កសិករ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​តម្លៃ​ជ្រូក​រស់​ចុះ​ថោក​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

0:00 / 0:00

កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ ត្អូញត្អែរ​ពី​តម្លៃ​ជ្រូក​ចុះ​ថោក​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ។ កសិករ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ដ​លក់​ជ្រូក​ទាំង​បាន​តម្លៃ​ថោក ដើម្បី​យក​ប្រាក់​ចាត់ចែង​ក្នុង​ឱកាស​បុណ្យ​ទាន​ផង និង​ដោះ​បំពុល​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ដើម​ទុន​ចិញ្ចឹម​ជ្រូក​ផង។ បញ្ហា​នេះ កសិករ​ស្ដីបន្ទោស​ឈ្មួញ​កណ្ដាល​ផង និង​រដ្ឋាភិបាល​ដែល​បើក​ឲ្យ​នាំ​ចូល​ជ្រូក​ច្រើន​ពី​ក្រៅ​ប្រទេស​ផង។

ក្រៅ​ពី​តម្លៃ​ស្រូវ និង​ផល​ដំណាំ​មួយ​ចំនួន​ចុះ​ថោក​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កសិករ​ចិញ្ចឹម​ជ្រូក​ក៏​ខក​ចិត្ត​នឹង​រឿង​លក់​ជ្រូក​បាន​ថោក​ដែរ​ក្នុង​រដូវ​កាន់​បិណ្ឌ​នេះ។ កសិករ​សង្ស័យ​ថា ឈ្មួញ​កណ្ដាល​ជា​អ្នក​ក្រឡុក​តម្លៃ ដោយ​កាល​ពី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​កន្លង​ទៅ ពួក​គាត់​លក់​ជ្រូក​រស់​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៨.៥០០​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​លក់​បាន​តែ ៧.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

កសិករ​ម្នាក់​នៅ​សង្កាត់​ស្វាយអាត់ ក្រុង​ពោធិ៍សាត់ លោកស្រី លី សារិទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ថា រូប​គាត់ និង​កសិករ​ជាច្រើន​គ្រួសារ​ទៀត​ដែល​ចិញ្ចឹម​ជ្រូក សង្ឃឹម​ថា​លក់​បាន​ចំណេញ​ប្រាក់​ខ្លះ ព្រោះ​នៅ​រដូវ​បុណ្យ​ភ្ជុំ​ចំណាំ​តែ​លក់​បាន​ថ្លៃ តែ​បែរ​ជា​ជ្រូក​មិន​សូវ​មាន​តម្លៃ​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​កសិករ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល និង​លែង​ចង់​ចិញ្ចឹម​ជ្រូក​បន្ត​ទៅ​ទៀត៖ « កាល​មុន ជ្រូក​ លក់​បាន ៨៥ ទៅ ៩០​អី ( . ៥០០​ រៀល​ទៅ . ០០០​រៀល ) តែ​ឥឡូវ​ជ្រូក​ចុះ​ថោក ហើយ​សូម្បី​ឈ្មួញ​ដែល​ថា​ទិញ​យល់ព្រម​ក្នុង​តម្លៃ​ប៉ុណ្ណឹង​ហើយ មក​យក​ហ្នឹង​ គាត់​ថា​អត់​ មក​វិញ ទេ »

