ចំណូល​ពី​វិស័យ​រ៉ែ​និង​ថាមពល​កើន​២៤៨%​ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ផ្សាយ​ព័ត៌មាន​ចំណូល

ដោយ សាន សែល
2017-02-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ មេសកូ ហ្គូល (Mesco Gold) កំពុង​សាងសង់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ មេសកូ ហ្គូល (Mesco Gold) កំពុង​សាងសង់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Ratha Visal

ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ពី​ការ​កើន​ឡើង​ចំណូល​ចំនួន ២៤៨​ភាគរយ ហើយ​អះអាង​ពី​ការងារ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​បណ្ដាល​មក​ពី​អាជីវកម្ម​រ៉ែ និង​ថាមពល។ ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា ព័ត៌មាន​នៃ​ប្រាក់​ចំណូល​ពី​វិស័យ​រ៉ែ ចាំបាច់​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ពលរដ្ឋ​តាមដាន និង​ជជែក​ក្នុង​ការ​ធានា​ពី​តម្លាភាព​នៃ​ប្រាក់​ចំណូល ហើយ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​ពិនិត្យ​គុណភាព​របាយការណ៍​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​ចំណូល​បាន​ជាង ៨១​លាន​រៀល នៅ​ឆ្នាំ​២០១៦ ដែល​បាន​កើន​ឡើង​លើស​ពី​ការ​គ្រោង​ទុក​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន ២៤៨%។ ចំណូល​ពី​ផ្នែក​ថ្ម​សំណង់ (ថ្ម​ភ្នំ ក្រួស ខ្សាច់) និង​ថ្មម៉ាប កើន​ចំណូល​ជាង​គេ។ កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ និង​ការដ្ឋាន​វាយ​ថ្ម​ចំនួន ៤០១​អាជ្ញាប័ណ្ណ ស្វែង​រុករក​ចំនួន ៦១​អាជ្ញាប័ណ្ណ ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន ២៣ និង​អាជ្ញាប័ណ្ណ​សិប្បកម្ម​ចំនួន ៣២៦។ ធនធាន​រ៉ែ ដែល​ក្រសួង​ផ្ដល់​អាជ្ញាប័ណ្ណ​មាន​រ៉ែ​ថ្មកំបោរ រ៉ែ​ធ្យូងថ្ម និង​រ៉ែ​លោហៈ ដែល​មាន​នៅ​ខេត្ត​កំពត បាត់ដំបង ព្រះវិហារ មណ្ឌលគិរី រតនគិរី។

​ទោះ​ជា​ចំណូល​ពី​វិស័យ​រ៉ែ​កើន​ឡើង ក៏​ព័ត៌មាន​ស្ដីពី​ប្រាក់​ចំណូល​នេះ នៅ​មិន​ទាន់​លាតត្រដាង​ជា​សាធារណៈ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​តាម​ដាន​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ឲ្យ​ដឹង​ថា ការ​បង្ហាញ​ព័ត៌មាន​ចំណូល​ជា​សាធារណៈ នឹង​បង្កើន​តម្លាភាព​លើ​វិស័យ​រ៉ែ«រាល់​ថ្ងៃ​មាន​ហើយ តែ​គួរ​តែ​បន្ថែម​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង ចូលរួម​តាមដាន ឃ្លាំ​មើល»

​ក្រសួង​រ៉ែ និង​ថាមពល រំពឹង​ថា នៅ​ឆ្នាំ​២០១៧ នេះ ចំណូល​ពី​វិស័យ​រ៉ែ នឹង​កើន​ដល់​ជាង ១២​លាន​ដុល្លារ។ ក្រសួង​គ្រោង​បោះពុម្ព​ផ្សាយ​ព័ត៌មាន​ពី​ចំណូល​រ៉ែ​ជា​សាធារណៈ​រៀងរាល់ ៣​ខែ​ម្ដង ចាប់​ពី​ឆ្នាំ​២០១៧ នេះ​ត​ទៅ។

អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ថ្លែង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ប្រមូល​ចំណូល​ពី​វិស័យ​នេះ ក្រសួង​នឹង​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ការ​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​រ៉ែ​រៀងរាល់ ៣​ខែ​ម្ដង និង​ដាក់​ពិន័យ​អាជីវករ និង​មន្ត្រី​ដែល​ក្លែងបន្លំ​ការ​បង់​ចំណូល​ចូល​រដ្ឋ«វិធានការ​ហ្នឹង​មាន​ការ​ដាក់​ទោស​ទណ្ឌ ទាំង​ចំពោះ​អាជីវករ​ដែល​គាត់​ក្លែង​បន្លំ ការ​បង់​ពន្ធ​ចំណូល​មិន​ត្រឹមត្រូវ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ប្រមូល​ចំណូល​មិន​បាន​ត្រឹមត្រូវ»

ក្រុម​សង្គម​ស៊ីវិល​អះអាង​នៅ​ក្នុង​វេទិកា​កាល​ពី​ចុង​ខែ​មករា ពី​កង្វះ​ប្រសិទ្ធភាព​នៃ​ការ​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម និង​ការ​ផ្ដល់​សំណង​មិន​សមរម្យ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​មូលដ្ឋាន នៅ​ពេល​គម្រោង​អាជីវកម្ម​រ៉ែ ត្រូវ​បាន​ធ្វើ​ឡើង។

របាយការណ៍​បូក​សរុប​របស់​ក្រសួង​រ៉ែ និង​ថាមពល បង្ហាញ​ថា ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ព្រម​ទាំង​បាន​យក​ប្រាក់​ចំណូល​ពី​វិស័យ​រ៉ែ ជួយ​ធ្វើ​ផ្លូវ​ថ្នល់​ធ្វើ​អណ្ដូង​ជាដើម។ ក៏ប៉ុន្តែ​ប្រជាជន​មូលដ្ឋាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​បាត់បង់​ដីធ្លី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អភិវឌ្ឍ​ទាំង​នេះ។

ក្រសួង​រ៉ែ ទទួល​ស្គាល់​ថា ការ​ចុះ​ទៅ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ដោយ​លើក​ហេតុផល​ពី​ការ​ខ្វះ​បុគ្គលិក​ជំនាញ ទីតាំង​អាជីវកម្ម​នៅ​ឆ្ងាយ ពិបាក​ធ្វើ​ដំណើរ​ទៅ ហើយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិន​ទាន់​បាន​រាយការណ៍​ទាន់​ពេល​វេលា​ពី​បទ​ល្មើស​រ៉ែ។

លោក តឹក វណ្ណារ៉ា លើក​ឡើង​ថា មុន​ពេល​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ  រដ្ឋាភិបាល​គួរ​បើក​ឲ្យ​សួរ​យោបល់​ពី​ប្រជាជន​មូលដ្ឋាន និង​សាធារណជន​បន្ថែម​ទៀត ហើយ​រដ្ឋាភិបាល​ក៏​គួរ​ពង្រឹង​គុណភាព​របាយការណ៍​វាយ​តម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។

​ទាក់ទង​នឹង​វិស័យ​អគ្គីសនា​វិញ ក្រសួង​បាន​ឲ្យ​ដឹង​ថា គេហដ្ឋាន​ចំនួន​ប្រមាណ ៥៨​ភាគរយ ឬ ៣,២៨​លាន​ខ្នង​ផ្ទះ នៅ​ទូទាំង​ប្រទេស មាន​អគ្គិសនី​ប្រើប្រាស់។ ក្រសួង​ក៏​បាន​បញ្ចប់​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​វិនិយោគ​ប្រេងកាត និង​បញ្ចប់​ការ​ចរចា​លើ​កញ្ចប់​ឯកសារ​ប្លុក​អេ (A) ហើយ​កំពុង​រៀបចំ​របាយការណ៍​ដើម្បី​ឈាន​ទៅ​ការ​ចេញ​លិខិត​អនុញ្ញាត​ផលិតកម្ម​ប្រេងកាត​ដំបូង​នៅ​កម្ពុជា ឲ្យ​ទៅ​ក្រុមហ៊ុន គ្រីស អែននឺជី (Kris Energy) ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល