សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាសមាជិកសម្ព័ន្ធចលនាកសិករអាស៊ី (APC) ដែលមានសមាជិកប្រមាណជិត ២ម៉ឺននាក់នៅខេត្តចំនួន៨ ចាប់ផ្ដើមធ្វើយុទ្ធនាការរួមគ្នាឈ្មោះថា «គ្មានដី គ្មានទីផ្សារ និងគ្មានជីវិត» ពីខែវិច្ឆិកា នេះតទៅ ដើម្បីស្នើសុំរដ្ឋាភិបាលដោះស្រាយវិបត្តិទីផ្សារលក់កសិផលកសិកម្ម។
សម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថា រដ្ឋាភិបាលនៅតែបរាជ័យស្វែងរកទីផ្សារលក់កសិផលជូនកសិករកម្ពុជា។ ជាងនេះទៀត ដោយសារខ្វះអន្តរាគមន៍ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានធ្វើឲ្យកសិករខ្លះក្លាយជាកូនបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រោះចំណូលដែលបានមកពីវិស័យកសិកម្មមិនអាចទូទាត់ជាមួយថ្លៃដើមផលិត។
តំណាងសហគមន៍ខេត្តត្បូងឃ្មុំ លោក ផុន សុផល មានប្រសាសន៍ថា បញ្ហាទីផ្សារលក់កសិផលកសិកម្មនៅកម្ពុជា ពិសេសខេត្តទាំង៨ ដែលរៀបចំយុទ្ធនាការនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយកសិករមួយចំនួនបានបោះបង់ការងារកសិកម្ម ងាកចំណាកស្រុកទៅក្រៅប្រទេស ដោយសារតែមិនមានកិច្ចអន្តរាគមន៍ទីផ្សារបានទាន់ពេល។
ហេតុនេះ លោកថាយុទ្ធនាការរបស់កសិករស្ដីពី «គ្មានដី គ្មានទីផ្សារ គ្មានជីវិត» នឹងចាប់ផ្តើមពីខែវិច្ឆិកា តទៅ ដោយមិនកំណត់រយៈពេល រហូតទទួលបានកិច្ចអន្តរាគមន៍ជុំវិញបញ្ហាជាប់គាំងទីផ្សារកសិកម្មពីរដ្ឋាភិបាលជូនកសិករ៖«ចង់ឲ្យរាជរដ្ឋាភិបាលរកទីផ្សារឲ្យច្រើន ដើម្បីឲ្យសហគមន៍ ឲ្យកសិករហ្នឹង មានជម្រើសក្នុងការលក់ដូរ ឬក៏រាជរដ្ឋាភិបាលត្រូវបង្កើតកញ្ចប់ថវិកាមួយទិញផលដែលពលរដ្ឋធ្វើបាន»។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ទៀតថា បើទោះជារដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម មានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ពិសេសគោលនយោបាយថ្មីៗជាច្រើនដើម្បីអភិវឌ្ឍកសិកម្ម និងរកទីផ្សារជូនកសិករក្តី ប៉ុន្តែនៅតែមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកបន្តថា សកម្មភាពយុទ្ធនាការនេះ យើងផ្ដោតលើការចុះសិក្សាស្រាវជ្រាវពីបញ្ហាទីផ្សាររបស់សហគមន៍ និងការហែក្បួននៅតាមបណ្ដាខេត្តទាំង៨ ដើម្បីជំរុញឲ្យរដ្ឋាភិបាល ពិសេសរដ្ឋសភាពិចារណារៀបចំថវិកាជាតិជួយទិញផលិតផលកសិកម្មរបស់កសិករ៖ «ដើម្បីប្រមូលបញ្ហាទាំងអស់ហ្នឹង ចងក្រងជារបាយការណ៍មួយរួមដាក់មកជូនរដ្ឋសភាជាតិ និងរដ្ឋាភិបាល ហើយស្ថាប័នរដ្ឋាភិបាល យើងជ្រើសរើសក្រសួងកសិកម្ម និងក្រសួងដែនដី»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឡោ រស្មី និងកញ្ញា សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ចំពោះយុទ្ធនាការរបស់សង្គមស៊ីវិល និងបណ្ដាញកសិករបាននៅឡើយនៅថ្ងៃទី២៤ ខែវិច្ឆិកា។
ទាក់ទិននឹងបញ្ហាទីផ្សារនេះ ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅស្រុកលំផាត់ ខេត្តរតនគិរី នាថ្ងៃទី២១ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ ត្រូវតែរក្សាស្រូវដែលច្រូតកាត់ថ្មីៗទុកមួយរយៈពេលសិន និងរង់ចាំពេលណាមួយដែលស្រូវអង្ករឡើងថ្លៃ ចាំលក់។
លោក ហ៊ុន សែន ទទួលស្គាល់ពីបញ្ហាវិបត្តិទីផ្សារ ប៉ុន្តែលោកថាបញ្ហាទីផ្សារលក់កសិផលកសិកម្ម ពិសេសស្រូវធ្លាក់ថ្លៃនៅលើទីផ្សារនៅពេលនេះ មិនមែនមានតែនៅកម្ពុជា ទេ លោកថាសូម្បីប្រទេសនៅក្នុងតំបន់ និងពិភពលោក ក៏ជួបប្រទះបញ្ហាដូចគ្នានេះដែរ។ លោកក៏អំពាវនាវឲ្យធនាគារ មីក្រូហិរញ្ញវត្ថុ គួរយោគយល់ដល់កសិករផង មិនត្រូវប្រញាប់ទារលុយពីពួកគាត់លឿនពេកទេ បើសិនជាពួកគាត់មិនអាចលក់ស្រូវបានតម្លៃថ្លៃ និងមិនបានលុយយកទៅសងទាន់ពេលវេលានោះ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏សុំការយោគយល់ពីប្រជាពលរដ្ឋ ពិសេសកសិករចំពោះរដ្ឋាភិបាលពីដំណោះស្រាយបញ្ហាទីផ្សារកសិកម្មនេះ។
ទោះបីជាយ៉ាងណា សេចក្តីជូនដំណឹងរបស់បណ្ដាញកសិករ នៅតែស្នើសុំស្ថាប័នពាក់ព័ន្ធ ពិសេសដល់រាជរដ្ឋាភិបាល និងរដ្ឋសភា ធ្វើការដោះស្រាយបញ្ហាជូនដល់កសិករនូវចំណុចសំខាន់ដូចជា ស្នើរដ្ឋាភិបាល និងរដ្ឋសភាធ្វើការរៀបចំផែនការថវិកាជាតិ ដើម្បីជួយទិញផលិតផលកសិកម្មរបស់កសិករ និងផ្ដល់ជាឥណទានក្នុងមួយឆ្នាំចំនួន ៤០០លានដុល្លារ សម្រាប់កសិករធ្វើការកម្ចីជាទុនប្រកបមុខរបរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
