សិប្បករផលិតកញ្ជើ ល្អី និងក្រឡោ ជាលក្ខណៈគ្រួសារនៅខេត្តកំពង់ឆ្នាំង ត្អូញត្អែរពីតម្លៃផលិតផលពួកគេមិនសូវមានតម្លៃ និងមានការលើកទឹកចិត្តពីមន្ត្រីជំនាញ នៅគ្រាដែលសិប្បករខ្លះបោះបង់មុខរបរតាំងពីដូនតារបស់ខ្លួននេះចោល ហើយងាកទៅរកប្រាក់ចំណូលតាមវិធីផ្សេងៗវិញម្ដង។
តើសិប្បករផលិតសម្ភារៈប្រើប្រាស់ពីដើមឫស្សីនៅតាមភូមិ នៃខេត្តកំពង់ឆ្នាំង បានជួបការលំបាកអ្វីខ្លះ?
ភូមិដំណាក់កីដែលឋិតនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ភាគខាងត្បូងឆៀងខាងលិចពីទីរួមខេត្តកំពង់ឆ្នាំង មានពលរដ្ឋរស់នៅ ១៧៨គ្រួសារ ក្នុងនោះមានសិប្បករផលិតកញ្ជើ ល្អី ជាង ១០០គ្រួសារ។
អ្នកភូមិដំណាក់កី នៃឃុំជើងគ្រាវ ស្រុករលាប្អៀរ បានចំណាយពេលស្ទើរពេញមួយថ្ងៃលើការផលិតក្រឡោ ល្អី និងកញ្ជើដើម្បីលក់ឲ្យអតិថិជន ឬម៉ូយ នៅមុនរដូវមមាញឹកបង្កបង្កើនផលស្រូវវស្សានៃឆ្នាំនីមួយៗ។
សិប្បករផលិតក្រឡោ និងកញ្ជើម្នាក់ គឺលោកស្រី ខាត សុខខេង មានប្រសាសន៍ថា បច្ចុប្បន្នមុខរបរធ្វើសម្ភារៈប្រើប្រាស់ពីឫស្សីមានការលំបាកទាំងការធ្វើ និងរកទិញដើមឫស្សីមកធ្វើ ប៉ុន្តែលក់បានថោក។ អ្នកភូមិភាគច្រើនពុំមានដើមឫស្សីខ្លួនឯង ហើយត្រូវទិញមកពីក្រៅភូមិ១ដើមថ្លៃចន្លោះពី ៧.០០០រៀល ទៅ ១ម៉ឺនរៀល ហើយក្នុងមួយដើមអាចផលិតកញ្ជើតូចល្មមបានចន្លោះពី២០ ទៅ៣០។
លោកស្រីថា រយៈពេលបីឆ្នាំហើយដែលលោកស្រីជួយត្បាញកញ្ជើម្ដាយក្មេក ក្រោយប្ដីចេញទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃ។ នៅពេលកូនធំបន្តិចគាត់នឹងទៅធ្វើការងាររោងចក្រជំនួសការងារដែលលោកស្រីត្អូញត្អែរថា លំបាក និងចំណាយពេលធ្វើយូរចោល។

លោកស្រីបន្ថែមថា ត្បិតក្រឡោ កញ្ជើដែលអ្នកភូមិធ្វើបានមិនដែលលក់សល់ តែគេមិនអាចរំពឹងលើចំណូលតែមួយមុខនេះទេ៖ «តាំងពីខ្ញុំចូលមកនៅចេះតែជួយគាត់ទៅ។ រកចំណូលបានខ្សោយណាស់អត់ដូចរោងចក្រទេ រោងចក្រស្រួលជាង ព្រោះអានេះត្រូវកាប់ឫស្សីទៅបិតយូរអ៊ីចឹងទៅណា។ អានេះពិបាកធ្វើច្រើនមុខណាស់ ហើយលុយយកមកចាយមួយភ្លែត តែធ្វើឲ្យគេពីរបីខែបានហើយ»។
អ្នកភូមិដំណាក់កី ដែលជាបុរសមានកម្លាំងដៃរឹងស្មាមាំ ត្រូវចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ចំណែកស្រីៗពេញកម្លាំងត្រូវចូលធ្វើការរោងចក្រក្នុងខេត្ត និងខ្លះចេញទៅភ្នំពេញ ព្រោះគេយល់ថា ប្រភពចំណូលពីការងារទាំងនេះសំខាន់ជាងធ្វើកញ្ជើ ឬល្អីនៅផ្ទះ។ ចំពោះមនុស្សចាស់ និងក្មេងមិនទាន់ពេញកម្លាំងធ្វើការមួយចំនួនមានភារៈមើលគោ ក្របី ធ្វើស្រែចម្ការ និងឆ្លៀតត្បាញកញ្ជើ និងល្អី។
ស្ត្រីវ័យ ៦៧ឆ្នាំម្នាក់ កំពុងអង្គុយបិតបន្ទោះឫស្សីផ្ទាល់ដីនៅខាងមុខផ្ទះប្រក់ស័ង្កសីតូចមួយ ក្នុងភូមិដំណាក់កី នៃឃុំជើងគ្រាវ លោកស្រី ទេស យឿន រំលឹកថា មុខរបរធ្វើកញ្ជើ ឬល្អី រូបគាត់ចេះពីឪពុកម្ដាយតាំងពីក្មេង ហើយបន្តធ្វើរហូតដល់បច្ចុប្បន្នអស់រយៈពេលជាង ៥០ឆ្នាំហើយ។
