​ពិនិត្យ​សារធាតុគីមី​ផ្សំ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។ ការ​រៀបចំ​បន្ថែម​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ផ្អែក​លើ​សហគមន៍​នៅ​តាម​មន្ទីរពេទ្យ​បង្អែក គោល​ដៅ​ជន​ងាយ​រងគ្រោះ និង​តាម​មន្ទីរពេទ្យ​បង្អែក​នៃ​ខេត្ត​តាម​ព្រំដែន។ ចំពោះ​ផែនការ​ជាតិ ៥​ឆ្នាំ នៅ​ពេល​កែ​សម្រួល​រួច ត្រូវ​ស្នើ​សុំ​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល។

នៅ​ខែ​សីហា ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​បាន​ជន​សង្ស័យ​រត់ពន្ធ​គ្រឿង​ញៀន ចំនួន ៦​នាក់ ដែល​ភាគ​ច្រើន​ជា​ស្រី​ថៃ គឺ​រឹប​អូស​បាន​គ្រឿន​ញៀន​សរុប​ជាង ៣០​គីឡូក្រាម ក្នុង​នោះ​មាន​កូកាអ៊ីន (Cocain) ហេរ៉ូអ៊ីន (Heroin) និង​មេតំហ្វេតាមីន (Methamphetamine) ដែល​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

នៅ​មុន​ការ​បង្ក្រាប​នេះ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រត់​ពន្ធ​គ្រឿង​ញៀន​ម្នាក់ និង​រឹប​អូស​បាន​ម្សៅ​សារធាតុ​ផ្សំ​គ្រឿង​ញៀន និង​សម្ភារៈ​ផលិត​គ្រឿង​ញៀន សរុប​ចំនួន​ជាង ៣០​តោន ដឹក​តាម​កប៉ាល់​ចូល​មក​កំពង់ផែ ខេត្ត​ព្រះសីហនុ កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។