ក្រសួងពាណិជ្ជកម្មកម្ពុជា ឲ្យដឹងថា គណៈកម្មការអឺរ៉ុប នឹងដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញប្រភេទថ្មី ចំពោះការនាំចេញអង្កររបស់កម្ពុជា ចូលទៅទីផ្សារអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់ដល់អ្នកផលិត ក្រុមហ៊ុននាំចេញទាំងអស់របស់កម្ពុជា និងអាជីវករនាំអង្ករចេញទៅកាន់សហគមន៍អឺរ៉ុប ឲ្យទៅស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញប្រភេទថ្មី សម្រាប់នាំចេញចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ តាមប្រព័ន្ធធម្មតា (Manual)។
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញថា ក្នុងឆ្នាំ២០១៥ កម្ពុជា បាននាំចេញអង្ករចំនួនជាង ៥៣ម៉ឺនតោន (៥៣៨.៣៩៦តោន) ក្នុងនោះទីផ្សារអង្ករក្រអូបកម្ពុជា បាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប ប្រមាណ ៥០%។
ជាងនេះទៀត សហភាពអឺរ៉ុប មិនត្រឹមតែជួយជាជំនួយថវិកា ធនធាន និងបច្ចេកទេសដល់កម្ពុជា ប៉ុណ្ណោះទេ គឺថែមទាំងអនុគ្រោះរបាំងពន្ធគយតាមរយៈគោលនយោបាយរបស់អឺរ៉ុប ស្ដីពីការនាំចូលគ្រប់ទំនិញ លើកលែងតែអាវុធសម្រាប់ប្រទេសក្រីក្រ។ នៅក្រោមគោលនយោបាយនេះ កម្ពុជា អាចនាំចេញអង្ករទៅអឺរ៉ុប ដោយមិនជាប់ពន្ធគយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