លោកស្រីថា ចំណូលពីការលក់កញ្ជើអាចជួយជីវភាព និងការធ្វើបុណ្យទានរបស់គាត់មួយផ្នែកដែរ៖ «សុខភាពមួយថ្ងៃទៅវិល មួយថ្ងៃរញាក់រញ័រអ៊ីចឹងទៅ។ បើមិនខ្ញុំធ្វើទៅមិនដឹងថា កូនណារកឲ្យ ព្រោះគេរស់នៅបែកអស់ហើយ។ (ជិន ជេដ្ឋា៖ ធ្វើនេះគ្រាប់បានដោះទ័លខ្លះទេ?) ពេលអត់ម្ហូបគ្រាន់ដោះទ័លបានទម្រាំអស់យើងធ្វើបានទៀត។ ក្នុងមួយខែធ្វើកញ្ជើបាន ២០ សរុបលុយបើលក់មួយបាន ២.៥០០រៀល បានប្រាំម៉ឺន»។
មេភូមិដំណាក់កី នៃឃុំជើងគ្រាវ លោក ផាត់ សូន មានប្រសាសន៍ថា បច្ចុប្បន្នសិប្បករផលិតកញ្ជើ ល្អី ឬក្រឡោ បានថយចុះមកនៅត្រឹម ១១០គ្រួសារ ក្នុងចំណោមពលរដ្ឋក្នុងភូមិសរុប ១៧៨គ្រួសារ។ កាលពីដើមអ្នកភូមិស្ទើរគ្រប់គ្នាត្បាញកញ្ជើ ល្អី និងក្រឡោ ដឹកតាមរទេះលក់ ឬដូរស្រូវទៅតាមស្រុកឆ្ងាយៗ តែសព្វថ្ងៃកសិករធ្វើស្រូវបានហូបចុកគ្រប់គ្រាន់ និងរកការងារធ្វើផ្សេងដែលងាយជាងមុខរបរនេះ។
លោក ផាត់ សូន ថាមុខរបរត្បាញកញ្ជើ ល្អី និងក្រឡោបានក្លាយជាមុខរបរបន្ទាប់បន្សំពីការធ្វើស្រែចម្ការជាច្រើនឆ្នាំហើយ ប៉ុន្ដែពលរដ្ឋជាងពាក់កណ្ដាលភូមិនៅប្រកាន់ខ្ជាប់នូវមុខរបរនេះ៖ «កាលពីមុនមកនោះមានខាងធ្វើកញ្ជើល្អី គេមករកទីផ្សារឲ្យ និងកែច្នៃម៉ូដពីអាក្រក់ទៅល្អ គេធ្វើកើតអ៊ីចឹងដែរ ប៉ុន្ដែលទ្ធផលមិនហុចឲ្យបានក៏ទម្លាក់ការងារហ្នឹងចោលរត់ទៅរោងចក្រវិញ ដូចយើងខ្ចីលុយខ្ចីកាក់ទិញដី បានសងគេអីខ្លះ»។
ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង លោក សរ ពិសិដ្ឋ ថ្លែងថា នៅទូទាំងខេត្តមានកន្លែងផលិតកញ្ជើ ល្អី និងក្រឡោពីរកន្លែង គឺ ១កន្លែងឋិតនៅឃុំចក ស្រុកបរិបូរណ៍ និង ១កន្លែងទៀតឋិតនៅឃុំជើងគ្រាវ ស្រុករលាប្អៀរ។ លោកសង្កេតឃើញថា ចំនួនអ្នកផលិតសម្ភារៈប្រើប្រាស់ពីដី និងដើមឫស្សីមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ពិសិដ្ឋ ថាកន្លងទៅខាងការិយាល័យបានស្រង់តួលេខសិប្បករនៅទូទាំងខេត្តមានប្រមាណ ៥០០នាក់ ហើយក្រុមការងារលោកកំពុងធ្វើបច្ចុប្បន្នភាពតួលេខនេះ ដើម្បីស្រួលគ្រប់គ្រង៖ «បើចុះ (ថ្លៃ) តិចតួចដែរទេ ដោយសារនៅភូមិហ្នឹង គឺមានសមាគមមួយប្រមូលទិញ អ៊ីចឹងពេលមានគេកុម្ម៉ង់ ឬជាវអីគាត់មកឲ្យខាងសមាគមធ្វើ ហើយកន្លងមកខាងមន្ទីរក៏មិនមានជាបច្ចេកទេសអ្វីទេ តែបានជួយដឹកនាំយកផលិតផលរបស់គាត់ទៅតាំងពិព័រណ៍នៅកោះពេជ្រ និងនៅអង្គរសង្ក្រាន្តកាលពីពេលថ្មីៗ»។
ក្រុមសិប្បករនៃភូមិដំណាក់កី ចង់ឃើញអាជ្ញាធរ ឬមន្ត្រីជំនាញបង្កើនការលើកទឹកចិត្តសិប្បករ ឬអភិរក្សស្នាដៃរបស់ដូនតាខ្មែរ តាមរយៈការបង្កើនតម្លៃកញ្ជើល្អី និងក្រឡោលើសពីតម្លៃដែលពួកគេលក់នៅលើទីផ្សារបច្ចុប្បន្ន គឺកញ្ជើ ឬល្អីមួយមានតម្លៃចន្លោះពី ១.៥០០រៀល ទៅ ៤.០០០រៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
