បទសម្ភាសន៍៖ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​និរន្តរភាព​ត្រូវ​ការ​នីតិរដ្ឋ​ដែល​រឹងមាំ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ថា ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​លូតលាស់​សេដ្ឋកិច្ច រដ្ឋាភិបាល និង​អ្នក​ធ្វើ​គោល​នយោបាយ ត្រូវ​ពង្រឹង​គុណភាព​អប់រំ​ដល់​ពលរដ្ឋ​ខ្លួន ហើយ​ថា​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដោយ​និរន្តរភាព ចាំបាច់​ត្រូវ​មាន​នីតិរដ្ឋ​ដែល​រឹងមាំ។

មន្ត្រី​រូប​នេះ​ក៏​នឹង​ជជែក​ពី​អនាគត​អាស៊ាន​ក្នុង​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត។

លោក ចាស្ទីន វ៉ូត (Justin Wood) គឺ​ជា​ប្រធាន​ផ្នែក​អាស៊ី​ប៉ាស៊ីហ្វិក និង​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។

លោក សាន សែល៖ តំបន់​អាស៊ាន​កំពុង​សប្បាយ​រីករាយ​នឹង​កំណើន​សេដ្ឋកិច្ច​ឥត​ឈប់ឈរ​របស់​ខ្លួន។ សេដ្ឋកិច្ច​អាស៊ាន​លូតលាស់ ៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ ខណៈ​មាន​តំបន់​តិចតួច​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ដែល​មាន​កំណើន​នេះ។ ប្រទេស​ចិន និង​ឥណ្ឌា កំពុង​មាន​សេដ្ឋកិច្ច​ស្ទុះ​ឡើង​ខ្លាំង​ជាង​អាស៊ាន ក៏ប៉ុន្តែ​បន្ទាប់​ពី​សេដ្ឋកិច្ច​ចិន នោះ​គឺ​សេដ្ឋកិច្ច​អាស៊ាន​នេះ​ឯង។ លោក ចាស្ទីន វ៉ូត តើ​ត្រូវ​ធ្វើ​ម្ដេច​ទៅ​ដើម្បី​ធានា​ថា គ្រប់​គ្នា​អាច​ទទួល​បាន​ប្រយោជន៍​ដោយ​សមធម៌​ពី​ការ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​ស្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ាន?

លោក ចាស្ទីន វ៉ូត៖ អាស៊ាន គឺ​ជា​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​មួយ។ សុខភាព​សេដ្ឋកិច្ច​តំបន់​នេះ​មាន​ភាព​រឹងប៉ឹង​មាំមួន ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា ភាព​រីក​ចម្រើន​សេដ្ឋកិច្ច មិន​ទាន់​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​មាន​សមធម៌​នៅ​ឡើយ។ ប្រជាជន​ជាច្រើន​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​រីក​ចម្រើន​នេះ​ទេ។ វា​មិន​យុត្តិធម៌​ទាល់​តែ​សោះ។ បញ្ហា​នេះ កំពុង​កើត​ឡើង​ក្នុង​តំបន់​អាស៊ាន។

ប្រជាជន​ជាច្រើន​កំពុង​លោត​ចេញ​ពី​ភាព​ក្រីក្រ និង​ចូល​ក្នុង​ក្រុម​អ្នក​មាន​មធ្យម ក៏ប៉ុន្តែ​ប្រាក់​ចំណូល​របស់​ប្រជាជន​ដែល​ទើប​មាន​បាន​ថ្មី​នេះ នឹង​មិន​កើន​ឡើង​លើស​ពី​នេះ​ទៀត​ឡើយ។ ហេតុ​ដូច្នេះ ប្រជាជន​ជាច្រើន​នេះ បើ​ទោះ​ជា​រួច​ចាក​ពី​ភាព​ក្រីក្រ ក៏ប៉ុន្តែ​ពួក​គេ​នៅ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ក្នុង​អ្នក​ក្រីក្រ​ដដែល ពោល​គឺ​ពួក​គេ​គ្រាន់​តែ​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​ប៉ុណ្ណោះ ពីព្រោះ​ថា​ប្រាក់​ចំណូល​របស់​ពួក​គេ គឺ​ងាយ​បាត់បង់​ទៅ​វិញ​ណាស់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ។

