មនុស្ស​ស្លាប់​ដោយសារ​ទឹក​ជំនន់​កើន​​ឡើង​ដល់​២០​នាក់

ទឹក​ទន្លេ​មេគង្គ​បន្ត​ឡើង​មិន​ឈប់ឈរ ហើយ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​នេះ​ក៏​កើន​ដែរ។ ស្រប​ពេល​នេះ​ដែរ ទឹក​ជំនន់​ក៏​ជន់​លិច​តំបន់​ជា​ច្រើន​ទៀត​ធ្វើ​ឲ្យ​ទំហំ​នៃ​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​ឡើង ក្នុង​ពេល​ដែល​នៅ​តំបន់​ផ្សេង​ទៀត កសិករ​ខ្វះ​ទឹក​ធ្វើស្រែ​ ក្នុង​ពេល​រដូវវស្សា​ជិត​ផុត​ពេល​ទៅ​ហើយ​នោះ។

អនុ​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទន្លេ​មេគង្គ​ បាន​កើន​ឡើង​ដល់ ២០​នាក់​ហើយ​មក​ទល់​ថ្ងៃ​ទី​១០ សីហា នេះ។

លោក​អះអាង​ថា នៅ​ពេល​នេះ​លោក​កំពុង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃវែង​ ដោយ​បន្ថែម​ថា តំបន់​ដែល​ទឹក​ឡើង​លិច​ក៏​កើន​ឡើង​ច្រើន​ដែរ គិត​ចាប់​តាំង​ពី​ពេល​ទឹក​ទន្លេ​ឡើង កាល​ពី​ថ្ងៃ​ទី​១ សីហា មក​ទល់​ថ្ងៃ​ទី​១០ សីហា នេះ គឺ​ពេលមុន​នេះ​ចំនួន​តំបន់​​ជន​លិច​កើន​ឡើង​ពី ៥៧ មក ៦៣​​ស្រុក ខណ្ឌ និង​ក្រុង ព្រម​ទាំង​ចំនួន​ឃុំ​សង្កាត់​បាន​កើន​ឡើង​ពី ៧៨ មក ៨៤ ឃុំ​សង្កាត់៖ «ស្លាប់​មនុស្ស​ថ្ងៃ​នេះ​ថែម​ម្នាក់​ទៀត នៅ​ព្រៃវែង ឡើង ២០ (នាក់)។ ២០ ប្រុស ១៤ ស្រី ៦ ក្នុង​ហ្នឹង​កុមារ ១០​នាក់»

លោក ញឹម វណ្ណដា ដែល​ជា​ទេសរដ្ឋមន្ត្រី​ដែរ​នោះ បន្ត​ថា ផល​ប៉ះពាល់​ទឹក​ជំនន់​ឆ្នាំ​នេះ ជិត​ប្រហាក់​ប្រហែល​ទឹក​ជំនន់​ឆ្នាំ​២០១៣ ដែរ តែ​លោក​មិន​ទាន់​អាច​វាយ​តម្លៃ​កម្រិត​នៃ​ផល​ប៉ះពាល់​បាន​ភ្លាម​ទេ គ្រាន់​តែ​ធ្វើ​ការ​វាយ​តម្លៃ​ត្រួសៗ​ថា ប៉ះពាល់​ផល​ស្រូវ​រាប់​ម៉ឺន​ហិកតារ ប្រជា​ពល​រដ្ឋ​រាប់​ម៉ឺន​គ្រួសារ៖ «ការ​ខូចខាត​ឃើញ​មនុស្ស ២០​នាក់ ហើយ​ស្រូវ​ដំណាំ​រួមផ្សំ​តួលេខ​ទាប​ជាង​បន្តិច ប៉ុន្តែ ការ​ខូចខាត​គឺ​ខ្ញុំ​មិន​ទាន់​វាយ​តម្លៃ​បាន​ទេ ប្រហែល​ក្រសួង​ជំនាញ​គាត់​គិតគូរ​ក្រោយ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ប៉ះ​ពាល់​រាប់​ម៉ឺន​ហិកតារ​ស្រូវ ហើយ​ប្រជាជន​ប៉ះពាល់​គឺ​យើង​និយាយ​ថា រាប់​ម៉ឺន​គ្រួសារ​ដែរ»

លោក ញឹម វណ្ណដា បន្ត​ដូច្នេះ៖ «ប្រជាជន​ (ជម្លៀស​ទៅ) ទី​ទួល​សុវត្ថិភាព​ម្សិលមិញ​គឺ ៨,៨៨៦​គ្រួសារ ប៉ុន្តែ​ថ្ងៃ​នេះ​ឡើង​ដល់​ជិត​មួយ​ម៉ឺន​ហើយ​នៅ​ទី​ទួល​សុវត្ថិភាព ហើយ​ទី​ទួល​សុវត្ថិភាព​ច្រើន​ជាង​គេ​នៅ​ស្រុក​ត្បូងឃ្មុំ ហើយ​ខេត្ត​កំពង់ចាម ហើយ​ថ្ងៃ​នេះ ខ្ញុំ​មក​ព្រៃវែង ឃើញ​ឡើង​ដល់​ជិត ៣០០​គ្រួសារ​ហើយ នៅ​ទី​ទួល​សុវត្ថិភាព ព្រោះ​ផ្ទះ​ប្រជាជន​មាន​ជាង ៤​ម៉ឺន​ខ្នង​ដែល​ប៉ះពាល់ ហើយ​គោ​ក្របី ៣​ម៉ឺន គោ​បាន​ទៅ​ទី​ទួល​សុវត្ថិភាព តាម​វត្ត តាម​ថ្នល់ តាម​ស្ពាន»

ជា​ទូទៅ ទឹក​ជំនន់​ទន្លេ​មេគង្គ ច្រើន​ជន​លិច​ក្នុង​រវាង​ខែ​សីហា ដល់​ខែ​តុលា ស្ទើរ​រៀងរាល់​ឆ្នាំ​នៅ​កម្ពុជា។ កាល​ពី​ឆ្នាំ​ទៅ​មិញ ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១៦៨​នាក់ និង​ប៉ះ​ពាល់​ពលរដ្ឋ​ជិត ២​លាន​គ្រួសារ​ដែល​ភាគច្រើន​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ ​នេះ​បើ​ផ្អែក​លើ​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ។

ចំពោះ​ទឹក​ជំនន់​ឆ្នាំ​នេះ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​បាន​ព្យាករ​ថា ក្រៅ​ពី​ជំនន់​មេគង្គ​ដូច​សព្វ​មួយ​ដង ក៏​បណ្ដាល​មក​ពី​ឥទ្ធិពល​ព្យុះ រ៉ាំម៉ាសាន់ នៅ​ប្រទេស​ខ្សែ​ទឹក​ខាង​លើ​ផង។

ទាក់ទង​ទៅ​នឹង​ជំនន់​មេគង្គ​នេះ លោក ញឹម វណ្ណដា ព្រួយ​បារម្ភ​ថា ទឹក​នឹង​អាច​ឡើង​ម្ដង​ទៀត​នៅ​ខែ​តុលា ដូច​កាល​ពី​ឆ្នាំ​២០១៣ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​និង​ខូចខាត​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ស្រប​ពេល​នៅ​តំបន់​នៃ​ខេត្ត​ដទៃ​ទៀត កសិករ​កំពុង​ខ្វះ​ទឹក​ធ្វើ​ស្រែ ដូចជា​ខេត្ត​កំពង់ស្ពឺ តាកែវ កណ្ដាល ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។