ពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម​បង្កើត​មុខ​របរ​ដាំ​អំពៅ​ដើម្បី​បង្កើន​ចំណូល

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​ច្រើន​គ្រួសារ​នាំគ្នា​ប្រកប​របរ​ដាំ​ដំណាំ​អំពៅ​ជា​លក្ខណៈ​គ្រួសារ។ ដំណាំ​នេះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​អាច​ជួយ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ហើយ​ជា​មុខ​របរ​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ថែម​ទៀត។ ដំណាំ​អំពៅ​ត្រូវ​ការ​ពេល​វេលា​យូរ និង​ទាមទារ​ឱ្យ​មាន​ការ​ថែទាំ​ឱ្យ​បាន​ដិតដល់​ជាដើម។

អំពៅ​ប្រភេទ​ពូជ​កែវទឹកឃ្មុំ គឺ​ជា​ពូជ​អំពៅ​មួយ​ប្រភេទ​ដែល​ប្រជា​កសិករ​នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម នាំ​គ្នា​និយម​ដាំ​ច្រើន​ជាង​គេ។ ពូជ​អំពៅ​ប្រភេទ​នេះ​គឺ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​ទឹក​របស់​វា​មាន​រស់​ជាតិ​ផ្អែម និង​ក្រអូប​ថែម​ទៀត។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ពួកគាត់​នាំ​គ្នា​ប្រកប​មុខ​របរ​ដាំ​អំពៅ​ប្រមាណ ១០ ទៅ ២០​ឆ្នាំ​មក​ហើយ ដោយ​មុខ​របរ​នេះ​ជំនួស​ឱ្យ​មុខ​របរ​ធ្វើ​ស្រែ​របស់​ពួកគាត់។ ពលរដ្ឋ​ភាគ​ច្រើន​រីករាយ​ចំពោះ​ការ​ដាំ​ដំណាំ​អំពៅ​នេះ ពីព្រោះ​វា​បាន​ផ្ដល់​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ច្រើន ម្យ៉ាង​ជៀស​វាង​ការ​ទុក​ដី​ទំនេរ​ចោល។

ប្រជា​កសិករ​ម្នាក់​នៅ​ភូមិ​រមូល ឃុំ​រអាង អ្នកស្រី ឡូត គឹមណេន មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​ផ្ទៃដី​សម្រាប់​ដាំ​អំពៅ​ប្រមាណ ១​ហិកតារ។ អ្នកស្រី​ថា ដំណាំ​នេះ​ប្រជា​កសិករ​ចាប់​ផ្ដើម​ដាំ​ពី​ខែ​មិថុនា ឬ​ខែ​កក្កដា ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​រួច។ ប្រជា​កសិករ​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ដី​មួយ​ហិកតារ អ្នកស្រី​ត្រូវ​ការ​ចំណាយ​ដើម​ទុន​ដូចជា​ថ្លៃ​ពូជ​អំពៅ​ត្រូវ​ដាំ​ថ្លៃជី ថ្លៃជួល​កម្មករ រហូត​ដល់​ថ្ងៃ​ទទួល​ផល​អាច​លក់​ចេញ​បាន គឺ​ចំណាយ​ជាង ១០​លាន​រៀល ឬ ជាង ៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​លក់​ចេញ​​វិញ គឺ​បាន​ចំណូល​ជាង ២០​លាន​រៀល ឬ​លើស​ពី​នេះ៖ «លក់​ទៅ​មាន​បញ្ហា​ទីផ្សារ​ដែរ ជួនកាល​វា​ចុះ​ទៅ​ ជួនកាល​វា​ថ្លៃ​ទៅ ប្រសិនបើ​ចុង​ដៃ​ខែ​បី ខែ​បួន គេ​អស់​គ្រប់​គ្នា​ទៅ ក៏​រឿង​ងើប​បាន​ថ្លៃ​បន្តិច​ទៅ»

ដំណាំ​អំពៅ​ជា​ទូទៅ​ប្រជា​កសិករ​នៅ​ឃុំ​រអាង នាំ​គ្នា​ចុះ​ដាំ​នៅ​ខែ​មិថុនា ឬ​ខែ​កក្កដា ហើយ​អាច​ទទួល​ផល​នៅ​ខែ​កុម្ភៈ ឬ​ខែ​មីនា។ ដំណាំ​អំពៅ​ប្រភេទ​នេះ ត្រូវការ​ថែទាំ​ដិតដល់ ដូចជា​ត្រូវ​សម្អាត​ដី​ឱ្យ​ស្អាត និង​ដី​ផុស​ល្អ ដោយ​ត្រូវ​ភ្ជួរ​ត្រឡប់​ពី បី ឬ​បួន​សា ទើប​អាច​ដាំ​បាន។ កសិករ​ខ្លះ​និយម​ប្រើ​ជី​ដាក់​ទ្រាប់​បាត​ដី​មុន​ពេល​ដាំ ប៉ុន្តែ​កសិករ​ខ្លះ​ទៀត និយម​ប្រើប្រាស់​ថ្នាំ​ម្យ៉ាង​សម្រាប់​បាញ់​លើ​ពូជ​អំពៅ​មុន​ពេល​ពួកគាត់​ដាំ។ អំពៅ​ជា​ប្រភេទ​ដំណាំ​មិន​សូវ​ត្រូវ​ការ​ទឹក​ច្រើន ឬ​ត្រូវការ​​ទឹក​ខ្លាំង​ពេក​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​គល់​វា​​អាច​រលួយ។