អាស៊ាន ត្រូវ​ប្រឹង​ធ្វើ​កិច្ចការ​ឲ្យ​ប្រជាជន​របស់​ខ្លួន​មាន​ប្រាក់​ចំណូល​ខ្ពស់។ វា​មិន​គ្រប់គ្រាន់​ទេ បើ​គ្រាន់​តែ​ពួក​គេ​ចាកចេញ​ពី​ភាព​ក្រីក្រ។ ពួក​គេ​មិន​ចាំបាច់​លោត​ពី​ក្រុម​អ្នក​មាន​ប្រាក់​ចំណូល​ទាប ទៅ​ក្រុម​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម ទៅ​ក្រុម​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់។

នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវ​ធ្វើ។

យើង​និយាយ​ពី​ធនធាន​មនុស្ស​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​មួយ ដែល​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​មុន មាន​បាន​ជាង​មុន និង​រុងរឿង​ជាង​មុន។

ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់។ អ៊ីចឹង ពួក​គេ​អាច​រៀនសូត្រ និង​ធ្វើ​ដំណើរ​បាន​ច្រើន និង​វែង​ឆ្ងាយ​ជាង​មុន។ ពួក​គេ​ទៅ​ធ្វើ​ការ​ដែល​អាច​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន។ បើ​គ្មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន ប្រជាជន​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ទេ។ ចំណុច​នេះ គឺ​វា​សំខាន់​មែនទែន​ក្នុង​ការ​ទាញ​បញ្ចូល​ប្រជាជន​គ្រប់​គ្នា ឲ្យ​ចូល​ក្នុង​ខ្សែ​សង្វាក់​សេដ្ឋកិច្ច។

នៅ​មាន​ចំណុច​ដទៃ​ទៀត។

គាំទ្រ​សហគ្រិនភាព ការ​បង្កើត​អាជីវកម្ម និង​គាំទ្រ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ឬ​អេស.អិម.អ៊ី (SMEs)។ នេះ​ជា​មធ្យោបាយ​មួយ​ទៀត ដើម្បី​ជំរុញ​ប្រជាជន​ឲ្យ​ចូលរួម​ក្នុង​ចរន្ត​សេដ្ឋកិច្ច។

លោក សាន សែល៖ ចុះ​វិស័យ​កសិកម្ម​វិញ?

លោក ចាស្ទីន វ៉ូត៖ វិស័យ​កសិកម្ម ក៏​យើង​មិន​ត្រូវ​មើល​រំលង​ដែរ ពីព្រោះ​ថា​វា​នៅ​តែ​ដើរ​តួនាទី​សំខាន់​ខ្លាំង​ក្នុង​ការ​ផ្តល់​ការងារ​ដល់​ប្រជាជន​នៅ​តាម​ប្រទេស​ជាច្រើន។ ផលិតភាព​កសិកម្ម នៅ​តែ​សំខាន់។ កសិករ​បន្ត​ជា​ផ្នែក​សំខាន់​នៃ​កម្លាំង​ការងារ ដែល​យើង​មិន​គួរ​មើល​រំលង។

ដូច្នេះ ខ្ញុំ​យល់​ថា នៅ​ពេល​អាស៊ាន​គិតគូរ​អំពី​ការ​អភិវឌ្ឍ​ដែល​រួម​បញ្ចូល​ប្រជាជន​ទាំងអស់ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ចំណុច​ទាំងអស់​នេះ។ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ។

លោក សាន សែល៖ តើ​វិស័យ​ពន្ធដារ នឹង​ជួយ​ប្រជាជន​ក្រីក្រ​ទទួល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​នេះ​ដែរ​ទេ?

លោក ចាស្ទីន វ៉ូត៖ មនុស្ស​មួយ​ចំនួន​តែង​លើក​ឡើង​ថា យើង​ក៏​ត្រូវ​ក្រឡេក​មើល​ពី​បញ្ហា​ពន្ធដារ​ដែរ។ ពន្ធ​ដែល​ដក​ពី​ក្រុម​អ្នក​មាន ហើយ​យក​ទៅ​ជួយ​អ្នក​ក្រ​ដែល​ជា​គំនិត​មួយ រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ផ្តល់​ប្រយោជន៍​ដល់​គ្រប់​គ្នា ក៏ប៉ុន្តែ​វា​មិន​មែន​ជា​គំនិត​ល្អ​បំផុត​នោះ​ទេ។ នៅ​មាន​មធ្យោបាយ​ល្អៗ​ផ្សេង​ទៀត​ដែល​អាច​ប្រើ មុន​នឹង​ក្រឡេក​មើល​រឿង​ពន្ធដារ។

