កម្ពុជា​អនុវត្ត​កាតព្វកិច្ច​បាន​ជាង​៤០%​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម WTO

0:00 / 0:00

ប្រទេស​កម្ពុជា បាន​អនុវត្ត​ជាង ៤០% សម្រាប់​បញ្ញត្តិ​ផ្នែក​អេ (A) នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement =TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ហើយ​បញ្ញត្តិ​ផ្នែក​ប៊ី (B) និង​ស៊ី (C) ផ្ដោត​លើ​ការងារ​កំណែ​ទម្រង់​អាទិភាព កម្ពុជា នឹង​ត្រូវ​ជូន​ដំណឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​កៀរគរ​ជំនួយ​បច្ចេកទេស​នា​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ថ្ងៃ​ទី​៤ មេសា នា​រាជធានី​ភ្នំពេញ​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ នឹង​កាត់​បន្ថយ​ចំណាយ​លើ​ពាណិជ្ជកម្ម​សកល​ដែល​ជា​មធ្យម​ប្រហែល ១៤,៣% ក្នុង​នោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​អនុវត្ត​ពេញលេញ​នៃ​កិច្ចព្រមព្រៀង​នេះ ដោយសារ​ប្រទេស​ទាំងនោះ​បាន​ចំណាយ​ខ្ពស់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល៖ « ជាមួយ​នឹង​ភាព​ជោគជ័យ វឌ្ឍនភាព និង​ភាព​ល្អ​ប្រសើរ​ទាំងនេះ វា​មាន​សារសំខាន់​ដែល​កម្ពុជា បន្ត​ពង្រឹង​វិស័យ​ច្បាប់ និង​ក្រម​ខណ្ឌ​គតិយុត្តិ ពិសេស​ទាក់ទង​នឹង​ពាណិជ្ជកម្ម ដើម្បី​ធានា​មិន​ត្រឹម​តែ​ភាព​រឹងមាំ​ផ្នែក​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​យន្តការ​សម្រាប់​អនុវត្ត​រក្សា​បាន​នូវ​តម្លាភាព និង​ភាព​អាច​ទុក​ចិត្ត​បាន ដែល​អនុលោម​ទៅ​តាម​បទដ្ឋាន និង​ស្តង់ដារ​ដែល​មាន​លក្ខណៈ​ជា​អន្តរជាតិ »

កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​មាន​ការ​ផ្តល់​សច្ចាប័ន​ចំនួន ១១២ ឬ​ស្មើ​នឹង ២/៣ នៃ​ចំនួន​សមាជិក ១៦៤​ប្រទេស​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

កិច្ចព្រមព្រៀង​នេះ គឺ​ជា​នីតិវិធី​ថ្មី​ស្ដីពី​ព្រំដែន វិធីសាស្ត្រ និង​កាតព្វកិច្ច​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​សមាជិក អនុវត្ត។ កិច្ចព្រមព្រៀង​នេះ ក៏​ផ្តល់​នូវ​តម្លាភាព​ផ្នែក​ច្បាប់ វិធាន នីតិវិធី និង​សមភាព ក្នុង​ការ​សម្រេច​ចិត្ត​របស់​ភ្នាក់ងារ​តាម​ព្រំដែន សម្រួល​ការ​បំពេញ​បែបបទ​គយ និង​កាត់​បន្ថយ​ឧបសគ្គ​រដ្ឋបាល សម្រាប់​ការ​ដឹក​ទំនិញ​ឆ្លង​កាត់។

កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទី​៨ និង​ជា​សមាជិក​ទី​៦៩ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នៃ​វិសោធនកម្ម​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ការ​ផ្តល់​សច្ចាប័ន​នេះ​ជា​ការ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទាំង​នៅ​ថ្នាក់​តំបន់ និង​ពិភពលោក តាម​រយៈ​ការ​ស្វែងរក​វិធី​ពន្លឿន​ការ​ដឹក​ទំនិញ ការ​បញ្ចេញ​ទំនិញ និង​ការ​សម្រួល​បែបបទ​គយ និង​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement = TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៧។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement = TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៧។ (RFA/San Sel)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) យល់​ថា កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​ផ្តល់​ប្រយោជន៍​ដល់​ភាគី​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​រៀបចំ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ដោយ​សម្លឹង​មើល​ឲ្យ​ឆ្ងាយ។ លោក​ថា វា​នឹង​ជួយ​លុប​បំបាត់​នូវ​ចំណង ឬ​លក្ខខណ្ឌ​ផ្សេងៗ​ទៀត នាំ​ឲ្យ​មាន​ការ​ចល័ត​ផលិតផល​ទំនិញ​ដោយ​សេរី។

លោក​ពន្យល់​ថា រដ្ឋាភិបាល​អាច​យក​ខ្លឹមសារ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​មក​ច្នៃ​បន្ថែម ធ្វើ​ជា​យន្តការ និង​វេទិកា​ជជែក​ពិភាក្សា​ផ្សេងៗ​ទៀត​លើ​ចំណុច​ដែល​មិន​ទាន់​អនុវត្ត​បាន​ប្រសើរ​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល៖ « ដូច្នេះ​ថា​តើ​ហេតុ​អ្វី​យើង​មិន​ប្រើប្រាស់​គោលការណ៍​ផ្សេងៗ​នៅ​ក្នុង​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​នេះ តាម​រយៈ​រឿង​ដែល​កើត​មាន​ឡើង​នេះ ជាពិសេស​ផ្ដោត​ពី​ផលិតផល​មួយ​ទៅ​ផលិតផល​មួយ។ យើង​អាច​ធ្វើ​រឿង​ហ្នឹង​ជា​អាទិភាព​មួយ​ដ៏​ចម្បង​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ប្រសិន​បើ​ប្រទេស​កម្ពុជា សម្រេច​ចិត្ត​ដើរ​នៅ​ក្នុង​ផ្លូវ​នេះ និង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន​ខ្ពស់​ថែម​ទៀត​ពី​លើ​អ្វី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន »

លោក​បញ្ជាក់​ថា បើ​ទោះ​ជា​កម្ពុជា ធ្វើ​ប្រសើរ​ឡើង​ខ្លះ ក៏ប៉ុន្តែ​ការ​រត់​ឯកសារ​នៅ​ជា​បញ្ហា​ស្មុគស្មាញ ត្រូវការ​ចំណាយ​ពេលវេលា​ច្រើន។

ខណៈ​វិស័យ​ក្រុមហ៊ុន​ឯកជន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​កំណើន​សេដ្ឋកិច្ច លោក វីល្លៀម ហៃដ្ត លើក​ឡើង​ថា ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន ពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SMEs) ដោយ​ការ​ជួយ​ផ្តល់​ទុន និង​ការ​ពន្លឿន​ការ​រត់​ឯកសារ។

ចំណុច​នេះ ត្រូវ​បាន​សេដ្ឋវិទូ​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​នៃ យូ.អេស.អាយ.ឌី (USAID) លោក​បណ្ឌិត នីហាល ពីធីហ្គាឡា (Nihal Pitigala) អះអាង​ថា វិស័យ​ឯកជន​ជា​សសរ​ស្ដម្ភ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ។ លោក​មាន​ប្រសាសន៍​ថា វិស័យ​ឯកជន​ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល និង​តាមដាន​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ឲ្យ​មាន​គណនេយ្យ​ភាព និង​ភាព​ទទួល​ខុស​ត្រូវ ហើយ​រដ្ឋាភិបាល​ត្រូវ​ធានា​តម្លាភាព​នៅ​តាម​ព្រំដែន និង​បង្កើន​ការ​លាតត្រដាង​ព័ត៌មាន​ពាណិជ្ជកម្ម​លើ​អ៊ីនធឺណិត៖ « បាទ ! ខ្ញុំ​ចង់​និយាយ​ថា ការ​បង្កើត​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជា​ប្រចាំ​លើ​របៀបវារៈ​ដែល​កំណត់​រួច​ហើយ ហើយ​ជា​មូលដ្ឋាន នេះ​ជា​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​នេះ។ យើង​មាន​កិច្ច​ប្រជុំ​ជា​ប្រចាំ និង​របៀបវារៈ​ច្បាស់លាស់ ដូចជា​យើង​បាន​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​សម្រេច​អ្វី​មួយ ហើយ​អ្វី​ដែល​យើង​បាន​សម្រេច និង​គ្រោង​នឹង​សម្រេច​ឲ្យ​បាន »

លោក​បន្ថែម​ទៀត​ថា ភាគី​រដ្ឋាភិបាល និង​វិស័យ​ឯកជន គួរ​មាន​ការ​ទាក់ទង​គ្នា សម្របសម្រួល​គ្នា និង​ជួប​ពិភាក្សា​គ្នា​ជា​ប្រចាំ។

កម្ពុជា មាន​សក្ដានុពល​ផ្នែក​ធម្មជាតិ​សម្រាប់​វិស័យ​កសិកម្ម ហើយ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​ជួយ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុជា ចរាចរ​ឆ្លង​ព្រំដែន​បាន​កាន់​តែ​ឆ្ងាយ និង​សេរី។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត វីល្លៀម ហៃដ្ត។

ទោះ​បី​ជា​យ៉ាង​ណា លោក វីល្លៀម ហៃដ្ត កត់​សម្គាល់​ថា កម្ពុជា នាំ​ចេញ​ផលិតផល​កសិកម្ម​តិចតួច​មែន​ទែន។ លោក​បាន​ឲ្យ​យោបល់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​គុណភាព និង​អនាម័យ​ផលិតផល ដោយ​ការ​គ្រប់គ្រង​ឲ្យ​បាន​នូវ​ការ​កំណត់​កម្រិត​ជាតិ​គីមី​ក្នុង​បន្លែ​ផ្លែ​ឈើ សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ។

សំណួរ​ថា តើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (TFA) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នឹង​ត្រូវ​ចាប់​ផ្ដើម​ពេល​ណា?

លោក​បណ្ឌិត នីហាល ពីធីហ្គាឡា (Nihal Pitigala) យល់​ថា ការ​អនុវត្ត​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ហើយ​រយៈពេល ២ ទៅ ៣​ឆ្នាំ​វា​ជា​ពេលវេលា​ល្អ។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​ស្ដីពី​ការ​សម្រួល​ពាណិជ្ជកម្ម។ លោក​បណ្ឌិត នីហាល សង្ឃឹម​ថា រដ្ឋាភិបាល​បាន​បង្កើត​ខ្ទង់​ចំណាយ​មួយ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​នេះ។

បន្ថែម​ពី​លើ​នេះ លោក​បណ្ឌិត​យល់​ថា ជំនួយ​ផ្នែក​បច្ចេកទេស អាច​ត្រូវ​ផ្តល់​ដល់​ភាគី​កម្ពុជា ប្រសិន​រដ្ឋាភិបាល​ស្នើសុំ​ម្ចាស់​ជំនួយ និង​ភ្នាក់ងារ​អភិវឌ្ឍន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។