ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ស្របពេលដែលព្រៃធម្មជាតិកាន់តែបាត់បង់ទៅ គឺបានធ្វើឱ្យសត្វឃ្មុំដែលទឹករបស់វាមានរសជាតិផ្អែមឆ្ងាញ់ ហើយមនុស្សជាច្រើននៅតែត្រូវការចាំបាច់នោះ ក៏បាត់បង់ និងថយចុះជាបន្តបន្ទាប់ដែរ។
ជាមួយគ្នានេះ កសិករខ្លះក្រៅតែពីមានមុខរបរធ្វើស្រែចម្ការ ក៏កំពុងចាប់យកមុខរបរថ្មីមួយទៀត គឺចិញ្ចឹមសត្វឃ្មុំ ដើម្បីយកទឹកលក់ទៅកាន់ទីផ្សារក្នុងស្រុក។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅឃុំខ្នងភ្នំ នៃស្រុកស្វាយលើ និងឃុំត្បែងខាងលិច នៃស្រុកបន្ទាយស្រី ជាប់នឹងតំបន់ភ្នំគូលែន បានមើលឃើញថា ទឹកឃ្មុំគឺជាតម្រូវការរបស់មនុស្សសម័យថ្មី ដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងពេលបច្ចុប្បន្ន ក៏ដូចជាតទៅអនាគត។
ដោយសារការយល់ឃើញដូចនេះ ស្របពេលដែលព្រៃធម្មជាតិកាន់តែបាត់បង់ទៅៗ ហើយទឹកឃ្មុំព្រៃក៏ពិបាកដើររកទៀតនោះ កសិករមួយចំនួនក៏បែរទៅរៀនជំនាញចិញ្ចឹមសត្វឃ្មុំដើម្បីយកទឹកលក់ជំនួសឱ្យការដើររកទឹកឃ្មុំពីព្រៃតាមរបៀបផ្សងព្រេងវិញ។
បច្ចុប្បន្ននេះ មានកសិករមិនច្រើនទេ ដែលរស់នៅលើខ្នងភ្នំគូលែននៃស្រុកស្វាយលើ និងជើងភ្នំគូលែន នៃស្រុកបន្ទាយស្រី ដែលចាប់យកមុខរបរចិញ្ចឹមឃ្មុំនេះ។
អ្នកភូមិព្រះធំ នៃឃុំខ្នងភ្នំ ស្រុកស្វាយលើ ម្នាក់ ដែលកំពុងប្រកបរបរចិញ្ចឹមឃ្មុំ គឺលោក ជិន វណ្ណនី។ លោកមានប្រសាសន៍ថាលោកបានចាប់យកមុខរបរចិញ្ចឹមឃ្មុំ រយៈពេលជាច្រើនឆ្នាំហើយចាប់តាំងតែពីលោក បានរៀនពីសកលវិទ្យាល័យនៅខេត្តបន្ទាយមានជ័យមក។ ពូជឃ្មុំដែលលោកចិញ្ចឹមនេះគឺជាពូជមីលីសារ៉ា (Milisara) ដែលមានដើមកំណើតនៅតំបន់អឺរ៉ុប។
លោក ជិន វណ្ណនី បញ្ជាក់ទៀតថា ការចិញ្ចឹមឃ្មុំនេះអាចជួយឱ្យគ្រួសាររបស់លោកបានចំណូលសមគួរ ដោយក្នុងរយៈពេល ១ឆ្នាំ គឺអាចទទួលផលជាទឹកឃ្មុំ និងពីក្រមួនឃ្មុំ បានរយៈពេល ៦ខែ ហើយក្នុងមួយថ្ងៃលោកអាចរកប្រាក់កម្រៃពី ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀល ដោយការលក់ទឹកឃ្មុំ៖ «នៅតំបន់ខ្ញុំនេះមានបងប្អូនខ្លះគាត់លក់ទឹកឃ្មុំអត់សូវល្អ អ៊ីចឹងខ្ញុំចិញ្ចឹមឃ្មុំ ខ្ញុំចង់កែប្រែការលក់ទឹកឃ្មុំមិនល្អហ្នឹងមកជាលក់ទឹកឃ្មុំល្អសម្រាប់ភ្ញៀវវិញ ពីព្រោះយើងត្រូវការទេសចរ»។

