កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ក្រោយ​ពេល​ដំណាំ​ដំឡូង​មាន​តម្លៃ​ថោក

0:00 / 0:00

ប្រជាកសិករ​រស់​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ដោយសារ​ដំណាំ​ដំឡូង​មី​របស់​ពួកគាត់​មាន​តម្លៃ​ថោក មិន​អាច​ទូទាត់​ទៅ​នឹង​ការ​ចំណាយ​បាន។ តម្លៃ​ដំឡូង​មី​ចុះ​ថោក​ពេល​នេះ កសិករ​ត្រូវ​ប្រឈម​ការ​ខាត​បង់ ព្រមទាំង​ត្រូវ​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទៀត​ផង ពីព្រោះ​មិន​អាច​បង្វិល​ដើម​ទុន​ដោះស្រាយ​បំណុល​បាន។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ថា រដ្ឋ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​លើ​បញ្ហា​នេះ។

​ប្រជា​កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​ដែល​ពួកគាត់​ផលិត​បាន​ពេល​នេះ​ឱ្យ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​ដូច​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ពួកគាត់​លើក​ឡើង​ថា ប្រសិនបើ​តម្លៃ​ដំឡូង​មី​បាន​ខ្ពស់ វា​មិន​ត្រឹមតែ​ជួយ​ប្រជា​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​លើកទឹកចិត្ត​ដល់​ពួកគាត់​ឱ្យ​កាន់តែ​ស្រលាញ់​មុខ​របរ​កសិកម្ម​ថែម​ទៀត។

កសិករ​នៅ​ឃុំ​ជាំក្រវៀន មួយ​រូប លោក សុន ធៀប មាន​ប្រសាសន៍​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំ​នេះ​គឺ​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។ លោក​ថា ឆ្នាំ​មុន​កសិករ​អាច​លក់​ដំឡូង​មី​ស្រស់​បាន​មួយ​គីឡូក្រាម ៣០០​រៀល ទៅ ៤០០​រៀល ប៉ុន្តែ​ឆ្នាំ​នេះ គឺ​បាន​មួយ​គីឡូក្រាម ១៥០​រៀល ទៅ ១៦០​រៀល ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ដឹក​ជញ្ជូន ៩០​រៀល​ទៀត​ផង។ ចំណែក​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ដូចជា ជី ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត ឬ​បាញ់​ជំនួយ​ដើម ព្រម​ទាំង​ការ​ជួល​ម៉ាស៊ីន​ភ្ជួរ​រាល់ ពូជ​ដំឡូង និង​កម្មករ​ផង គឺ​កាន់​តែ​មាន​តម្លៃ​ខ្ពស់៖ «អត់​មាន​អារម្មណ៍​ម៉េច​ទេ! អត់​មាន​អារម្មណ៍​ធ្វើ​ដំឡូង​ទៀត ពីព្រោះ​វា​អស់​សង្ឃឹម​ហើយ»

​ឃុំ​ជាំ​ក្រវៀន មាន​ប្រជាពលរដ្ឋ​ជិត ៣​ពាន់​គ្រួសារ ដែល​ស្មើ​ជាង ១​ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​ប្រកប​មុខ​របរ​ដាំ​ដំឡូង​នៅ​ពេល​បច្ចុប្បន្ន​មាន​ប្រមាណ ៧០​ភាគរយ។

​ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី សុខ ជឿន ឱ្យ​ដឹង​ថា អ្នកស្រី​មាន​ផ្ទៃ​ដី ៨​ហិកតារ ដើម្បី​ដាំ​ដំឡូង ដោយ​សង្ឃឹម​ថា នឹង​មាន​តម្លៃ​ខ្ពស់​គ្រាន់​ដោះស្រាយ​ជីវភាព​រស់​នៅ។ ក្ដី​សង្ឃឹម​នេះ ប្រែ​ជា​រលាយ ពីព្រោះ​បច្ចុប្បន្ន​តម្លៃ​ដំឡូង​ធ្លាក់​ចុះ​ខ្លាំង រហូត​ធ្វើ​ឱ្យ​កសិករ​ខ្លះ​ទុក​ដំឡូង​ខ្លួន​ចោល​តែម្ដង ដោយសារ​មិន​អាច​ទូទាត់​ការ​ចំណាយ​បាន។ អ្នកស្រី​បន្ត​ថា តាំង​ពី​ចាប់​ផ្ដើម​ដាំ​រហូត​ជិត​ទទួល​ផល គឺ​គាត់​ត្រូវ​ចំណាយ​ដើម​ទុន​ជិត ១០​លាន​រៀល ហើយ​ថវិកា​ទាំង​នេះ​ពួកគាត់​ខ្ចីបុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ។