ទោះ​ជា​ដំណាំ​អំពៅ​អាច​ជួយ​​កសិករ​ឱ្យ​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​អ្នកស្រី ឡូត គឹមណេន បញ្ជាក់​ថា ដំណាំ​ប្រភេទ​នេះ អាច​ប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា​ត្រូវ​ដួល​នៅ​ពេល​មាន​ខ្យល់​ខ្លាំង ពិសេស​ងាយ​​ភ្លើង​ឆេះ​នៅ​រដូវ​ក្ដៅ​ខ្លាំង ឬ​ឆេះ​ដោយ​ការ​ធ្វេសប្រហែស​ណា​មួយ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នាំ​គ្នា​ដាំ​អំពៅ​នៅ​លើ​ដី​របស់​ពួកគាត់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
ប្រជាពលរដ្ឋ​នៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នាំ​គ្នា​ដាំ​អំពៅ​នៅ​លើ​ដី​របស់​ពួកគាត់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ (RFA/Saut Sokprathna)

ម្ចាស់​ចម្ការ​អំពៅ​មួយ​រូប​ទៀត​មាន​វ័យ​ជាង ៦០​ឆ្នាំ លោក អ៊ុត សុខុម ហៅ សុខ មាន​ប្រសាសន៍​ថា អំពៅ​មាន​ច្រើន​ប្រភេទ ដូចជា​អំពៅ​កែវទឹកឃ្មុំ អំពៅត្រែង ឬ​អំពៅ​ឫស្សី​ជាដើម ប៉ុន្តែ​អ្នក​ភូមិ​របស់​លោក​ភាគ​ច្រើន​នាំ​គ្នា​ដាំ​អំពៅ​ប្រភេទ​កែវទឹកឃ្មុំ ពីព្រោះ​ជា​អំពៅ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ។

លោក​បន្ត​ថា ដើម្បី​ដាំ​អំពៅ​ឱ្យ​មាន​គុណភាព​ល្អ គឺ​អាស្រ័យ​លើ​ប្រភេទដី និង​ត្រូវ​ជ្រើសរើស​ពូជ​អំពៅ​ឱ្យ​បាន​ត្រឹមត្រូវ​ ពិសេស​ជា​ប្រភេទ​ពូជ​ដែល​មិន​ធ្លាប់​មាន​ជំងឺ និង​ជា​ប្រភេទ​ពូជ​មិន​ក្មេង​ពេក និង​មិន​ចាស់​ពេក ហើយ​ជា​អំពៅ​ដែល​មិន​ទាន់​បាន​សកសំបក​រួច៖ «យើង​ត្រូវ​ជ្រើសរើស​ពូជ​ដែល​មិន​មាន​ជំងឺ។ ប្រភេទ​ជំងឺ​មាន​ដូចជា​ប្រភេទ​ជំងឺ​ក្រាល​ស៊ី ដែល​ធ្វើ​ឱ្យ​ឫស​ពុក ហើយ​រោគ​សញ្ញា​របស់​វា​គឺ​ធ្វើ​ឱ្យ​មាន​ឆ្នូត​ពណ៌​លឿង»

លោក​បន្ត​ថា មុខ​របរ​ដាំ​អំពៅ គឺ​ជួយ​រក​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ជូន​កសិករ​បាន​ច្រើន។ លោក​ថា ប្រសិន​អំពៅ​អំណោយ​ផលល្អ មិន​មាន​ហានិភ័យ​កើត​ឡើង​​ទេ ក្នុង​ទំហំ​ផ្ទៃ​ដី ១​ហិកតារ កសិករ​អាច​រក​ចំណូល​បាន​ពី ៥០​លាន​រៀល ទៅ ៦០​លាន​រៀល ដោយ​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ​ម៉ៅ​ជា​ចម្ការ​តែម្ដង។ ជា​មួយ​គ្នា​នេះ ដំណាំ​អំពៅ​ទាមទារ​ឱ្យ​កសិករ ថែទាំ​ដិតដល់ ហើយ​ការ​ប្រើប្រាស់​ថ្នាំ ឬ​ដាក់​បញ្ចូល​ទឹក គឺ​ធ្វើ​ឡើង​តាម​បច្ចេកទេស ដូចជា​បាញ់​ថ្នាំ​ជី​ធម្មជាតិ​ជំនួយ​ដើម ហើយ​កសិករ​ត្រូវ​ភ្ជួរ​ផ្គុំ​គល់​អំពៅ​នៅ​ពេល​វា​លូតលាស់​បាន​ខ្ពស់​បន្តិច និង​សក​ស្លឹក​អំពៅ​នៅ​ពេល​វា​មាន​សាច់​កម្ពស់​ពី​មួយ​ម៉ែត្រ​ឡើង​ទៅ។ បន្ថែម​ពី​នេះ នៅ​រដូវ​រំហើយ​កសិករ​អាច​ចង​ចុង​អំពៅ​ភ្ជាប់​គ្នា​ក្នុង​មួយ​គុម្ពៗ ជៀស​វាង​ការ​ដួល​ដោយ​ប្រការ​ណា​មួយ៖ «ស្លឹក​លាស់​បាន​ប្រាំ យើង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ជី​ជំនួយ កន្លះ​ខែ​ម្តងៗ យើង​បាញ់​ឱ្យ​បាន​បួន​ដង។ គឺ​រហូត​ដល់​អំពៅ​នោះ​ឡើង​ត្រឹម​ក្បាល​យើង ឬ​លើស​ពី​នេះ​ទៀត បើ​យើង​តស៊ូ​បាញ់​កាន់​តែ​ច្រើន កាន់​តែប្រសើរ»

