ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យសារព័ត៌មាននៅកម្ពុជា យល់ឃើញថា អ្នកកាសែតមានតួនាទីសំខាន់ណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ពួកគេក្រៅពីជាយានសម្រាប់នាំសារហើយ ក្នុងនោះក៏ជាផ្នែកមួយរួមចំណែកក្នុងការកែទម្រង់ភាពអសកម្ម ឬការខ្វះចន្លោះនៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថែមទៀតផង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមអ្នកកាសែតក៏ត្រូវរងការប្រមាថពីអាយុជីវិតបាញ់សម្លាប់គំរាមកំហែងពីជនពុករលួយ និងមានពេលខ្លះ អ្នកសារព័ត៌មានត្រូវគេចាត់ទុកថា គឺជាឆ្អឹងទទឹងកទៅវិញ។
បើទោះជា ក្រុមអ្នកសារព័ត៌មានដឹងថា ខ្លួនត្រូវធ្វើការដោយប្រថុយប្រថានក្នុងបេសកកម្មដ៏គ្រោះថ្នាក់ក៏ដោយ ដើម្បីសម្រេចគោលដៅនេះ ពួកគេត្រូវជម្នះ និងហ៊ានលះបង់ខ្ពស់ក្នុងបុព្វហេតុរុញច្រានស្ថានការណ៍ដែលអួអាប់ ឬថា រឿងរ៉ាវដែលត្រូវបានគេព្យាយាមបិទបាំងពាក់ព័ន្ធផលប្រយោជន៍សាធារណៈ ឬក្នុងហេតុផលអំពើពុករលួយណាមួយ។
ក្រុមអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយយល់ឃើញថា អ្នកកាសែតមិនមែនត្រឹមដើរតួនាទីក្នុងនាមជាអ្នកប្រមូលស្រាវជ្រាវរុករក ឬថា តាមប្រមាញ់ព័ត៌មាន ដើម្បីបានចុះផ្សាយនៅក្នុងអង្គភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកដែលជួយកែទម្រង់ដ៏ស៊ីជម្រៅបន្ថែមទៀតក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរ ភាពខ្វះចន្លោះទៅលើកម្មវិធីនយោបាយនានារបស់រដ្ឋ។
ជានាយកប្រតិបត្តិរបស់សារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ដត ខម (thmeythmey.com) និងជាសមាជិកគណៈកម្មការនាយកក្លឹបអ្នកកាសែតកម្ពុជាផង លោក គី សុខលីម ថ្លែងថា ការពិតអ្នកសារព័ត៌មានបានចូលរួមយ៉ាងសកម្មរួចទៅហើយក្នុងការប្រយុទ្ធប្រឆាំងភាពអសកម្មនានារបស់សង្គម ដោយមិនផ្ដោតចំពោះតែអំពើពុករលួយមួយនោះឡើយ។ លើសពីនេះ អ្នកកាសែតគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញឲ្យអ្នកតាក់តែងគោលនយោបាយមុននឹងធ្វើសេចក្ដីសម្រេចអ្វីមួយត្រូវប្រុងប្រយ័ត្ន ដើម្បីចៀសវាងភាពខុសឆ្គង។
លោកបន្តថា៖ «យើងបានចូលរួមសរសេរពីភាពមិនប្រក្រតីច្រើន។ មិនមែនតែរឿងពុករលួយទេ ប៉ុន្តែភាពមិនប្រក្រតីផ្សេងៗ ដែលកើតឡើងនៅក្នុងសង្គមខ្មែរយើង រហូតអំពើពុករលួយត្រូវបានកាត់បន្ថយ»។
តួនាទី និងការទទួលខុសត្រូវរបស់អ្នកកាសែតទាំងពេលមុន និងក្នុងពេលបច្ចុប្បន្ន គឺមិនត្រឹមជាអ្នកដែលផ្ដល់ព័ត៌មានប៉ុណ្ណោះនោះទេ។ ជាងនេះទៀត អ្នកកាសែតមានភារកិច្ចក្នុងការតាមឃ្លាំមើលត្រួតពិនិត្យ និងអ្នកជាសង្កេតការណ៍ដ៏មានប្រសិទ្ធភាព។ កាតព្វកិច្ចដ៏ចម្បងរបស់អ្នកកាសែតមួយទៀត គឺក្រៅពីដឹងរឿងដោយខ្លួនឯងផ្ទាល់ហើយ ថែមទាំងយករឿងទាំងនោះ លាតត្រដាងជាសាធារណៈថែមទៀតផង បើទោះជារឿងទាំងនោះ មានប្រយោជន៍តិច ឬក៏ច្រើនសម្រាប់សង្គមយ៉ាងណាក្ដី។
