កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសបញ្ចេញថវិកាប្រមាណ ២៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអន្តរាគមន៍ពាក់ព័ន្ធការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករបច្ចុប្បន្ន ដែលប្រើប្រាស់ដោយធនាគារអភិវឌ្ឍន៍ជនបទ (RDB)។ ទន្ទឹមគ្នានេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ យល់ថា ការទម្លាក់ថវិកា ២៧លានដុល្លាររបស់រដ្ឋាភិបាលដោះស្រាយវិបត្តិតម្លៃស្រូវ មិនទាន់មានប្រសិទ្ធភាព និងជួយស្រោចស្រង់វិស័យស្រូវអង្ករកម្ពុជា នៅឡើយទេ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករយល់ថា ការទម្លាក់ថវិកា ២៧លានដុល្លារអាមេរិករបស់រដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវមិនទាន់មានប្រសិទ្ធភាព ដោយសារតែលក្ខខណ្ឌខ្ចីមានអត្រាការប្រាក់ខ្ពស់ និងការកំណត់តម្លៃទិញស្រូវពីកសិកររបស់ធនាគារអភិវឌ្ឍន៍ជនបទ ខ្ពស់ពេក។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន បានប្រាប់អាស៊ីសេរីថា រហូតមកដល់ពេលនេះ លោកសង្កេតឃើញថា រោងម៉ាស៊ីនកិនស្រូវជាច្រើនលើសលប់នៅស្ទាក់ស្ទើរក្នុងការខ្ចីទុន ២៧លានដុល្លារនេះពីធនាគារអភិវឌ្ឍន៍ជនបទ ដោយសារកត្តាការប្រាក់ និងការកំណត់តម្លៃទិញស្រូវពីកសិករខ្ពស់លើសពីតម្លៃទីផ្សារ ដែលក្នុងតម្លៃមួយគីឡូក្រាមមិនក្រោម ៨៤០រៀល៖ « តម្លៃទីផ្សារគេទិញអង្ករតែ ៧០០រៀលទៅ ៧៣០រៀលទេ តែបើយើងទិញស្រូវរហូតដល់ ៨៤០រៀល ចឹង ១តោនខុសគេ ៣០រៀលហើយហ្នឹង។ ដូច្នេះ តើយើងទៅលក់ឲ្យណា ? ហើយវាអត្រាការប្រាក់ខ្ពស់ទៀត។ ចឹងហើយបានរោងម៉ាស៊ីនកិនស្រូវជាច្រើនហ្នឹង សុខចិត្តប្រើប្រាស់ទុនខ្លួនឯងដើម្បីឲ្យមានសេរីភាព។ ហេតុនេះ ខ្ញុំចង់ឃើញរដ្ឋាភិបាលពិភាក្សាបញ្ហានេះដើម្បីកុំប៉ះពាល់ដល់កសិករ និងរោងម៉ាស៊ីនកិនស្រូវបន្តទៀត »។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្កររូបនេះ ស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ គួរតែពិភាក្សាឡើងវិញលើការប្រើប្រាស់ថវិកា ២៧លានដុល្លារនេះ ដែលសមស្របនឹងលទ្ធភាពរបស់រោងម៉ាស៊ីនកិនស្រូវ។
ទាក់ទិននឹងការប្រើប្រាស់ថវិកា ២៧លានដុល្លារអាមេរិករបស់រដ្ឋាភិបាលនេះដែរ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី ឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងស្នើដល់រដ្ឋាភិបាលបង្កើតគណៈកម្មាធិការឥណទានចម្រុះពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជឯកជន ធនាគារអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្វែងរកយន្តការ និងនីតិវិធីដើម្បីធ្វើឲ្យប្រាកដថា កញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាល នឹងទៅដល់ដៃរបស់ប្រជាកសិករដោយផ្ទាល់ និងប្រើប្រាស់មានប្រសិទ្ធភាព៖ « ចង់បង្កើតគណៈកម្មាធិការនេះ គឺដើម្បីកុំឲ្យបាត់លុយរបស់រដ្ឋាភិបាល និងលុយធ្លាក់ទៅឲ្យដល់ដៃកសិករ នឹងឆ្លើយតបទៅនឹងតម្រូវការរយៈពេលវែង »។
ឆ្លើយតបនឹងការលើកឡើងនេះដែរ សេចក្តីជូនដំណឹងរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឲ្យដឹងថា មានរោងម៉ាស៊ីនភាគច្រើនលើសលប់ កំពុងប្រើប្រាស់ទុនផ្ទាល់ខ្លួនមិនទាន់អស់ក្នុងការទិញស្រូវពីកសិករនៅឡើយ ដែលជាហេតុធ្វើឲ្យកញ្ចប់ថវិកាពិសេស ២៧លានដុល្លាររបស់រដ្ឋាភិបាល ត្រូវបានផ្តល់ឥណទានអស់ត្រឹមតែជាង ៨០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ធនាគារអភិវឌ្ឍន៍ជនបទ ក៏បញ្ជាក់ថា សម្រាប់ការប្រមូលផលស្រូវវស្សានៅក្នុងពេលខាងមុខឆាប់ៗនេះ ធនាគារបានត្រៀមថវិកាដែលជាកញ្ចប់ថវិកាពិសេសរបស់រដ្ឋាភិបាល សម្រាប់ផ្តល់ឥណទានដល់បណ្ដារោងម៉ាស៊ីនទាំងឡាយណាដែលមានតម្រូវការក្នុងអត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ។ ធនាគារអភិវឌ្ឍន៍ជនបទ រំពឹងថា បញ្ហាខាងលើនេះនឹងអាចដោះស្រាយបាន។
កាលពីថ្ងៃទី២៦ ខែកញ្ញា ប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាក់ថវិកាចំនួន ២៧លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមានប្រាក់បម្រុងរបស់រាជរដ្ឋាភិបាលចំនួន ២០លានដុល្លារ និងប្រើប្រាស់ទុនរបស់ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ចំនួន ៧លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវនៅលើទីផ្សារ និងជំរុញការទិញស្រូវនៅក្នុងប្រទេស។
ការប្រកាសបញ្ចេញថវិកា ២៧លានដុល្លារអាមេរិក ដើម្បីជួយទិញស្រូវកសិកររបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងក្រោយមានរបាយការណ៍ជាច្រើនពីកសិផលដែលកសិករផលិតបាន តែគ្មានទីផ្សារលក់ ឬលក់បានក្នុងតម្លៃថោក មិនរួចថ្លៃដើមផលិត រហូតផ្ទុះកំហឹងឈានដល់ធ្វើបាតុកម្មបិទផ្លូវ ដើម្បីសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍។
បញ្ហានេះ ក៏ត្រូវបានកសិករ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (facebook) ជាច្រើន ព្រមទាំងបណ្ដាសារព័ត៌មានបន្តចែកចាយតៗគ្នា និងរិះគន់រដ្ឋាភិបាលថា គ្មានសមត្ថភាពដោះស្រាយវិបត្តិមួយនេះ៕
វីដេអូ៖ ម្ចាស់រោងម៉ាស៊ីនកិនស្រូវថាការដោះស្រាយវិបត្តិតម្លៃស្រូវថោកគ្មានប្រសិទ្ធិភាព
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