ប្រភព​ដដែល​និយាយ​ថា ក្រៅ​ពី​ថែទាំ​ដំណាំ​អំពៅ​តាម​បច្ចេកទេស​ហើយ ប្រជា​កសិករ​ត្រូវ​សម្អាត​ផ្ទៃ​ដី​ដាំ​ដុះ​ឱ្យ​បាន​ស្អាត ជៀសវាង​មាន​ថង់​ប្លាស្ទិក ឬ​ជ័រ​កប់​នៅ​ក្នុង​ដី។ កសិករ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា អំពៅ​អាច​ផ្ដល់​ផល​ក្នុង​រយៈពេល ៦ ទៅ ៨​ខែ ហើយ​សល់​ពេល​ក្រៅ​ពី​នោះ កសិករ​អាច​ដាំ​ដំណាំ​ផ្សេងៗ ដែល​ប្រើ​រយៈពេល​ខ្លី​ដូចជា​បន្លែ​បង្ការ ដើម្បី​ជួយ​រក្សា​លំនឹង​សារធាតុ​ចិញ្ចឹម​ដល់​ដី ម្យ៉ាង​កសិករ​អាច​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត​បាន។

ផ្ទៃ​ដី​ដាំ​អំពៅ​នៅ​ខេត្ត​កំពង់ចាម មាន​ទំហំ​ជាង ១​ពាន់ (១.២១៨) ហិកតារ ដែល​បាន​ដាំ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ដូចជា ស្រុក​កំពង់សៀម ស្រុក​ព្រៃឈរ ស្រុក​កោះសូទិន និង​ស្រុក​កងមាស ជាដើម។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម លោក គឹម សាវឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា អំពៅ​ដែល​ប្រជា​កសិករ​ដាំ​គឺ​សម្រាប់​បម្រើ​ទីផ្សារ​ក្នុង​តំបន់ និង​បញ្ជូន​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ឬ​តំបន់​ផ្សេង​ទៀត ដើម្បី​គាប​យក​ទឹក​លក់​ឱ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ។

លោក​បន្ត​ថា កន្លង​មក​មន្ត្រី​កសិកម្ម​ថ្នាក់​ស្រុក បាន​ណែនាំ​បច្ចេកទេស​ដាំ​ដុះ និង​វិធី បង្ការ​ហានិភ័យ​មួយ​ចំនួន​ដល់​ប្រជា​កសិករ​ទាំង​នោះ។ លោក​មើល​ឃើញ​ថា កសិករ​ដាំ​អំពៅ​គឺ​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​​ក្រុម​គ្រួសារ​តាម​រយៈ​លក់​ជា​អំពៅ​ឱ្យ​ឈ្មួញ​ផ្ទាល់​តែម្ដង ឬ​អាច​យក​ទៅ​គាប​ទឹក​លក់​ឱ្យ​ភ្ញៀវ​ដោយ​ខ្លួន​ឯង​បាន៖ «នៅ​ពេល​ដំណាក់កាល​លូតលាស់​ហើយ យើង​លះ​ជើង​វិញ។អ៊ីចឹង​អា​ជើង​ងាប់ៗ​ហ្នឹង​វា​អត់​មាន​ទេ អ៊ីចឹង​បើ​ទោះ​បី​ជា​យើង​បោះ​ភ្លើង ឬ​មាន​ភ្លើង​ក្នុង​ហ្នឹង​ក៏​អត់​ឆេះ​ដែរ»

ប្រធាន​មន្ទីរ​កសិកម្ម​ដដែល​បន្ថែម​ថា ​មន្ត្រី​ជំនាញ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​កែប្រែ​ពី​ការ​ដាំ​ដំណាំ​កសិកម្ម ឬ​ដំណាំ​កសិ-​ឧស្សាហកម្ម​ ព្រម​ទាំង​ការ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​ការ​ធ្វើ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។