ស្ថិតក្រោមហេតុផលទាំងនេះហើយ ដែលពួកគេត្រូវបានកំណត់ថា ជាក្រុមដែលគួរឲ្យភ័យខ្លាច ជាពិសេស សំដៅទៅលើអ្នកដែលប្រព្រឹត្តបទល្មើស អ្នករកស៊ីខុសច្បាប់ ឬជាមន្ត្រីរដ្ឋាភិបាល អង្គការ សមាគម និងភាគីពាក់ព័ន្ធដទៃទៀត ដែលមិនមានភាពស្អាតស្អំក្នុងហេតុផលណាមួយ។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ថ្លែងថា តាមពិតអ្នកកាសែត ឬអ្នកសារព័ត៌មាន គឺជាប្រទីបបំភ្លឺសម្រាប់សង្គមដែលខ្វះមិនបាន។ លោកបន្តថា នៅក្នុងសង្គមមួយ ប្រសិនបើបណ្ដាញព័ត៌មានពុំបានគ្របដណ្ដប់ទេ នោះគឺជាឱកាសមួយសម្រាប់អ្នកប្រព្រឹត្តបទល្មើស និងធ្វើអ្វីៗតាមចិត្ត។ ជាងនេះទៀត រឿងដែលសំខាន់ គឺអ្នកកាសែត ក្រៅពីមានភារកិច្ចក្នុងនាមជាអ្នកសង្កេតការណ៍ហើយ តួនាទីបន្ថែមនោះ គឺប្រៀបដូចជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងរាល់ភាពអសកម្ម និងអំពើពុករលួយទៀតផង។
លោក មឿន ឈានណារិទ្ធ៖ «អ្នកសារព័ត៌មានយើងប្រៀបធៀបទៅ ដូចជាទាហានជួរមុខ គឺយើងស្ថិតនៅក្នុងសមរភូមិមុខ។ បើគ្មានអ្នកសារព័ត៌មានទេ ការប្រឆាំងអំពើពុករលួយប្រហែលមិនមានប្រសិទ្ធភាពទេ»។
បើទោះជាអ្នកកាសែតមានតួនាទីដ៏សំខាន់បែបនេះក្តី ក៏ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា យល់ឃើញថា ពួកគេនៅតែប្រឈមមុខខ្ពស់ពីអាយុជីវិត និងត្រូវបានរើសអើងជានិច្ចកាលនៅពេលត្រូវការបំភ្លឺណាមួយ ឬរបាយការណ៍ពីស្ថាប័នអង្គភាព ឬមន្ទីររបស់រដ្ឋ។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យល់ឃើញថា ក្រុមអ្នកកាសែតនៅតែមានភាពចង្អៀតនៅឡើយ ក្នុងការសុំយោបល់ ឬស្នើសុំណាត់ជួបដើម្បីធ្វើបទសម្ភាសន៍ ជាពិសេសមន្ត្រីរបស់រដ្ឋាភិបាលតែម្ដង។
លោកបន្តថា បើពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយវិញ មើលទៅហាក់ទូលំទូលាយណាស់ និងបើកចំហ ប៉ុន្តែសិទ្ធិទទួលបានព័ត៌មានគឺនៅតែរួមតួច និងចង្អៀតនៅឡើយ៖ «បង្កើតប្រព័ន្ធយ៉ាងម៉េច យន្តការយ៉ាងម៉េច ធានាឲ្យស្ថាប័នរដ្ឋហ្នឹងគឺបើកចំហព័ត៌មាន។ លោកបន្តទៀតថា ក្រុមខាងស្ថាប័នខ្ញុំ និងជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត កំពុងជំរុញឲ្យមានការអនុម័តច្បាប់ ការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានសាធារណៈហ្នឹង»។
មានអ្នកកាសែតច្រើនណាស់មកហើយនៅកម្ពុជា ត្រូវឃាតកបាញ់សម្លាប់។ ទន្ទឹមនឹងនេះ របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporter without Borders) បញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ននេះ មានអ្នកកាសែតចំនួន ១១នាក់ហើយ ត្រូវបានគេសម្លាប់។ ដោយឡែកក្នុងឆ្នាំ២០១៤ ស្ថាប័នអន្តរជាតិមួយនេះ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលេខរៀង ១៤៤ ក្នុងចំណោមប្រទេស ១៨០ ស្ដីពីសិទ្ធិបញ្ចេញមតិដែលនៅអន់ថតនៅឡើយ។
ក្រៅពីនេះ មូលហេតុពិតប្រាកដនៃការស្លាប់មួយចំនួនគេនៅរកមិនទាន់ឃើញច្បាស់លាស់នៅឡើយទេ។ បើទោះជារបាយការណ៍នៃការស៊ើបអង្កេតបឋមរបស់មន្ត្រីនគរបាលយុត្តិធម៌នៅមូលដ្ឋានពុំបានបញ្ជាក់ពីមុខសញ្ញានៃអំពើឃាតកម្មក្ដី ក៏ការសន្និដ្ឋានជាជំហានដំបូងរបស់ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយមើលឃើញថា បញ្ហានោះគឺបណ្ដាលមកពីទំនាស់ផលប្រយោជន៍ផ្សេងៗ ដូចជាបទល្មើសព្រៃឈើ។ តួយ៉ាងដូចអ្នកកាសែតនៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង ជាដើម។
របាយការណ៍ដែលចេញផ្សាយដោយក្លឹបអ្នកកាសែតកម្ពុជា (CCJ) ក្នុងពេលកន្លងទៅ ឲ្យដឹងថា អ្នកកាសែតកម្ពុជា ត្រូវបានគេសម្លាប់គិតមកដល់ពេលនេះមានចំនួន ១១នាក់ហើយ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៨នាក់។ ខេត្តព្រះសីហនុ ម្នាក់ និងខេត្តកំពង់ចាម ម្នាក់។ តួលេខនេះ នៅមិនទាន់គិតពីអ្នកកាសែតដែលត្រូវគេសម្លាប់នៅខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង នៅឡើយផង។
បើទោះជានៅពេលចុងក្រោយនេះ មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធការសម្លាប់អ្នកកាសែតនៅក្រចេះ និងកំពង់ឆ្នាំង ក្តី តែកន្លងមកអ្នកប្រព្រឹត្តបទល្មើស ឬឧក្រិដ្ឋជន ព្រមទាំងអ្នកនៅពីក្រោយខ្នងនៃបទល្មើសបាញ់សម្លាប់អ្នកកាសែតមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកអង្គការមិនមែនរដ្ឋាភិបាលវិញចាត់ទុកថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសចំពោះអ្នកប្រព្រឹត្តបទល្មើសនៅតែប្រឈមមុខខ្ពស់ដូចមុននៅឡើយ។
ជាងនេះទៀត រដ្ឋាភិបាលមិនដែលខ្វល់ទាល់តែសោះជុំវិញបទឧក្រិដ្ឋទាំងនេះ ជនដៃដល់នៅតែត្រូវរួចខ្លួនបើទោះជាមានការរិះគន់ជាហូរហែពីអង្គការជាតិ និងអន្តរជាតិ ចំពោះភាពព្រងើយកន្តើយ ឬការយឺតយ៉ាវជុំវិញចំណាត់ការនេះក៏ដោយចុះ។
ឆ្លើយតបរឿងនេះ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា រហូតមកដល់ពេលនេះ សំណុំរឿងដែលពាក់ព័ន្ធនឹងឃាតកម្មប្រឆាំងលើអ្នកសារព័ត៌មាននៅតែបើកចំហដើម្បីស៊ើបអង្កេត។ ទោះជាយ៉ាងនេះក៏ដោយចុះ លោកពុំបានឆ្លើយនឹងសំណួរថាតើមានមនុស្សប៉ុន្មាននាក់មកហើយ ដែលត្រូវបានចាប់ខ្លួន ព្រោះបានធ្វើឃាតអ្នកកាសែតនោះ៖ «គ្រាន់តែជម្រាបជូនថា រាល់ឧក្រិដ្ឋកម្មទាំងអស់ ល្គឹកណាដែលជនសង្ស័យ ឬក៏ជនល្មើសមិនទាន់ត្រូវបាននាំខ្លួនទៅតុលាការទេ គឺសំណុំរឿងទាំងនោះនៅបើកចំហនៅឡើយ»។
បើទោះជាក្រុមអ្នកសារព័ត៌មានដឹងថា ខ្លួនត្រូវធ្វើការដោយប្រថុយប្រថានក្នុងបេសកកម្មដ៏គ្រោះថ្នាក់ក៏ដោយ ដើម្បីសម្រេចគោលដៅនេះ ពួកគេត្រូវជម្នះ និងហ៊ានលះបង់ខ្ពស់ក្នុងស្ថានភាពមួយដើម្បីទទួលបានព័ត៌មានក្នុងការបម្រើឲ្យប្រយោជន៍សាធារណៈដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
