គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញតម្លាភាពព័ត៌មានទាក់ទងនឹងអាជីវកម្មបូមខ្សាច់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីពួកគេទទួលបានទិន្នន័យពាណិជ្ជកម្មមួយដែលបង្ហាញពីភាពខុសគ្នាដាច់ស្រឡះរវាងការនាំចេញខ្សាច់ពីកម្ពុជា ទៅប្រទេសសិង្ហបុរី និងទិន្នន័យដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា ក្នុងរយៈពេល ៨ឆ្នាំ ដែលមានបរិមាណខុសគ្នារហូតដល់ទៅជាង ២៤ដង។
គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ពិនិត្យឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទងនឹងអាជីវកម្មបូមខ្សាច់នៅកម្ពុជា។ នោះគឺជាភាពខុសគ្នានៃតួលេខនាំចេញខ្សាច់ពីកម្ពុជា ទៅសិង្ហបុរី និងតួលេខដែលសិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា។ តាមរយៈតួលេខនេះ គណបក្សប្រឆាំង និងសង្គមស៊ីវិលសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយដ៏ធំក្នុងអាជីវកម្មបូមខ្សាច់ ដែលធ្វើឱ្យកម្ពុជា បាត់បង់ចំណូលរាប់រយលានដុល្លារក្នុងរយៈពេលជិត ១០ឆ្នាំ។
ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិបង្ហាញថា រយៈពេល ៨ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជានាំចេញខ្សាច់ទៅប្រទេសសិង្ហបុរីជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជាវិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨)។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងថា ទិន្នន័យនេះគឺជាតម្រុយមួយដ៏សំខាន់ដែលបង្ហាញពីភាពមិនច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានខ្សាច់របស់រដ្ឋាភិបាល។ លោក សុន ឆ័យ បន្តថា លោកនឹងយកទិន្នន័យនេះទៅពិភាក្សាជាមួយក្រុមអ្នកច្បាប់ និងអ្នកឯកទេស ដើម្បីរកឱ្យឃើញការពិតជុំវិញរឿងនេះ។ បន្ទាប់មកលោកនឹងប្រើប្រាស់យន្តការសភាជាថ្មីទៀត ដើម្បីកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មកឆ្លើយបំភ្លឺ។
លោក សុន ឆ័យ បន្តថា នេះជាកិច្ចការអាទិភាពមួយដែលលោកត្រូវធ្វើ ពីព្រោះវាពាក់ព័ន្ធនឹងអំពើពុករលួយដ៏ធំដែលលោកហៅថា ជាការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់មន្ត្រីខិលខូច ដើម្បីលួចប្លន់ទ្រព្យសម្បត្តិជាតិ៖ «ចាំមើលរកវិធីយ៉ាងម៉េចទៀត ចាំមើលពិគ្រោះថ្នាក់ដឹកនាំរដ្ឋសភាមើលហៅគាត់ (រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) មក ឬក៏សុំបោះឆ្នោតទម្លាក់។ បើគាត់ឆ្លើយផ្តេសផ្តាសបែបហ្នឹង គួរទុក ឬមិនទុក ឬយ៉ាងម៉េច? ជាគោលការណ៍ កាលណាយើងមានភស្តុតាងដែលយើងចង់បាន គឺភស្តុតាងនៃការប្រព្រឹត្តរបស់គាត់។ អ្នកឯកទេសត្រូវស្រាវជ្រាវថា តើចំណូលដែលបាត់ហ្នឹងវាទៅអ្នកណា? ពេលយើងមានភស្តុតាងគ្រប់គ្រាន់ យើងអាចប្តឹងពីបទពុករលួយ យើងប្ដឹងអំពីការលួចថវិកាជាតិទៀត»។