អ្នកស្រី​ថា នៅ​ពេល​កសិករ​ខ្មែរ​ប្រកប​របរ​កសិកម្ម​ចេះ​តែ​ខាតបង់​បែប​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ចំណាកស្រុក ហើយ​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ ឬ​លក់​ដីធ្លី​របស់​ខ្លួន​ដើម្បី​ដោះ​បំណុល​គេ​ក៏​មាន៖ «មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ប្រជាជន​ដែល​អត់​ស្រែក​ឃ្លាន​ទៅ​ប្រទេស​គេ​ហ្នុង​គេ​មក​វិញ​មិន​ដឹង​មាន​ដី​មាន​ធ្លី​អី​ធ្វើ​ទៀត​លោកគ្រូ។ កាល​ណា​ដំឡូង​នៅ​តែ​ថោក​អ៊ីចឹង​ត្រូវ​លក់​ដី​លក់​អី​ទៅ​សង​អង្គការ​អស់​ទៅ»

ដំណាំ​ដំឡូង​កសិករ​ភាគ​ច្រើន​ចាប់​ផ្តើម​ដាំ​នៅ​ខែ​មីនា ឬ​មេសា ហើយ​ទទួល​ផល​នៅ​ចន្លោះ​ខែ​វិច្ឆិកា ដល់​ខែ​មករា។

​ទីផ្សារ​ដំឡូង​នៅ​ពេល​បច្ចុប្បន្ន​សម្រាប់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ គឺ​ត្រូវ​នាំ​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម ទាំង​ស្រុង។

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​ជាំ​ក្រវៀន លោក ហា ថន មាន​ប្រសាសន៍​ថា នៅ​ពេល​ផលិតផល​ដំឡូង​មី​ចុះ​ថោក គឺ​ពិត​ជា​បណ្ដាល​ឱ្យ​កសិករ​រង​ផល​ប៉ះពាល់​ប្រាកដ​មែន។ លោក​បន្ត​ថា មូលហេតុ​ចុះ​ថោក ពីព្រោះ​កម្ពុជា មិន​មាន​ទីផ្សារ​ទូលំទូលាយ ពោល​គឺ​លក់​ឱ្យ​តែ​ប្រទេស​វៀតណាម មួយ ហើយ​តម្លៃ​ឡើង ឬ​ចុះ អាស្រ័យ​លើ​វៀតណាម ជា​អ្នក​កំណត់​ប៉ុណ្ណោះ៖ «ចង់​ឱ្យ​មាន​អ្នក​បណ្ដាក់​ទុន​ខាង​ពី​ក្រៅ​មក​ទិញ​ដំឡូង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឡើង​ថ្លៃ ព្រោះ​គ្នា​រាល់​ថ្ងៃ​ហ្នឹង​ពិបាក​នឹង​ដើរ​ខ្ចី​លុយ​គេ»

​លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ធ្វើ​របាយការណ៍​ជុំវិញ​ករណី​នេះ​បញ្ជូន​ទៅ​ថ្នាក់​ស្រុក ពីព្រោះ​ខាង​លោក​មិន​មាន​លទ្ធភាព​ណា​មួយ​លើស​ពី​នេះ​ទេ។