លោក ជិន វណ្ណនី មានប្រសាសន៍ថា បច្ចុប្បន្នទឹកឃ្មុំដែលលោកផលិតបានគឺលក់ក្នុងតម្លៃ ៦ម៉ឺនរៀល ស្មើនឹង ១៥ដុល្លារក្នុង ១លីត្រ។ ទីផ្សាររបស់លោកមិនពិបាករកទេ គឺលក់ទៅឱ្យអ្នកទេសចរចម្រុះជាតិសាសន៍ ដែលទៅទស្សនាភ្នំគូលែន ព្រមទាំងលក់ឱ្យក្រុមហ៊ុនជប៉ុន មួយ ដែលតែងទិញយកទៅធ្វើនំ។
កសិករចិញ្ចឹមឃ្មុំបានទទួលស្គាល់ដូចៗគ្នាថា ការចិញ្ចឹមឃ្មុំដែលអាចទទួលផលប្រសើរ គឺទីពឹងទៅលើព្រៃធម្មជាតិសំបូរបែប ព្រមទាំងមានផ្ការីកស្រស់ទៅតាមរដូវកាល ប៉ុន្តែប្រសិនបើគ្មានព្រៃធម្មជាតិទេ សត្វឃ្មុំក៏គ្មានផ្កាក្រេបយកលំអង ព្រមទាំងមិនមានទឹកដមល្អដែរ។
លោក ពាង ឆុញ គឺជាកសិករចិញ្ចឹមឃ្មុំព្រៃម្នាក់ទៀតរស់នៅឃុំត្បែងខាងលិច នៃស្រុកបន្ទាយស្រី ជាប់ជើងភ្នំគូលែន មានប្រសាសន៍ថា រយៈពេលជាង ១០ឆ្នាំហើយ ដែលគ្រួសាររបស់លោកមានជីវភាពធូរធារមួយកម្រិតទៀតបន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។ ពេលទំនេរពីការងារស្រែចម្ការលោកតែងលីបង្គង ដើរដាក់តាមព្រៃរបោះ រួចហើយលាបទឹកឃ្មុំនៅតាមបង្គងទាំងនោះដើម្បីឱ្យឃ្មុំព្រៃហើរមកទុំ។ របរចិញ្ចឹមឃ្មុំនេះ បានធ្វើឱ្យរូបគាត់និងអ្នកភូមិប្រមាណ ៣០គ្រួសារទៀត អាចរកប្រាក់បានប្រមាណ ១.០០០ដុល្លារក្នុង១ឆ្នាំៗ ពីការលក់ទឹកឃ្មុំ។
ទោះជាយ៉ាងណា ពេលបច្ចុប្បន្ន លោក ពាង ឆុញ សំដែងការព្រួយបារម្ភដោយសារតែព្រៃឈើបាត់បង់ ហើយចំនួនសត្វឃ្មុំព្រៃក៏ថយដែរនោះ។ លោក ឆុញ អំពាវនាវឱ្យមន្ត្រីរដ្ឋាភិបាលជួយមានវិធានការទប់ស្កាត់ការឈូសបំផ្លាញព្រៃ ដើម្បីឱ្យសត្វឃ្មុំព្រៃបាននៅគងវង់យូរអង្វែង៖ «គេឈូសឆាយដាំដំឡូងមីក៏អស់ព្រៃ នៅតែព្រៃខ្នងភ្នំ ដាក់បង្គងឃ្មុំយ៉ាងម៉េចកើត។ ខ្ញុំចង់ឱ្យជួយធ្វើម៉េចកុំឱ្យមានការរុករានយកដីព្រៃតទៅទៀត»។
លោក ពាង ឆុញ បញ្ជាក់ថា រយៈពេល ២ឆ្នាំចុងក្រោយនេះ អ្នកភូមិរបស់លោកជាច្រើនបានបោះបង់ចោលមុខរបរចិញ្ចឹមឃ្មុំព្រៃ ដោយសារតែអស់ព្រៃឈើ ចំណែករូបលោកនៅតែតស៊ូចិញ្ចឹមដោយបានចំណូលពីការលក់ទឹកឃ្មុំថយចុះយ៉ាងខ្លាំង គឺប្រហែល ៥០០ដុល្លារក្នុង១ឆ្នាំ។
មន្ត្រីជំនាញផ្នែកបរិស្ថានបានលើកទឹកចិត្ត និងគាំទ្រ ឱ្យកសិករចិញ្ចឹមឃ្មុំតទៅទៀត ពីព្រោះសត្វឃ្មុំក្រៅពីផ្ដល់ទឹកសម្រាប់ឱ្យមនុស្សយកទៅធ្វើជាអាហារ វាក៏មានតួនាទីសំខាន់ក្នុងការជួយឱ្យធម្មជាតិមានផ្លែផ្កាសម្រាប់ផ្ដល់ជាចំណីដល់មនុស្ស និងសត្វជាច្រើនប្រភេទទៀតដែរ។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា លោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជាច្រើនដែលរស់នៅលើខ្នងភ្នំគូលែន ធ្វើវិស័យកសិកម្មទាំងឡាយណាដែលឆ្លើយតបទៅនឹងវិស័យទេសចរណ៍ ព្រមទាំងការចិញ្ចឹមសត្វឃ្មុំជាដើម ប្រយោជន៍ជៀសវាងពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិ។
លោក ភួង លីណា បញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្លះដែលរស់នៅលើខ្នងភ្នំគូលែន កំពុងប្រកបមុខរបរកាប់ឈើ និងកាប់ព្រៃដើម្បីធ្វើចម្ការដាំស្វាយចន្ទី។ របរទាំងនេះគឺមិនមាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចគ្រួសារទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបំផ្លាញបរិស្ថាន។
មន្ត្រីបរិស្ថានដដែលបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងតែបង្វែរមុខរបរប្រជាពលរដ្ឋខ្លះឱ្យក្លាយទៅជាសហគមន៍អេកូទេសចរណ៍ដើម្បីរកចំណូលចិញ្ចឹមជីវិត ហើយជួយការពារដល់ធម្មជាតិដែលនៅលើខ្នងភ្នំគូលែនផង៖ «យើងក៏បានគិតអំពីវិស័យកសិកម្មយើងគិតថា បើសិនជាគាត់នៅតែកាប់រុករានដីព្រៃធ្វើកសិកម្មដាំស្វាយចន្ទី ហ្នឹងទេ គឺវាមិនមាននិរន្តរភាពដូចគ្នា»។
អ្នកជំនាញបរទេសផ្នែកចិញ្ចឹមសត្វឃ្មុំ លោក ដានីញ៉ែល អ័រចាមផ៍ (Daniel R.Jump) ពន្យល់ថា សត្វឃ្មុំគឺមានតួនាទីសំខាន់បំផុតសម្រាប់ជួយជីវិតមនុស្ស សត្វ និងរុក្ខជាតិទាំងអស់នៅលើពិភពលោកឱ្យមានផ្លែនិងផ្កា។ ប្រសិនបើក្នុងពិភពលោកទាំងមូលគ្មានសត្វឃ្មុំសម្រាប់ជាភ្នាក់ងារជួយដល់រុក្ខជាតិឱ្យមានផ្លែផ្កាទេ គឺមនុស្សនិងសត្វច្បាស់ជាខ្វះស្បៀងអាហារមិនខាន។
អ្នកចិញ្ចឹមឃ្មុំជាច្រើនទៀតឱ្យដឹងថា ឃ្មុំក្រៅតែពីផ្ដល់ទឹកជាអាហារផ្អែមឆ្ងាញ់ គឺកន្លែងជាច្រើនទៀតសុទ្ធតែមានប្រយោជន៍ ដូចជាទឹកឃ្មុំត្រូវគេយកទៅធ្វើជាឱសថកែរោគ ធ្វើជាទឹកតែផឹក ឯក្រមួនឃ្មុំ អាចយកទៅធ្វើជាទៀនដ៏មានតម្លៃ ហើយនៅតាមគ្រឿងអេឡិចត្រូនិកខ្លះ ក៏ត្រូវការប្រើក្រមួនស្រោបដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