កាលពីខែមករា ឆ្នាំ២០១៦ លោក សុន ឆ័យ តាមរយៈប្រធានរដ្ឋសភាលោក ហេង សំរិន បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដើម្បីស្នើសុំបង្ហាញឯកសារផ្លូវការទាក់ទងនឹងចំណូលសរុបដែលរដ្ឋទទួលបានពីអាជីវកម្មបូមខ្សាច់។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានផ្ញើលិខិតមួយច្បាប់មករដ្ឋសភាវិញ ដោយបញ្ជាក់ថា ឯកសារ និងទិន្នន័យពាក់ព័ន្ធនឹងការប្រមួលចំណូលពីអាជីវកម្មបូមខ្សាច់ត្រូវបានតម្កល់ទុកនៅអង្គភាព និងស្ថាប័នជំនាញ ដោយធានាបាននូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការប្រមូល និងគ្រប់គ្រងចំណូល តែរដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញឯកសារផ្លូវការណាមួយទាក់ទងនឹងចំណូលទាំងនោះឡើយ។
តំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ ប្រតិកម្មថា ការឆ្លើយតបបែបនេះ មិនអាចទទួលយកបាននោះទេ ពីព្រោះលោកជាតំណាងរាស្ត្រមានសិទ្ធិសួរនាំមន្ត្រីរដ្ឋាភិបាល ទាក់ទងនឹងការប្រមូលចំណូលចូលរដ្ឋ៖ «បើថាវាបានចំណូលថវិកាជាតិជាង ៧០០លាន អាហ្នឹងយើងអត់និយាយទេ។ វាអត់បាន ៧០០លាន វាបានតែ ៥លាន ហើយពួកគាត់លួចអស់ជាង ៦០០លាន នេះជាបញ្ហា។ បើសិនជាការប្រមូលផលខ្សាច់ដើម្បីធ្វើសំណង់ក្នុងស្រុកដោយមានការត្រួតពិនិត្យតាមបច្ចេកទេសត្រឹមត្រូវ អាហ្នឹងជាមូលដ្ឋានមួយដែលពុំអាចទៅធ្វើការរិះគន់បានទេ ប៉ុន្តែវាមិនបានបែបហ្នឹង។ ដូច្នេះសូមឱ្យអស់លោកដែលនិយាយរបៀបហ្នឹង សូមឱ្យគិតឡើងវិញ។ ការនិយាយរបៀបអេតចាយហ្នឹង ប្រជារាស្ត្រខ្មែរលែងទទួលបានទៀតហើយ»។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា មិនធ្វើអត្ថាធិប្បាយអំពីភាពខុសគ្នានៃតួលេខនាំចេញខ្សាច់របស់កម្ពុជា ទៅសិង្ហបុរី និងតួលេខដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា លោកបញ្ជាក់ថា នេះមិនមែនជាទិន្នន័យរបស់ក្រសួង ហើយម្យ៉ាងលោកមិនដឹងពីវិធីសាស្ត្រប្រមូល និងចងក្រងទិន្នន័យទាំងនោះឡើយ។ លោក ឌិត ទីណា បន្តថា ក្រសួងរ៉ែ និងថាមពល មិនមានអ្វីត្រូវលាក់បាំងនោះទេ ពោលគឺក្រសួងបើកចំហសម្រាប់អ្នកចង់ដឹងទិន្នន័យនានា ឱ្យមកស្វែងរកទិន្នន័យទាំងនោះនៅទីស្ដីការក្រសួង៖ «សូមកុំមើលតែមួយចំហៀង បើយើងទៅក្នុងលក្ខណៈជ្រុលនិយម តើចង់រុញទៅក្នុងន័យដែលមិនចង់ឱ្យមានការបូមខ្សាច់សោះ ឬមួយក៏យ៉ាងម៉េច? អាហ្នឹងយើងត្រូវដាក់សញ្ញាសួរ (?) មួយដែរ ហើយក៏យើងត្រូវមើលដែរថា តើអាជីវកម្មបូមខ្សាច់នេះ ផលវិជ្ជមានរបស់វាលើសេដ្ឋកិច្ចនោះ តើមានទំហំប៉ុណ្ណា?»។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលរូបនេះ បញ្ជាក់ថា បរិមាណខ្សាច់ដែលកម្ពុជា នាំចេញទៅក្រៅប្រទេសចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ មានចំនួនជាង ១០លានម៉ែត្រគូប (១០.៦៦៩.២១២,៩៤) ឬស្មើនឹងជាង ១៧លានតោន (១៧.០៧០.៧៤១) តែលោកមិនបានបញ្ជាក់ថា ខ្សាច់ទាំងនោះត្រូវនាំចេញទៅប្រទេសណានោះទេ។ បើតាមលោក ឌិត ទីណា តួលេខនាំខ្សាច់ចេញទៅក្រៅប្រទេសរយៈពេល ៨ឆ្នាំនោះ មិនបានស្មើនឹងខ្សាច់ដែលត្រូវប្រើប្រាស់ក្នុងស្រុកសម្រាប់ឆ្នាំ២០១៥ ផង ដោយពេញមួយឆ្នាំ២០១៥ កម្ពុជាផ្គត់ផ្គង់ខ្សាច់សម្រាប់តម្រូវការក្នុងស្រុកបានប្រមាណជាង ១៧លានម៉ែត្រគូប (១៧.៥០៩.៤៩៦) ឬស្មើនឹងជាង ២៨លានតោន (២៨.០១៥.១៩៤)។ លោក ឌិត ទីណា បញ្ជាក់ថា នៅឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល ប្រមូលចំណូលពីសួយសារ និងអត្ថប្រយោជន៍បន្ថែមបានជិត ៧លានដុល្លារ (៦.៧២៥.៥៣៣)។
ជុំវិញរឿងនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ ជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alexandro Gonzales Davidson) ថ្លែងថា ទិន្នន័យដែលបង្ហាញពីគម្លាតគ្នាដ៏ច្រើននៃបរិមាណ និងទឹកប្រាក់របស់ខ្សាច់ដែលកម្ពុជា នាំចេញទៅសិង្ហបុរី និងដែលសិង្ហបុរី នាំចូលពីកម្ពុជា ស្ដែងឱ្យឃើញពីភាពមិនប្រក្រតីទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មមួយនេះ។
សកម្មជនការពារតំបន់អារ៉ែង ដែលត្រូវបានអាជ្ញាធរក្រុងភ្នំពេញ បណ្ដេញចេញពីកម្ពុជា រូបនេះបន្តថា វាជារឿងមួយដ៏គួរឱ្យសោកស្ដាយសម្រាប់កម្ពុជា ដែលបាត់បង់ទឹកប្រាក់រាប់រយលានដុល្លារពីវិស័យបូមខ្សាច់ ដែលចំណូលទាំងនោះបែរជាធ្លាក់ទៅក្នុងហោប៉ៅក្រុមឈ្មួញ និងមន្ត្រីខិលខូចទៅវិញ៖ «រឿងដែលសំខាន់ជាងគេ គឺយើងត្រូវស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់សកម្មភាពបូមខ្សាច់លក់ទៅក្រៅប្រទេស។ បូមដើម្បីប្រើប្រាស់ក្នុងស្រុកជារឿងល្អ តែបូមបំផ្លាញធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ហើយពោរពេញដោយភាពពុករលួយ ជារឿងមួយដែលត្រូវបញ្ឍប់ជាបន្ទាន់ ព្រោះអាហ្នឹងគេហៅថា ជាឧក្រិដ្ឋកម្មដែលធ្វើឱ្យប្រទេសខ្មែរ គឺខាតទាំងអស់គ្នា»។
រដ្ឋធម្មនុញ្ញមាត្រា ៥៩ ចែងថា រដ្ឋត្រូវរក្សាការពារបរិស្ថាន និងតុល្យភាព នៃភោគទ្រពធម្មជាតិ ហើយត្រូវចាត់ចែងឱ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រងមានជាអាទិ៍ ដីធ្លី ទឹក ខ្យល់ រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម ខ្សាច់ ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ ព្រមទាំងធនធានជលផលជាដើម។
ទាក់ទងនឹងវិស័យបូមខ្សាច់នេះ កាលពីខែសីហា ឆ្នាំ២០១៥ កន្លងទៅ អាជ្ញាធរខេត្តកោះកុង បានចាប់ខ្លួនសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៣នាក់ រួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង។ តុលាការខេត្តកោះកុង បានចោទប្រកាន់យុវជនទាំង ៣នាក់ ពីបទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ ខណៈពួកគេចុះធ្វើការនៅក្នុងសហគមន៍ជាមួយប្រជាពលរដ្ឋក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដើម្បីប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុនឯកជន។
លោក អាឡិច យល់ឃើញថា មូលហេតុសំខាន់មួយដែលនាំឱ្យអាជ្ញាធរចាប់ខ្លួនសមាជិកអង្គការរបស់លោកដាក់ពន្ធនាគារជិតមួយឆ្នាំនោះ គឺដោយសារពួកគេបានធ្វើសកម្មភាពទប់ស្កាត់ការបូមខ្សាច់ខុសច្បាប់នៅខេត្តកោះកុង ដែលធ្វើឱ្យប៉ះពាល់ដល់ជំនួញមានទឹកប្រាក់រាប់រយលានដុល្លាររបស់ក្រុមឈ្មួញទុច្ចរិត៖ «សកម្មជនមាតាធម្មជាតិ សហការជាមួយពលរដ្ឋមូលដ្ឋាន ទាមទារឱ្យគេឈប់បូម (ខ្សាច់) ផង ហើយទាមទារឱ្យក្រុមហ៊ុនបញ្ចេញអាជ្ញាប័ណ្ណ បញ្ចេញឯកសារដែលពាក់ព័ន្ធ និងទាមទារក្រសួងរ៉ែ និងថាមពល មានតម្លាភាពរឿងបូមខ្សាច់។ ប្រតិកម្មរបស់ក្រសួងរ៉ែ និងថាមពល អត់មកការពារប្រយោជន៍របស់ប្រជាជនមូលដ្ឋាន និងប្រទេសជាតិទាំងមូល បែរជាមកការពារប្រយោជន៍របស់អ្នកបូមខ្សាច់ ចាប់យើងដាក់ពន្ធនាគារ។ នេះវាជារឿងមួយអយុត្តិធម៌បំផុត»។

