វិនិយោគិនជាតិ និងអន្តរជាតិ ឲ្យដឹងថា បច្ចុប្បន្ន លម៉ើកម្ពុជា មានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារតំបន់អាស៊ាន។ ទន្ទឹមគ្នានេះ ក្រុមវិនិយោគិន បានជំរុញឲ្យកសិករកម្ពុជា ដាំដំណាំលម៉ើឲ្យបានកាន់តែច្រើនថែមទៀតសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
វិនិយោគិនជាតិ និងអន្តរជាតិ អះអាងថា តម្រូវការផលិតផលលម៉ើកម្ពុជា ពីទីផ្សារតំបន់អាស៊ាន មានការកើនឡើងនេះ ដោយសារលក្ខខណ្ឌភូមិសាស្ត្រនៅប្រទេសក្នុងតំបន់អាស៊ានមួយចំនួនមិនអាចដាំបាន ព្រមទាំងមានការទុកចិត្តលើគុណភាពផលិតផលលម៉ើ។
ការលើកឡើងរបស់ក្រុមវិនិយោគិន ធ្វើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការ និងពិធីចុះអនុស្សរណៈផ្ដាច់មុខដំណាំលម៉ើ និងផលិតផលលម៉ើគ្រប់ប្រភេទលើទីផ្សារកម្ពុជា រវាងក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប (OENG SOTHY Group Co., Ltd.) និងក្រុមហ៊ុនប្រទេសថៃ ព្រមទាំងក្រុមហ៊ុនប្រទេសអ៊ីស្រាអែល (Israel) ដែលរៀបចំឡើងនៅថ្ងៃទី៤ ខែឧសភា។
ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ឹង សុទ្ធី គ្រុប លោក ឡេង មុនីនាថ លើកឡើងថា ដំណាំលម៉ើ ត្រូវបានប្រជាជនបណ្ដាប្រទេសនៅតំបន់អាស៊ាន ចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានគុណប្រយោជន៍ខ្ពស់ដល់សុខភាព។ ជាងនេះទៀត លម៉ើកម្ពុជា ក្នុងមួយឆ្នាំៗ មានតម្រូវការច្រើនពីទីផ្សារអាស៊ាន ក្នុងនោះមានប្រទេសឥណ្ឌូនេស៊ី ជាដើម ខណៈប្រជាជនកម្ពុជា ដាំដំណាំលម៉ើមានដាំតិចតួចនៅឡើយ បើធៀបនឹងបណ្ដាប្រទេសជិតខាង។
តំណាងក្រុមហ៊ុនរូបនេះអះអាងថា ដោយសម្លឹងឃើញពីសក្ដានុពលក្នុងការនាំចេញផលិតផលលម៉ើទៅទីផ្សារអាស៊ាន ក្រុមហ៊ុនលោកបានសម្រេចចុះអនុស្សរណៈជាមួយប្រទេសថៃ និងអ៊ីស្រាអែល ដែលជាប្រទេសដាំ និងកែច្នៃផលិតផលដំណាំលម៉ើធម្មជាតិល្អជាងគេ ដើម្បីជំរុញឲ្យមានការវិយោគដាំដំណាំលម៉ើឲ្យបានច្រើននៅកម្ពុជា៖ « ទីផ្សារលម៉ើកម្ពុជា កាន់តែទូលាយមែនទែន សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ពីព្រោះថា សេដ្ឋកិច្ចអាស៊ានយើងកំពុងតែរត់ជាមួយសេដ្ឋកិច្ចអាស៊ាន។ ចឹងយើងត្រូវនាំគ្នាដាំដំណាំលម៉ើ ឬល្ម៉ើឲ្យបានច្រើន បើមិនចឹងទេ កម្ពុជា មិនអាចប្រកួតប្រជែងទីផ្សារអាស៊ានឡើយ »។
ទន្ទឹមគ្នានេះ អគ្គនាយកក្រុមហ៊ុន កញ្ចនៈបូរី (Kachanaburi) ប្រទេសថៃ លោក អានូរ៉ាក់ ប៊ុនលឺ (Anurak Boonlue) ដែលជាក្រុមហ៊ុនដាំដំណាំលម៉ើធំមួយប្រចាំប្រទេសថៃ ហើយដែលបានចុះអនុស្សរណៈជាមួយកម្ពុជា មានប្រសាសន៍ថា ប្រទេសថៃ ដាំដំណាំលម៉ើជាច្រើនឆ្នាំមកហើយ និងបានចាត់ទុកលម៉ើជាដំណាំមួយដែលជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសថៃ ផងដែរ។
លោកបន្តថា កម្ពុជាមានទីតាំងភូមិសាស្ត្រ និងអាកាសធាតុដូចប្រទេសថៃ ប៉ុន្តែកម្ពុជា មិនទាន់ធ្វើការវិយោគលើការដាំដំណាំលម៉ើឲ្យបានទូលំទូលាយនៅឡើយ។ កត្តានេះ លោកអះអាងថា ក្រុមហ៊ុនលោកនឹងជួយបច្ចេកទេស និងពូជលម៉ើដែលមានគុណភាពល្អដល់កសិករកម្ពុជា ដើម្បីទាញយកឱកាសនាំចេញផលិតផលលម៉ើទៅកាន់ទីផ្សារអាស៊ានកាន់តែខ្លាំងថែមទៀត៖ «កម្ពុជា មានអាកាសធាតុក្តៅរយៈពេលវែង និងត្រជាក់ដូចប្រទេសថៃ។ ហេតុនេះ ដំណាំប្រភេទនេះវាត្រូវនឹងអាកាសធាតុកម្ពុជា បើធៀបនឹងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលពិបាកដាំ។ ចំណែកឯបច្ចេកទេស និងពូជ ក្រុមហ៊ុនលោកនឹងជួយ »។
វិនិយោគិនជាតិ និងអន្តរជាតិ អះអាងថា ដំណាំលម៉ើជាឈើមួយប្រភេទសន្តានត្នោត តែមានស្លឹក និងបន្លាផ្សេងគ្នាពីត្នោត មានផ្លែតូចៗ មានរសជាតិផ្អែម គេអាចប្រើវាធ្វើជាបង្អែម ដំណាប់ ភេសជ្ជៈ ទឹកឃ្មុំលម៉ើ និងស្ករលម៉ើជាដើម ហើយវាជាអាហារពេញនិយមបំផុតសម្រាប់ប្រជាជនឥស្លាម។ ជាងនេះ ដំណាំលម៉ើ ជាដំណាំដែលមិនរើសប្រភេទដី ធននឹងអាកាសធាតុក្ដៅខ្លាំង ខណៈពិភពលោកកំពុងជួបគ្រោះរាំងស្ងួតខ្លាំង។ ហេតុនេះវាជាទិសដៅដំណាំប្រភេទថ្មី សម្រាប់វិនិយោគិនក្នុងតំបន់អាស៊ាន។
ទន្ទឹមគ្នានេះដែរ វិនិយោគិនជាតិ និងអន្តរជាតិ រំពឹងថា ប្រសិនបើមានការជំរុញឲ្យមានការដាំដុះដំណាំលម៉ើពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ លម៉ើនឹងក្លាយជាដំណាំឧស្សាហកម្មដ៏សំខាន់ទី២ បន្ទាប់ពីអង្ករដែលជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
