សហភាព​អឺរ៉ុប​ថា កម្ពុជា​អាច​ឃុបឃិត​ជាមួយ​កូរ៉េខាងជើង​ដើម្បី​បញ្ចៀស​រាល់​ទណ្ឌកម្ម

ដោយ អាស៊ីសេរី
2017.10.17
ប្រាក់ សុខុន ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ថ្លែង​នៅ​ឯ​ក្រសួង​ការបរទេស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA
Photo: RFA

សហភាព​អឺរ៉ុប​ថា ប្រទេស​កម្ពុជា​អាច​ឃុបឃិត​ជាមួយ​របប​ក្រុង​ព្យុងយ៉ាង (Pyongyang) របស់​លោក គឹម ជុនអ៊ុន (Kim Jong-un) នៃ​ប្រទេស​កូរ៉េខាងជើង ដើម្បី​បញ្ចៀស​រាល់​ការ​ទណ្ឌកម្ម​ចុងក្រោយ ពី​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង។

រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប គ្រោង​បញ្ជា​ឲ្យ​មន្ត្រី​ស្ថានទូត​របស់​ខ្លួន ចេញ​សេចក្ដី​ព្រមាន​ជា​ផ្លូវការ​មួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​នេះ​អនុវត្ត​តាម​វិធានការណ៍​នៃ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង។

ព័ត៌មាន​អំពី​ការ​ព្រមាន​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​នានា​ក្នុង​សហភាព​អឺរ៉ុប កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ឡុចហ្សំបួរ (Luxembourg) នៃ​ប្រទេស​ប៊ែលហ្សិក (Belgium) ដើម្បី​ដាក់ទណ្ឌកម្ម​ជា​កញ្ចប់​ថ្មី​មួយ ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង ឆ្លើយ​តប​នឹង​កម្មវិធី​នុយក្លេអ៊ែរ និង​អាវុធ​ប្រល័យ​លោក​របស់​ប្រទេស​នេះ។

ការ​ដាក់​ទណ្ឌកម្ម​ជា​កញ្ចប់​ថ្មី​នេះ​រួមមាន ការ​ដាក់​បម្រាម​ទាំងស្រុង​មិន​ឲ្យ​មានការ​វិនិយោគ​នៅ​ប្រទេស​កូរ៉េខាងជើង និង​មិន​ឲ្យ​មានការ​នាំចេញ​ប្រេង​ពី​សហភាព​អឺរ៉ុប​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង។ ទណ្ឌកម្ម​ថ្មី​នេះ ក៏​រួមបញ្ចូល​នូវ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុម​មន្ត្រី​នៃ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង និង​ក្រសួង​ការពារជាតិ ដែល​មាននៅ​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​ថា វិធានការណ៍​ថ្មី​នេះ ធ្វើឡើង​ដោយសារតែ​របប​លោក គឹម ជុនអ៊ុន កំពុង​តែ​បន្ត​ការ​គំរាមកំហែង​យ៉ាង​គឃ្លើន​ដល់​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ។ កាល​ពី​ដើម​ខែ​កញ្ញា​នេះ ប្រទេស​កូរ៉េខាងជើង បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦ ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​អន្តរជាតិ។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ជុំវិញ​បញ្ហា​នេះ តែ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នកទទួល។

មិនមែន​មានតែ​ប្រទេស​កម្ពុជា​មួយ​ទេ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្រមាន​យ៉ាង​ដូច្នេះ ក្នុង​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Congo) និង​ប្រទេស​អេរីត្រេ (Eritrea) ក៏​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​សហភាព​អឺរ៉ុប សង្ស័យ​ថា អាច​បង្ក​ហានិភ័យ​ក្នុង​ការ​បញ្ចៀស​នូវ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ មិន​ឲ្យ​អនុវត្ត​បាន​ជោគជ័យ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។