ក្រៅពីកង្វះតម្លាភាពប្រាក់ចំណូល អាជីវកម្មបូមខ្សាច់ក៏កំពុងបង្កបញ្ហាដល់វិស័យសិទ្ធិមនុស្សផងដែរ។
កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយកំណត់ត្រាសង្ខេបមួយស្តីពីផលប៉ះពាល់សិទ្ធិមនុស្សដោយសារការបូមខ្សាច់នៅកម្ពុជា។ កំណត់ត្រានោះបញ្ជាក់ថា ការបូមខ្សាច់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសិទ្ធិមនុស្ស។ ផលប៉ះពាល់ទាំងនោះ រួមមានការបាត់បង់ដីធ្លី តាមរយៈការបាក់ច្រាំងទន្លេ និងការហូរច្រោះខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសិទ្ធិទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ព្រមទាំងការបាត់បង់មុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ ដែលអាស្រ័យផលនឹងធនធានទឹក ដូចជាការនេសាទជាដើម។
លោកស្រី ម៉ូត សុផាត គឺជាពលរដ្ឋមួយរូបនៃសហគមន៍ភូមិកោះស្រឡៅ ក្នុងស្រុកកោះកុង ខេត្តកោះកុង ជាកន្លែងដែលក្រុមហ៊ុនឯកជនមួយចំនួន បានធ្វើសកម្មភាពបូមខ្សាច់អស់រយៈពេលប្រមាណ ១០ឆ្នាំ។ លោកស្រីថ្លែងថា ការបូមខ្សាច់នេះបានផ្ដល់ផលវិបាកជាច្រើនដល់ពលរដ្ឋក្នុងសហគមន៍ដែលប្រកបរបរនេសាទ។ លោកស្រី ម៉ូត សុផាត បន្តថា អាជីវកម្មបូមខ្សាច់នេះ មិនបានផ្ដល់ផលប្រយោជន៍អ្វីឡើយដល់សហគមន៍របស់លោកស្រី ផ្ទុយទៅវិញ មានតែធ្វើឱ្យជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ធ្លាក់ចុះទៅវិញ ពីព្រោះសកម្មភាពបូមខ្សាច់នេះ បានបំផ្លាញជម្រកមច្ឆជាតិដែលជាប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋ៖ «ទីមួយ យើងបារម្ភ យើងនេសាទលែងបាន។ ទីពីរ នៅពេលដែលនេសាទលែងបាន កូនចៅលែងជួបជុំគ្នាត្រូវចំណាកស្រុក។ ឆ្នាំនេះមានចំណាកស្រុកច្រើនហើយ។ សំណូមពរទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាបញ្ឈប់ការបូមខ្សាច់នៅតំបន់នោះទៀត ព្រោះប្រជាពលរដ្ឋយើងអត់ទទួលបានទៀតទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា អភិបាលកិច្ចទន់ខ្សោយ និងអំពើពុករលួយដ៏រ៉ាំរ៉ៃ កំពុងជួយសម្រួលឱ្យមានការបូមខ្សាច់ខុសច្បាប់នៅតាមទន្លេ ច្រាំងទន្លេ និងតំបន់ឆ្នេរនៅទូទាំងប្រទេស។ អង្គការសិទ្ធិមនុស្សមួយនេះ អំពាវនាវដល់រដ្ឋាភិបាលឱ្យដកអាជ្ញាប័ណ្ណបូមខ្សាច់របស់ក្រុមហ៊ុនដែលបានប្រព្រឹត្តខុសលក្ខខណ្ឌ និងពុំទាន់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន បង្ហាញតម្លាភាព និងគណនេយ្យភាពព័ត៌មានចំពោះការបូមខ្សាច់ ដោយបង្ហាញឈ្មោះក្រុមហ៊ុនដែលកំពុងកាន់កាប់អាជ្ញាប័ណ្ណមានសុពលភាព និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាពិសេស បញ្ឈប់ការគំរាមកំហែងសកម្មជនបរិស្ថាន និងចាត់វិធានការការពារសិទ្ធិរបស់ពួកគេកុំឱ្យមានការរំលោភបំពានពីក្រុមហ៊ុនធ្វើអាជីវកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
