លោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានរឹបអូសគ្រឿងញៀនមួយចំនួន និងឃាត់ខ្លួនជនសង្ស័យបានប្រមាណ ១០នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៣នាក់ និងមានឧកញ៉ាម្នាក់ផង។
ប៉ុន្តែលោក ខៀវ សាម៉ន មិនបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យ និងវត្ថុតាងជាថ្នាំញៀនមានប្រភេទអ្វីខ្លះនោះទេ ដោយបញ្ជាក់ថា មន្ត្រីជំនាញកំពុងធ្វើកិច្ចការនេះ៖ «ខ្ញុំក៏មិនទាន់ដឹងចំនួនប៉ុន្មានដែរ កូនចៅខ្ញុំគ្រាន់តែប្រាប់ថា មួយចំនួនក្នុងរង្វង់ ១០នាក់ អ៊ីចឹងឲ្យខ្ញុំថា ប៉ុន្មានក៏មិនអាចថាបានដែរ ព្រោះឥឡូវវាមិនទាន់បានធ្វើតេស មិនទាន់ដឹងថ្លឹងម៉េចផងហ្នឹង។ កូនចៅខ្ញុំមិនទាន់ថ្លឹង គ្រាន់តែបានរបស់មកខ្ចប់ៗ យកមកដល់កន្លែងបានគេវេចខ្ចប់ហើយបានគេធ្វើតេសធ្វើអី»។
តាមសារព័ត៌មានក្នុងស្រុកខ្លះផ្សាយថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ណាមួយថា មានមនុស្សរងរបួស ឬស្លាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។