កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ក្រោយពីអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកអាហារ និងថ្នាំពេទ្យរបស់អាមេរិក (FDA) បានរកឃើញថា អង្ករទាំងនោះមានជាតិគីមីចំនួន ៨ប្រភេទ ដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។ បញ្ហានេះ សង្គមស៊ីវិលផ្នែកកសិកម្ម និងអ្នករកស៊ីក្នុងវិស័យអង្ករ យល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនាំចេញអង្ករជាមួយអាមេរិក ឲ្យបានប្រសើរជាងមុន។
សង្គមស៊ីវិលផ្នែកកសិកម្ម និងអ្នករកស៊ីក្នុងវិស័យអង្ករ ក្រៅពីជំរុញឲ្យរដ្ឋាភិបាលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនាំចេញអង្ករជាមួយអាមេរិក ឲ្យបានប្រសើរជាងមុន ពួកគេក៏ឲ្យពង្រឹងគុណភាពផលិតអង្ករគ្រប់ប្រភេទ ព្រមទាំងប្រយុទ្ធប្រឆាំងរាល់ការបន្លំយកអង្ករគ្រប់ប្រភេទលាយសារធាតុគីមីរួចនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក ផងដែរ។
ករណីនេះ ត្រូវបានអគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានប្រាប់អាស៊ីសេរីថា ការប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម គឺជាឱកាសល្អសម្រាប់ពាណិជ្ជកម្មអង្ករកម្ពុជា ដើម្បីជ្រៀតចូលទីផ្សារអាមេរិក ប្រសិនបើកម្ពុជា ងាកមកពង្រឹងការទូតផ្នែកពាណិជ្ជកម្មឲ្យបានរឹងមាំនោះ។
ក្រៅពីជំរុញឲ្យរដ្ឋាភិបាលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនាំចេញអង្ករជាមួយអាមេរិក ឲ្យបានរឹងមាំ លោកក៏បានជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់កសិករ ធ្វើយ៉ាងណាឲ្យចេះផលិតអង្ករដែលមានគុណភាពរបៀបដាំដុះបែបសរីរាង្គ ដើម្បីអាចជ្រៀតចូលទីផ្សារអាមេរិក និងបណ្ដាប្រទេសដទៃទៀតកាន់តែទូលាយ៖ «ខណៈនេះខ្ញុំយល់ថា កម្ពុជាត្រូវតែបង្កើនការដាក់ទុនបន្ថែម ធ្វើយ៉ាងណាបង្រៀនឲ្យកសិករចេះផលិត ចេះវេចខ្ចប់ ធ្វើយ៉ាងណាមានភាពល្អប្រសើរ ដើម្បីជួយលើកស្ទួយដល់ការនាំចេញអង្ករ»។
ចំណែកម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ អេមរុ រ៉ាយ (AMRU RICE) លោក សុង សារ៉ន មានប្រសាសន៍ថា ការប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម របស់សហរដ្ឋអាមេរិកនេះ មិនសូវផ្ដល់ផលចំណេញសម្រាប់ពាណិជ្ជកម្មអង្ករកម្ពុជា ប៉ុន្មាននោះទេ ព្រោះសហរដ្ឋអាមេរិក កន្លងមកនាំចូលអង្ករវៀតណាម និងកម្ពុជា ក្នុងបរិមាណតិចប៉ុណ្ណោះ បើធៀបនឹងប្រទេសថៃ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករយល់ថា ខណៈនេះប្រទេសថៃ នឹងទទួលផលប្រយោជន៍ច្រើនជាងកម្ពុជា ព្រោះកេរ្តិ៍ឈ្មោះអង្ករថៃ ត្រូវបានគេស្គាល់យូរអង្វែងជាងកម្ពុជា។
យ៉ាងណាលោកក៏យល់ថា ការប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ទៅកាន់សហរដ្ឋអាមេរិក ដោយសាររកឃើញជាតិគីមីប្រើច្រើនហួសកម្រិតនេះ គឺជាមេរៀនថ្មីសម្រាប់កម្ពុជា ឲ្យចេះប្រុងប្រយ័ត្ន និងការពារគុណភាពអង្កររបស់ខ្លួនមិនឲ្យមានកេរ្តិ៍ឈ្មោះមិនល្អ៖ «ជាមេរៀនមួយដែលកម្ពុជា យើងត្រូវតែនឹងរៀបចំខ្លួន ប្រុងប្រយ័ត្ន ព្រោះយើងនៅជាប់ព្រំដែនវៀតណាម ព្រោះហានិភ័យនៃការឆ្លង និងការប្រើប្រាស់តាមងាយជាប្រទេសថៃ»។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ក្រោយពីអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកអាហារ និងថ្នាំពេទ្យរបស់អាមេរិក (FDA) បានរកឃើញថា អង្ករទាំងនោះមានជាតិគីមីចំនួន ៨ប្រភេទដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។
សហរដ្ឋអាមេរិកបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ដល់ខែសីហា ឆ្នាំ២០១៦ អង្ករចំនួន ១ម៉ឺនតោនត្រូវបាននាំចូលដោយក្រុមហ៊ុនអង្ករវៀតណាម ចំនួន ១៦ ត្រូវបានរកឃើញថា មានបញ្ហាអនាម័យ និងពុំមានសុវត្ថិភាពសម្រាប់បរិភោគ។
របាយការណ៍របស់ FDA ក៏បង្ហាញថា រយៈពេល ៤ខែដើមឆ្នាំ២០១៦ នេះ អង្ករចំនួន ១.៧០០តោនដែលបម្រុងនាំចូលទីផ្សារអាមេរិក រួមមានអង្ករក្រអូបម្លិះ អង្ករបីកំណាត់ និងអង្ករសំរូប ជាដើម ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ។ បម្រាមរបស់អាមេរិកនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យនាំអង្ករចេញរបស់វៀតណាម។
អាស៊ីសេរី មិនទាន់សុំការឆ្លើយតបពីមន្ត្រីក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីដឹងពីវិធានការបន្តយ៉ាងណាជុំវិញការលើកឡើងរបស់សហរដ្ឋអាមេរិក ក្រោយមានការប្រកាសរបស់សហរដ្ឋអាមេរិក បាននៅឡើយនៅថ្ងៃទី៧ ខែតុលា។ ប៉ុន្តែក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន អះអាងថា ក្រសួងនឹងរៀបចំគោលនយោបាយថ្មី ដោយសហការនឹងក្រុមហ៊ុននាំចេញដើម្បីបង្រៀនឲ្យកសិករចេះធ្វើកសិកម្មកិច្ចសន្យា ដែលមានគុណភាពខ្ពស់ សំដៅដល់ការនាំចេញ។
យ៉ាងណា សង្គមស៊ីវិលផ្នែកកសិកម្ម និងអ្នករកស៊ីក្នុងវិស័យអង្ករ នៅតែជំរុញឲ្យរដ្ឋាភិបាលពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនាំចេញអង្ករជាមួយអាមេរិកឲ្យបានប្រសើរជាងមុន ដើម្បីសង្គ្រោះដល់ឧស្សាហកម្មអង្ករ ដែលកំពុងដួលរំលំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។