តម្លៃ​ផលិតផល​កសិកម្ម​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន រួម​មាន​កៅស៊ូ ត្រឡាច ល្ពៅ ដំឡូង ពោត ស្រូវ ជាដើម​គឺ​កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទីផ្សារ ហើយ​បើ​មាន​ទីផ្សារ​វិញ ប៉ុន្តែ​តម្លៃ​ថោក​មិន​អាច​ទូទាត់​ការ​ចំណាយ​បាន។ បញ្ហា​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​ក្បែរ​ព្រំដែន​បង្ខំ​ចិត្ត​យក​ដី​របស់​ខ្លួន​ទៅ​ជួល​ឱ្យ​ជនជាតិ​វៀតណាម ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ លោក ហាក់ សុខមករា មាន​ប្រសាសន៍​ថា កន្លង​មក​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​កសិកម្ម​ខេត្ត បាន​ជំរុញ​ការ​ដាំដុះ​ដល់​កសិករ ព្រមទាំង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​តម្លៃ​លើ​ទីផ្សារ​ថែម​ទៀត។ ប៉ុន្តែ​លោក​ថា តម្លៃ​ផលិតផល​ខ្លះ គឺ​ប្រែប្រួល​ដោយសារ​ទីផ្សារ​ពិភពលោក​ប្រែប្រួល​ដូច​គ្នា។

ទោះបីជា​យ៉ាង​នេះ​ក្តី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា ហៅ​កាត់​ថា សេដាក (CDAC) លោក សម វិទូ មាន​ប្រសាសន៍​ថា នៅ​ពេល​ណា​ផលិតផល​លើស​ពី​តម្រូវការ គឺ​នាំ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ។ លោក​បន្ត​ថា បញ្ហា​ប្រឈម​របស់​កសិករ​គឺ​ខ្វះ​ព័ត៌មាន​ស្ដីពី​តម្រូវការ​ទីផ្សារ​ជាហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ដាំ​ដំណាំ​តាម​គ្នា ឬ​តាម​ការ​ញាក់​របស់​ឈ្មួញ​កណ្ដាល។ លោក​យល់​ថា ប្រសិនបើ​កសិករ​ខ្មែរ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​បែប​នេះ​ទៀត នឹង​ជំរុញ​ឱ្យ​ពួកគាត់​បោះបង់​មុខរបរ​កសិកម្ម​ចោល​តែម្ដង៖ «យើង​ឃើញ​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ កសិករ​គាត់​ចាប់​ផ្តើម​បោះបង់​បណ្ដើរៗ​ហើយ។ ដោយសារ​អី ដោយសារ​ឧទាហរណ៍​នៅ​ឆ្នាំ​នេះ គាត់​ដាំ​បាន​ថោក​គាត់​ដូរ​ទៅ​ដាំ​ល្ពៅ។ ល្ពៅ​ឆ្នាំ​នេះ​ថោក»

​លោក​បន្ថែម​ទៀត​ថា រាជ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​ចំពោះ​បញ្ហា​ប្រឈម​របស់​កសិករ​ទាំង​នេះ ដូចជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​ឱ្យ​មក​បង្កើត​រោងចក្រ​កែច្នៃ​វត្ថុធាតុ​ដើម​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន។ ជាង​នេះ​ទៀត ត្រូវ​ស្វែងរក​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ ដោយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ចិន ឬ​វៀតណាម តែ​មួយ​ឡើយ ហើយ​ត្រូវ​ផ្ដល់​ព័ត៌មាន​ស្ដីពី​ទីផ្សារ​ដល់​កសិករ​ឱ្យ​បាន​គ្រប់គ្រាន់។ បន្ថែម​ពី​នេះ កសិករ​ត្រូវ​រៀន​ដាំ​ដំណាំ​ចម្រុះ​គ្នា​នៅ​លើ​ផ្ទៃដី​ដែល​ពួកគាត់​មាន​ជៀសវាង​ការ​ដាំ​ដំណាំ​តែមួយ​មុខ​នោះ៕

វីដេអូ៖ កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្បូង​ត្អូញ​ត្អែរ​ពី​ផល​ប៉ះពាល់​ក្រោយពេល​ដំណាំដំឡូង​​មាន​តម្លៃ​ថោក​

កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្បូង​ត្អូញ​ត្អែរ​ពី​ផល​ប៉ះពាល់​ក្រោយពេល​ដំណាំដំឡូង​​មាន​តម្លៃ​ថោក កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្បូង​ត្អូញ​ត្អែរ​ពី​ផល​ប៉ះពាល់​ក្រោយពេល​ដំណាំដំឡូង​​មាន​តម្លៃ​ថោក

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។