បើ​ទោះ​បី​ជា​តម្លៃ​ជ្រូក​រស់​របស់​កសិករ​នៅ​ខេត្ត​ពោធិ៍សាត់ ថោក ប៉ុន្តែ​សាច់​ជ្រូក​លក់​នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​មាន​តម្លៃ​ថ្លៃ គឺ​ចន្លោះ​ពី ១៤.០០០​រៀល​ទៅ ១៦.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ទាក់ទង​បញ្ហា​នេះ ឈ្មួញ​ទិញ​ជ្រូក​កាប់​សាច់​សម្រាប់​លក់​ពី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បដិសេធ​ថា​ឈ្មួញ​កណ្ដាល​មិន​បាន​បង្អាប់​តម្លៃ​ជ្រូក​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ​បរិមាណ​សាច់​ជ្រូក​មាន​ច្រើន​ស្ទើរ​លើស​តម្រូវ​ការ ព្រោះ​ជ្រូក​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ផង ជ្រូក​កាប់​សាច់​លក់​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន ស៊ីភី (CP) ផង ហើយ​គាប់​ជួន​កសិករ​ខ្មែរ​ច្រើន​លក់​ជ្រូក​ក្នុង​រដូវ​បុណ្យ​ទាន​ធំៗ​ទៀត៖ « ជា​ រៀង​រាល់​ឆ្នាំ ពេល​ភ្ជុំ​អត់​ ឡើង​ថ្លៃ ​ទេ ដោយសារ​កសិករ ​ម្នាក់​ចាំ​លក់​ពេល​ភ្ជុំ ពីរ​នាក់​ចាំ​លក់​ភ្ជុំ​អ៊ីចឹង​ទៅ​ណា​បង ដល់​ពេល​ដល់​ថ្ងៃ​ភ្ជុំ​អ៊ីចឹង យើង​កាប់​លក់​អត់​ទាន់ »

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។

អភិបាល​រង​ខេត្ត​ទទួល​បន្ទុក​វិស័យ​កសិកម្ម លោក ខូយ រីដា ថ្លែង​ថា នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ពុំ​មាន​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​នោះ​ទេ មាន​តែ​កសិករ​ចិញ្ចឹម​ក្នុង ១​គ្រួសារ​ប្រមាណ​បួន ឬ​ប្រាំ​ក្បាល​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា របប​ទីផ្សារ​សេរី​លំបាក​នឹង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក ឬ​បង្កើន​តម្លៃ​ជ្រូក​ក្នុង​ស្រុក ប៉ុន្តែ​កន្លង​ទៅ លោក​មិន​ដែល​ឮ​ការ​ត្អូញត្អែរ​របស់​កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​ពោធិ៍សាត់ ឡើយ៖ « ហើយ​គ្រួសារ​ខ្លះ​ចិញ្ចឹម​ពីរ​បី​ ក្បាល​ទៅ ​បួន​ប្រាំ​ក្បាល ហើយ​សព្វថ្ងៃ​ចំណុច​ ដែល​យើង ​ផ្ដោត​បំផុត​ហ្នឹង គឺ​ខាង​ បច្ចេកទេស​បសុព្យាបាល ​ដែល​យើង​កំពុង​ចុះ​ពិនិត្យ​ទាំង​ គោ ក្របី ជ្រូក មាន់ ទា តែ​ដល់​អា​រឿង​តម្លៃ​ទីផ្សារ​ហ្នឹង​យើង​មិន​ទាន់​មាន​ថា​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ »

ប្រជា​កសិករ​នៅ​ខេត្ត​ពោធិ៍សាត់ តែងតែ​ចិញ្ចឹម​ជ្រូក​មេ​បង្កើត​កូន​លក់ ឬ​ចិញ្ចឹម​ជ្រូក​សាច់​សម្រាប់​លក់។ ដើម​ទុន​ស្ទើរ​ទាំងស្រុង ត្រូវ​ខ្ចី​បុល​ធនាគារ ឬ​ត្រូវ​បណ្ដាក់​ចំណី​គេ​ឲ្យ​ជ្រូក​ស៊ី​សិន ទម្រាំ​លក់​បាន​លុយ​សង​គេ​វិញ។ កសិករ​ចិញ្ចឹម​ជ្រូក​ខ្លះ​អះអាង​ថា កន្លង​ទៅ រដ្ឋាភិបាល​មិន​ឲ្យ​នាំ​ជ្រូក​ចូល​ច្រើន​គំហុក​ដូច​បច្ចុប្បន្ន ទីផ្សារ​ជ្រូក​របស់​កសិករ​ខ្មែរ​លក់​បាន​ថ្លៃ​គួរសម​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។