អ្នក​គួរ​ផ្តល់​សមត្ថភាព​ចំណេះ​ដឹង​ដល់​ប្រជាជន ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​ដោយ​ខ្លួន​ឯង​បាន ហើយ​អាច​ដើរ​តួនាទី​មួយ​ក្នុង​ចរន្ត​សេដ្ឋកិច្ច។ ខ្ញុំ​សំដៅ​លើ​ការ​អប់រំ។ ត្រូវ​ធានា​ថា​អ្នក​បង្កើត​បរិយាកាស​មួយ​ដែល​អំណោយ​ផល​ដល់​ការ​រកស៊ី និង​ជំរុញ​ផ្នែក​អេកូឡូស៊ី​សេដ្ឋកិច្ច​សម្រាប់​សហគ្រិន។

ហេតុ​នេះ មាន​ចំណុច​ច្រើន​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន ហើយ​វា​នឹង​មាន​សារសំខាន់​ខ្លាំង​ឡើង​ដែល​ត្រូវ​ពិចារណា ពេល​បង្កើត​គោល​នយោបាយ​សម្រាប់​រដ្ឋាភិបាល ដើម្បី​គិត​ពី​ការ​បែងចែក​ផល​លាភ​សេដ្ឋកិច្ច​ឲ្យ​ដល់​គ្រប់​គ្នា​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក សាន សែល៖ តំបន់​អាស៊ាន​កំពុង​ចាំងចែង​លើ​ឆាក​អន្តរជាតិ ដោយសារ​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អាស៊ាន​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​សង្កេតការណ៍​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ។ វិបត្តិ​ការ​រើសអើង​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) នៅ​ប្រទេស​ភូមា ការ​សម្លាប់​ប្រជាជន​ដោយ​គ្មាន​ការ​កាត់​ទោស​ត្រឹមត្រូវ​ក្នុង​យុទ្ធនាការ​កម្ចាត់​គ្រឿង​ញៀន​នៅ​ប្រទេស​ហ្វីលីពីន (Philippines) ការ​លើក​ពេល​បោះឆ្នោត​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រុម​យោធា​នៅ​ប្រទេស​ថៃ (Thailand) ហើយ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​នៅ​ប្រទេស​កម្ពុជា ជាដើម ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន រួម​ទាំង​អង្គការ​សហប្រជាជាតិ អះអាង​ថា កំពុង​គំរាម​កំហែង​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​តំបន់​នេះ​បាន​កសាង​កន្លង​ទៅ។

តើ​លោក ចាស្ទីន វ៉ូត យល់​ឃើញ​យ៉ាង​ណា​រវាង​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ?

លោក ចាស្ទីន វ៉ូត៖ ខ្ញុំ​គិត​ថា​រឿង​ដំបូង​ដែល​ត្រូវ​លើក​មក​និយាយ គឺ​ប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និង​តម្លាភាព ដែល​វា​រួម​ចំណែក​ឲ្យ​កំណើន​សេដ្ឋកិច្ច​មាន​សុខភាព​មាំមួន។ អ្នក​មិន​អាច​បន្ត​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ដោយ​គ្មាន​នីតិរដ្ឋ គ្មាន​ស្ថាប័ន​រដ្ឋ​ដែល​ធ្វើ​ការ​មាន​គុណភាព​ខ្ពស់ និង​ខ្វះ​ទំនុក​ចិត្ត​ផ្នែក​ការ​ទទួល​ខុស​ត្រូវ ផ្នែក​យុត្តិធម៌ តម្លាភាព និង​គណនេយ្យភាព​ពី​ពលរដ្ឋ​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​នោះ​ទេ។

ជា​រៀង​រាល់​ឆ្នាំ វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ចេញ​ផ្សាយ​សន្ទស្សន៍​ការ​ប្រកួត​ប្រជែង​ពិភពលោក (Global Competitiveness Index)។ យើង​វាស់​ស្ទង់​ពី​កម្រិត​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច។ មាន​សូចនាករ​ជាច្រើន​ដែល​យើង​យក​មក​វាយ​តម្លៃ។ ឧទាហរណ៍ កម្រិត​គុណភាព​កម្លាំង​ពលកម្ម និង​ជំនាញ​វិជ្ជាជីវៈ តម្លៃ​ឈ្នួល​ពលកម្ម ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ចំណុច​ដទៃ​ទៀត។ ក៏ប៉ុន្តែ​ចំណុច​ដែល​សំខាន់​ខ្លាំង​មិន​អាច​រំលង​នោះ គឺ​ការ​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ផ្អែក​លើ​គុណភាព​នៃ​នីតិរដ្ឋ ថា​តើ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​មាន​តម្លាភាព​ប៉ុនណា កម្រិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ប៉ុនណា?

ដូច្នេះ រដ្ឋាភិបាល​ដែល​ចង់​ឲ្យ​មាន​កម្រិត​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ល្អ ការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​សង្គម​មួយ​ដែល​សម្បូរ​សប្បាយ ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា តម្លាភាព និង​នីតិរដ្ឋ ជា​ធាតុ​សំខាន់​មិន​អាច​ខ្វះ​បាន។

មិន​មែន​គ្រប់​ប្រទេស​មាន​ពិន្ទុ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​លើ​ចំណុច​ទាំងនេះ ប៉ុន្តែ​ប្រទេស​ណា​ក៏ដោយ​ដែល​ចង់​ក្រឡេក​មើល​អនាគត​ដែល​ពោរពេញ​ដោយ​ភាព​រុងរឿង ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ទាំងនេះ។

លោក សាន សែល៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឬ អេ.អ៊ី.ស៊ី (AEC) ជា​គោលដៅ​ដ៏​ធំ​មួយ​របស់​អាស៊ាន។ សហគមន៍​នេះ ត្រូវ​ដំណើរការ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ តើ​លោក ចាស្ទីន វ៉ូត កត់​សម្គាល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​អនុវត្ត​សមាហរណកម្ម​នេះ? តើ​អ្វី​ខ្លះ​ដែល​សហគមន៍​នេះ​បាន​សម្រេច ហើយ​អ្វី​ខ្លះ​ទៀត​ត្រូវ​ពង្រឹង ដើម្បី​ឲ្យ​វា​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​បាន​គ្រប់​គ្នា?

លោក ចាស្ទីន វ៉ូត៖ ខ្ញុំ​គិត​ថា​មាន​ការ​ជជែក​ជាច្រើន​ស្ដីពី​ប្រធានបទ​នេះ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា។

ដូច​ដែល​លោក​បាន​លើក​ឡើង​ហើយ​ថា វា​ជា​ឆ្នាំ​ដំបូង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ខ្ញុំ​យល់​ថា មនុស្ស​ជាច្រើន​បន្ត​ជឿ​ថា គំនិត​នេះ​នៅ​ជា​គំនិត​ល្អ និង​ជា​សេចក្តី​ប្រាថ្នា​នៃ​ការ​បង្កើត​ទីផ្សារ​រួម​មួយ និង​សមាហរណកម្ម​ផ្នែក​ផលិតកម្ម។ គំនិត​នេះ​នៅ​តែ​រឹងមាំ និង​សំខាន់​ខ្លាំង។

ប្រទេស​សមាជិក​ទាំង​១០ នៃ​អាស៊ាន ភាគច្រើន​ជា​ប្រទេស​តូច ដែល​មិន​អាច​ឈរ​តតាំង​តែ​ម្នាក់​ឯង​បាន​ទេ។ ពួក​គេ​ត្រូវ​តែ​ពួត​ដៃ​គ្នា​ជាមួយ​អ្នក​ជិត​ខាង ដើម្បី​បង្កើត​សេដ្ឋកិច្ច​ទំហំ​ធំ ដើម្បី​អាច​ប្រកួត​ជាមួយ​ចិន និង​ឥណ្ឌា។

គ្រប់​គ្នា​ជឿ​ថា គោលដៅ​នេះ​ត្រឹមត្រូវ។

ខ្ញុំ​គិត​ថា​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា អេ.អ៊ី.ស៊ី (AEC) នឹង​ត្រូវ​ចំណាយ​ពេល​បន្ថែម​ទៀត​ដើម្បី​ប្រកួត​ប្រជែង និង​ទទួល​បាន​ជោគជ័យ។

របៀប​ដែល​អាស៊ាន​ធ្វើ​ការ​ដោយ​ផ្អែក​លើ​កុងសង់ស៊ីស (consensus) និង​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ បង្ហាញ​ថា វា​ត្រូវ​រង់ចាំ​ពេលវេលា​យូរ ដើម្បី​សម្រេច​កិច្ចការ​អ្វី​មួយ។

ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​តែ​ព្រមព្រៀង​គ្នា​មុន​ធ្វើ​កិច្ចការ​អ្វី​មួយ។ វា​ត្រូវការ​កុងសង់ស៊ីស (consensus) ច្រើន​ក្នុង​ការ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​យល់ស្រប​លើ​រឿង​អ្វី​មួយ។

