កសិករ​ដាំ​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្អូញត្អែរ​ចំពោះ​តម្លៃ​ម្រេច​ធ្លាក់​ថ្លៃ​ខ្លាំង

ដោយ​ សូត សុខប្រាថ្នា
2017-04-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចម្ការ​ម្រេច​របស់​កសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ងាប់​ជា​បន្តបន្ទាប់​ដោយ​មិន​ទាន់​ដឹង​មូលហេតុ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
ចម្ការ​ម្រេច​របស់​កសិករ​នៅ​ឃុំ​ទ្រាក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ងាប់​ជា​បន្តបន្ទាប់​ដោយ​មិន​ទាន់​ដឹង​មូលហេតុ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​ផ្សេងៗ ក្នុង​ជីវភាព​រស់​នៅ ក្រោយ​ពេល​តម្លៃ​ម្រេច​ចេះ​តែ​ធ្លាក់​ចុះ​ខ្លាំង។ ផល​ប៉ះពាល់​ទាំង​នោះ មាន​ដូចជា ពិបាក​រក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​ក្រុម​គ្រួសារ ព្រម​ទាំង​ខ្វះ​ថវិកា​សង​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ពួកគាត់​បាន​ខ្ចី​ប្រាក់​ធ្វើ​ដើមទុន​ដាំ​ម្រេច។ ប្រធាន​មន្ទីរ​កសិកម្ម យល់​ថា តម្លៃ​ម្រេច​ចុះ​ថោក គឺ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​អន្តរជាតិ​ច្រើន​ជាង។

កសិករ​ដាំ​ម្រេច​នៅ​ស្រុក​មេមត់ នៅ​មិន​ទាន់​ដឹង​ប្រាកដ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគាត់​យល់​ថា អាច​ដោយសារ​តែ​ទីផ្សារ​នៅ​ស្រុក​ខ្មែរ​មិន​សូវ​មាន​ច្រើន ដោយ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​វៀតណាម។

​កសិករ​នៅ​ឃុំ​មេមត់ មួយ​រូប លោក ព្រៅ ចាន់ធឿន ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ ម្រេច​លក់​បាន​តម្លៃ​ខ្ពស់ គឺ​រហូត​ដល់ ៤​ម៉ឺន ទៅ​ជាង ៤​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​លក់​បាន ១.៨០០០​រៀល ទៅ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម។ កសិករ​ដែល​មាន​ផ្ទៃដី​ដាំ​ម្រេច​ជាង ២​ហិកតារ​រូប​នេះ មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​បញ្ហា​ផ្សេងៗ ពិសេស​ពិបាក​រក​ប្រាក់​ដោះ​បំណុល​គេ​តែម្ដង។

លោក​យល់​ថា តម្លៃ​ម្រេច​ធ្លាក់​ចុះ​ពេល​នេះ អាច​ដោយសារ​មិន​សូវ​មាន​ឈ្មួញ​មក​ទិញ​ម្រេច​ពួកគាត់​ដូច​ពេល​មុន ហើយ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ឈ្មួញ​វៀតណាម៖ «មាន​តម្លៃ​ទាប ហើយ​អ្នក​ខ្លះ​ធ្វើ​ម្រេច​កើត​ហើយ ក៏​ងាប់​ម្រេច​ហ្នឹង​អស់​ទៅ​វិញ​ទៅ។ ជំពាក់​គេ​ក៏​ជំពាក់»

តម្លៃ​ម្រេច​ធ្លាក់​ចុះ​ខ្លាំង គឺ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦។ ម្រេច​ជា​រុក្ខជាតិ​ប្រភេទ​វល្លិ ហើយ​ត្រូវ​ចំណាយ​ពេល​ដាំ​ប្រមាណ ១​ឆ្នាំ ទើប​អាច​ទទួល​ផល។ រុក្ខជាតិ​នេះ ប្រឈម​នឹង​ជំងឺ ហើយ​ប្រឈម​នឹង​គ្រោះធម្មជាតិ ដូចជា​រាំង​ស្ងួត​ខ្លាំង និង​ទឹក​ជន់​ខ្លាំង​ក្នុង​ចម្ការ ក៏​បណ្ដាល​ឱ្យ​ម្រេច​ងាប់​បាន​ដែរ។

កសិករ​នៅ​ឃុំ​ទ្រាក លោក ប៉ូច គីន រៀបរាប់​ថា តម្លៃ​ធ្លាក់​ចុះ​ដូច​បច្ចុប្បន្ន​គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​អាច​ទូទាត់​ការ​ចំណាយ​បាន​ទេ។ លោក​ថា នៅ​ពេល​តម្លៃ​ម្រេច​ខ្ពស់​ធ្វើ​ឱ្យ​ជីវភាព​របស់​កសិករ​បាន​ប្រសើរ ប៉ុន្តែ​នៅ​ពេល​តម្លៃ​ធ្លាក់​ចុះ ជីវភាព​រស់​នៅ​របស់​ពួកគាត់​ក៏​ត្រូវ​ជួប​បញ្ហា​ប្រឈម​ដូច​គ្នា​ដែរ។ លោក​សង្កេត​ឃើញ​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​សម្រេច​បោះបង់​មុខ​របរ​ដាំ​ម្រេច​ចោល​ទៀត​ផង៖ «ចង់​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ ព្រោះ​រាល់​ថ្ងៃ​នេះ យើង​ពឹង​ផ្អែក​លើ​ទីផ្សារ​ក្រៅ​ប្រទេស ជិតៗ​ខាង​យើង»

​ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បញ្ជាក់​ថា មូលហេតុ​ម្រេច​ចុះ​ថោក គឺ​ពាក់ព័ន្ធ​ទីផ្សារ​អន្តរជាតិ និង​ការ​ផលិត​លើស​ពី​តម្រូវការ។ លោក​មើល​ឃើញ​ថា តម្លៃ​ម្រេច​នៅ​ពេល​ខាង​មុខ​នឹង​មិន​អាច​ហក់​ឡើង​ខ្ពស់​បាន​ទេ ប្រសិន​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ជួប​បញ្ហា។

ប្រធាន​មន្ទីរ​កសិកម្ម​រូប​នេះ​ផ្ដល់​ជា​យុទ្ធសាស្ត្រ​ទប់ទល់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច គឺ​ប្រជាកសិករ​អាច​អនុវត្ត​ការ​ផលិត ដោយ​ប្រើ​ជី និង​ថ្នាំ​បាញ់​តាម​បែប​ធម្មជាតិ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ហើយ​បង្កើន​គុណភាព​ផលិត។ កសិករ​ត្រូវ​ចងក្រង​គ្នា​ជា​សហគមន៍ ងាយ​ស្រួល​រក​ទីផ្សារ និង​មាន​កម្លាំង​ជាង​ការ​លក់​ចេញ​ជា​លក្ខណៈ​ឯកជន ហើយ​ខាង​មន្ទីរ​នឹង​ជួយ​រក​ដៃគូ​ឯកជន​បន្ថែម​ទៀត៖ «ចង់​ឱ្យ​កសិករ​ទាំង​អស់​គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម ហើយ​ចងក្រង​ជា​ក្រុម ហើយ​ខាង​មន្ទីរ​ក៏​ដូចជា​ខាង​ដៃគូ​មន្ទីរ​ហ្នឹង​ព្យាយាម​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​ដែល​រកស៊ី​ម្រេច​ហ្នឹង»

​នាយក​ប្រតិបត្តិ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ដំណាំ​ម្រេច​ដារមេមត់ លោក យិន សុផា មាន​ប្រសាសន៍​ថា ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្រេច​ពេល​នេះ គឺ​មិន​ធ្លាប់​ជួប​ឡើយ ក្នុង​រយៈពេល​ប្រមាណ ៤​ឆ្នាំ​ចុង​ក្រោយ​នេះ។ យ៉ាង​នេះ​ក្តី លោក​យល់​ថា តម្លៃ​ម្រេច​ធ្លាក់​ចុះ​គឺ​មិន​មែន​កើត​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ពោល​គឺ​បណ្ដា​ប្រទេស​ដាំ​ម្រេច​មួយ​ចំនួន ដូចជា​ប្រទេស​សិរីលង្កា វៀតណាម ម៉ាឡេស៊ី ប្រេស៊ីល ឥណ្ឌា ជាដើម តម្លៃ​ម្រេច​គឺ​ប្រហាក់ប្រហែល​នឹង​កម្ពុជា បច្ចុប្បន្ន​ដែរ។ ដូច្នេះ​លោក​ថា ម្រេច​ធ្លាក់​ថ្លៃ អាច​ទាក់ទង​ទីផ្សារ​អន្តរជាតិ។

លោក​កត់សម្គាល់​ថា នៅ​ពេល​ម្រេច​ចុះ​ថោក កសិករ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា ដោយ​មាន​ពលរដ្ឋ​ខ្លះ​មិនសូវ​ប្រឈម​ទេ។ ចំណែក​កសិករ​ដែល​ប្រឈម​ខ្លាំង​ជា​ក្រុម​ដែល​ជំពាក់​បំណុល​គេ ដោយសារ​យក​ដើម​ទុន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ស្រុង​មក​ដាំ​ម្រេច និង​ក្រុម​កសិករ​ដែល​ជំពាក់​បំណុល​ធនាគារ ហើយ​ដំណាំ​ម្រេច​របស់​ពួកគាត់​ងាប់​មួយ​ជាន់​ទៀត៖ «ពេល​ហ្នឹង​ហើយ​ដែល​មាន​បញ្ហា​រហូត​ដល់​មាន​ការ​ប្ដឹងផ្ដល់​ពី​ធនាគារ​ហ្នឹង​មក ដើម្បី​ដោះស្រាយ​ហ្នឹង ដោយសារ​ពួកគាត់​អត់​មាន​លទ្ធភាព​សង»

​កាល​ពី​ឆ្នាំ​២០១៦ សមាជិក​សហគមន៍​ម្រេច​ដារ​មេមត់ ដែល​មាន​ចំនួន ២៩១​គ្រួសារ លក់​ម្រេច​ចេញ​មាន​ចំនួន​ប្រមាណ ២​ពាន់​តោន។ បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ម្រេច​របស់​ប្រជា​សហគមន៍​មាន​ចំនួន ៥០០​ហិកតារ ចំណែក​ផ្ទៃដី​ដាំ​ម្រេច​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​ជាង ២​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល