ក្រុមហ៊ុននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ឲ្យដឹងថា បាតុភូតអាកាសធាតុអេលនីណូ (El Nino) អាចកាត់បន្ថយទិន្នផលស្រូវពិភពលោក និងជំរុញឲ្យប្រទេសនាំចូលអង្ករបង្កើនស្តុកបម្រុង។ ទន្ទឹមគ្នា ក្រុមហ៊ុនក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរមានកញ្ចប់ទុនទិញស្រូវស្តុកទុកដើម្បីត្រៀមខ្លួនទប់ស្កាត់បញ្ហានេះ។
ម្ចាស់ក្រុមហ៊ុននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិយល់ថា ការត្រៀមកញ្ចប់ទុនទិញស្រូវស្តុកទុករបស់រដ្ឋាភិបាល គឺជាមធ្យោបាយសបស្របមួយក្នុងការឆ្លើយតបនឹងបញ្ហាកង្វះស្បៀងជាយថាហេតុ ខណៈកម្ពុជា បន្តជួបគ្រោះរាំងស្ងួតដែលបណ្ដាលមកពីរលកកម្ដៅបាតុភូតអេលនីណូ ដែលបានអូសបន្លាយ ២ឆ្នាំជាប់គ្នាមកនេះ។
ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងជាអគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ [AMRU RICE (CAMBODIA) Co., LTD.) ដែលជាក្រុមហ៊ុននាំចេញអង្ករធំមួយនៅកម្ពុជា លោក សុង សារ៉ន មានប្រសាសន៍ថា បញ្ហាគ្រោះរាំងស្ងួតដែលកម្ពុជា កំពុងជួបប្រទះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កសិករកម្ពុជា ប៉ុណ្ណោះទេ។ បញ្ហានេះ ក៏គំរាមកំហែងដល់ដំណើរការផលិតកម្មស្រូវ និងដំណាំផ្សេងៗ ទាំងរដូវប្រាំង និងរដូវវស្សាផងដែរ៖ «យើងបារម្ភនៅពេលណាដែលយើងអត់អាចដាំបាន នៅក្នុងត្រីមាសទី២នេះ យើងអាចមានវិបត្តិអង្ករឡើងថ្លៃ ដូចវិបត្តិទឹកជំនន់។ កាលណាយើងអត់ដាំបាន យើងនឹងរកឃើញហើយ នៅក្នុងខែសីហា និងខែកញ្ញា ដែលតម្លៃអង្ករនឹងអាចឡើងថ្លៃនៅក្នុងទីផ្សារ»។
លោក សុង សារ៉ន បញ្ជាក់ទៀតថា កាលណាដំណើរការផលិតកម្មកសិកម្ម មានភាពយឺតយ៉ាវនឹងធ្វើឲ្យតម្លៃអង្ករនៅក្នុងស្រុក មិនថាពិភពលោក ហក់ឡើងថ្លៃ ដោយសារក្រុមហ៊ុននាំចេញអង្ករនៅក្នុងស្រុកបានកាត់បន្ថយការនាំចេញ ព្រោះកង្វះស្រូវស្តុកទុកសម្រាប់នាំចេញ ហេតុនេះជាឧកាសដែលអាចឲ្យឈ្មួញនាំចូលអង្ករ និងដំឡើងថ្លៃអង្ករនៅក្នុងស្រុក។ លោកស្នើឲ្យរដ្ឋាភិបាល គួរមានកញ្ចប់ថវិកាទិញស្រូវប្រមូលទុកស្តុកទុកបម្រុង ដើម្បីសង្គ្រោះបញ្ហាកង្វះស្បៀងក្នុងស្រុក៖ «ចំពោះរដ្ឋាភិបាលខ្ញុំគិតថា ក្នុងខណៈនេះ គាត់គួរតែទិញអង្ករ ឬស្រូវស្តុកទុកទៅ ដើម្បីដោះស្រាយវិបត្តិនេះ»។
ទន្ទឹមនឹងការលើកឡើងនេះ តំណាងសហគមន៍កសិករ លោក ស៊ឹម រ៉ុម យល់ថា ដើម្បីបញ្ចៀសបញ្ហាឡើងថ្លៃអង្ករ រដ្ឋាភិបាលត្រូវដោះស្រាយឲ្យបានឆាប់រហ័សរាល់ឧបសគ្គក្នុងវិស័យកសិកម្ម សំខាន់គឺកង្វះទុន កង្វះទឹក និងកង្វះទីផ្សារ ដែលជាកត្តារាំងស្ទះដល់ដំណើរការផលិតកម្ម ពិសេសជំរុញឲ្យគ្រួសារកសិករនៅកម្ពុជា កាន់តែក្រីក្រ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី និងលោក អ៊ាង សុផល្លែត ដើម្បីដឹងពីវិធានការរបស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលបានត្រៀមទុនទិញស្រូវស្តុករួច ឬនៅ ដើម្បីបញ្ចៀសវិបត្តិឡើងថ្លៃអង្ករ បាននៅឡើយ នៅថ្ងៃទី២១ ខែមេសា។
របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ក្នុងរយៈពេល ៣ខែ គិតចាប់ពីខែមករា ដល់ខែមីនា ដើ ឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបានជាង ១៦ម៉ឺនតោន គឺកើនឡើងជាង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ។ របាយការណ៍បង្ហាញពីបរិមាណនាំចេញអង្ករនេះនៅមានកំណើនតិចតួចនៅឡើយ បើធៀបនឹងឆ្នាំមុន។ ជាងនេះទៀត ក៏នៅមានគម្លាតឆ្ងាយនៅឡើយពីទិសដៅដែលរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន ១លានតោនក្នុងមួយឆ្នាំៗ។
ក្រុមហ៊ុននាំចេញអង្ករ អះអាងថា ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការទប់ស្កាត់វិបត្តិអង្ករឡើងថ្លៃនោះទេ កម្ពុជាមិនត្រឹមតែខ្វះស្បៀងផ្គត់ផ្គងក្នុងស្រុកប៉ុណ្ណោះទេ វិស័យស្រូវអង្ករកម្ពុជា ក៏មិនអាចគេចចេញពីការដួលរលំផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