ខ្ញុំ​យល់​ថា អ្នក​ធ្វើ​កិច្ចការ​នេះ​ដឹង​ពី​ដំណើរ​សហគមន៍​សេដ្ឋកិច្ច​នេះ​កំពុង​ដើរ​យឺត ប៉ុន្តែ​ខ្ញុំ​ក៏​ជឿជាក់​ថា ទិសដៅ​នៃ​ការ​ធ្វើ​កិច្ចការ​នេះ កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ។

ខណៈ​មាន​ការ​ខក​ចិត្ត​នឹង​ការ​ដើរ​យឺត អ្នក​ធ្វើ​ការ​រឿង​នេះ​ក៏​សង្ឃឹម​ថា ពួក​គេ​នឹង​បន្ត​ដំណើរ​លើ​ផ្លូវ​ត្រូវ។ វា​មិន​ទាន់​សម្រេច​ដូច​ការ​រំពឹង​ទុក​ទេ ហើយ​វា​នឹង​បន្ត​ដើរ​ទៅ​មុខ​ទៀត។ ក៏ប៉ុន្តែ​ដរាប​ណា​វា​ដើរ​ទៅ​មុខ​លើ​ផ្លូវ​ត្រូវ ខ្ញុំ​យល់​ថា​នឹង​មាន​ពេល​មួយ​មក​ដល់ ដែល​សហគមន៍​នេះ​នឹង​ជួយ​ប្រជាជន​របស់​ខ្លួន​បាន​ប្រសើរ។

លោក សាន សែល៖ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​សំខាន់​សម្រាប់​អាស៊ាន។ វា​ជា​ខួប​ទី​៥០ នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន។ ពី​ការ​យល់​ឃើញ​របស់​លោក តើ​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត អាស៊ាន​នឹង​ប្រែ​រូប​ទៅ​ជា​យ៉ាង​ណា?

លោក ចាស្ទីន វ៉ូត៖ ខ្ញុំ​មិន​ដឹង​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ ៥០​ឆ្នាំ​ខាង​មុខ​នោះ​ទេ។ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ពិភពលោក​នឹង​ផ្លាស់ប្ដូរ​ក្នុង​ល្បឿន​លឿន​មួយ ហើយ​នោះ​គឺ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤។ វា​នឹង​កាន់​តែ​ពិបាក​ទៅៗ​ក្នុង​ការ​ព្យាករ​ពី​អនាគត ដោយសារ​អ្វី​គ្រប់​យ៉ាង​ផ្លាស់ប្ដូរ​លឿន​ខ្លាំង។ ល្បឿន​កំពុង​ផ្លាស់ប្ដូរ​លឿន​ខ្លាំង​មែនទែន។

រឿង​នេះ​វា​មាន​ន័យ​ថា រដ្ឋាភិបាល និង​អ្នក​បង្កើត​គោល​នយោបាយ អង្គការ​នានា ដូចជា​អាស៊ាន ពួក​គេ​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់ ដើម្បី​ឆ្លើយតប​ឲ្យ​កាន់​តែ​ទាន់​ពេលវេលា។ ខ្ញុំ​ជឿ​ថា របៀប​ដែល​អាស៊ាន​កំពុង​ធ្វើ​ការ គឺ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

អាស៊ាន​ត្រូវ​បន្ថែម​ល្បឿន​ពី​របៀប​ដែល​ខ្លួន​អនុវត្ត​គោល​នយោបាយ និង​របៀប​ដែល​ខ្លួន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​កើត​ឡើង។

ដូច្នេះ អ្វី​កើត​ឡើង​ក៏ដោយ ហើយ​ឧបសគ្គ​ជាច្រើន​ទៀត​ដែល​នឹង​កើត​ឡើង​សម្រាប់​គ្រប់​គ្នា បើ​តាម​ខ្ញុំ​យល់ អាស៊ាន​ត្រូវ​គិត​ពី​របៀប​ដែល​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ឲ្យ​បាន​លឿន​ជាង​នេះ។ បើ​មិន​ដូច្នេះ​ទេ អាស៊ាន​នឹង​ដើរ​ក្រោយ​គេ​ហើយ ពីព្រោះ​ថា​ពិភពលោក​កំពុង​ដើរ​លឿន​ណាស់។

លោក សាន សែល៖ អរគុណ​លោក ចាស្ទីន វ៉ូត សម្រាប់​គំនិត និង​មតិ​យោបល់​របស់​លោក។

លោក ចាស្ទីន វ៉ូត៖ បាទ! មិន​អី​ទេ!

ចុច​អាន ឬ​ស្ដាប់ បទសម្ភាសន៍​ស្ដីពី​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​យុវជន​ត្រៀម​ខ្លួន​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។