អាជ្ញាធរឡាវ សម្រេចដោះលែងសកម្មជនការពារបរិស្ថាន ២នាក់មកវិញ បន្ទាប់ពីឃាត់ខ្លួនជាងកន្លះម៉ោង ខណៈសកម្មជនបរិស្ថានទាំងនោះព្យាយាមថតរូប ពីស្ថានភាពទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។
សកម្មជនការពារបរិស្ថាន លោក ជុំ ហួត ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ពួកគេបារម្ភពីសុវត្ថិភាពខណៈអាជ្ញាធរឡាវ យកកាំភ្លើងភ្ជង់គំរាមបាញ់ ប្រសិនឃើញមានវត្តមានពួកគាត់នៅតំបន់ដនសាហុង ក្រោយទៀត។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការគំរាមបាញ់សម្លាប់របស់អាជ្ញាធរឡាវ ថា ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្រុមយុវជនការពារសង្គម និងបរិស្ថាន (Social and Environment Protection Youth) ចំនួន ៤នាក់ បានវិលត្រឡប់ចូលទឹកដីខ្មែរវិញហើយនៅរសៀលថ្ងៃទី២៤ មករា បន្ទាប់ពីពួកគេធ្វើដំណើរពិនិត្យ និងថតរូបពីស្ថានភាពសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ ឆ្ងាយពីព្រំដែនកម្ពុជា ជាង ១គីឡូម៉ែត្រនៃឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដោយពុំមានលិខិតឆ្លងដែន។
យុវជនការពារបរិស្ថាន លោក ជុំ ហួត ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមករា ថា ក្រុមយុវជន ៤នាក់ បានធ្វើដំណើរទៅទំនប់ដនសាហុង ដោយមធ្យោបាយទូក ក្នុងនោះ ពីរនាក់អង្គុយលើទូក និងពីរនាក់ទៀត ដើរពិនិត្យ និងថតពីដំណើរការសាងសង់ទំនប់ដនសាហុង ឆ្ងាយពីព្រំដែនកម្ពុជា ស្រុកថាឡាបរិវ៉ាត់ ជាង ១គីឡូម៉ែត្រ ជាប់ខែត្រចម្ប៉ាសាក់ ប្រទេសឡាវ។ លោកបន្តថា បន្ទាប់ពីអាជ្ញាធរឡាវ ឃាត់ខ្លួនពួកគេ អាជ្ញាធរឡាវ បានដកហូតទូរស័ព្ទដៃ និងម៉ាស៊ីនថតបោះចូលទន្លេ៖ «ខ្ញុំភ័យពេក សុទ្ធតែកាំភ្លើងភ្ជង់ខ្ញុំ សុទ្ធអាកា ទាហានច្រើនមែនទែន! គេថា ពីរនាក់បងប្អូនឯងតែហ៊ានចូលលើកក្រោយ បាញ់សម្លាប់ពួកឯងចោលតែម្ដង។ ខ្ញុំទៅដល់កោះឡាវ មុនដំបូង ទៅកន្លែងទំនប់ផ្ទាល់តែម្ដង»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាងហុង ក្នុងខែត្រចម្ប៉ាសាក់ ប្រទេសឡាវ សម្រេចបានប្រមាណ ៣៥ភាគរយ។ គម្រោងនេះត្រូវអ្នកជំនាញបរិស្ថានវាយតម្លៃថា ក្រុមហ៊ុនទទួលបន្ទុកសាងសង់ឈ្មោះ មេហ្គា ហ្វឺស (Mega First Corporation Berhad) របស់ប្រទេសម៉ាឡេស៊ី អាចកសាងបានលឿន បន្ទាប់ពីស្ថានភាពអំណោយផល ព្រោះឋិតនៅតំបន់ជ្រលងតូច ឆ្ងាយពីព្រំដែនកម្ពុជា ជាង ១គីឡូម៉ែត្រ។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក សែ សាមឌី ដែលបានចុះដល់តំបន់នោះឲ្យដឹងថា ទីតាំងសាងសង់មិនឋិតក្នុងដែនដីកម្ពុជា តែវាជាចំណុចប្រទាញប្រទង់គ្នា និងបង្កជាគុណវិបត្តិ ព្រមទាំងប៉ះពាល់ដល់ជីវិតមនុស្ស និងបរិស្ថាន បើគម្រោងសាងសង់នេះចប់ជាស្ថាពរ។ បញ្ហានេះហើយដែលជំរុញឲ្យក្រុមយុវជនប្រថុយប្រថានតាមដានពីដំណើរការអភិវឌ្ឍទំនប់នោះបន្តទៀត ដើម្បីចងក្រងរបាយការណ៍ពីផលប៉ះពាល់៖ «គោលដៅរបស់ខ្ញុំអង្កេតមើលផលប៉ះពាល់បរិស្ថាន និងធ្វើការជាមួយសហគមន៍នៅទីនោះ។ ខ្ញុំសង្កេតឃើញទឹកស្រក ព័ត៌មានដូចចម្លែក ព្រឹកឡើងខ្ញុំដើរមើលឃើញត្រី និងកង្កែបឃើញងាប់ ហើយខ្ញុំតេសជាមួយអ្នកភូមិគេថា ត្រីលែងសូវមាន»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល និយាយថា ការឃាត់សកម្មជនការពារបរិស្ថានក្រោមហេតុផលឆ្លងដែនខុសច្បាប់គឺជាកាតព្វកិច្ចរបស់អាជ្ញាធរឡាវ អនុវត្តច្បាប់ តែការគំរាមសម្លាប់ គឺជាការំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ចំពោះការគំរាមសម្លាប់នេះ ដើម្បីចងក្រងជារបាយការណ៍ទៅភាគីឡាវ៖ «យើងនិយាយពីច្បាប់យើងវាខុសហើយ ចូលទៅ (អត់លិខិតឆ្លងដែន) តែអ្នកឯងធ្វើតាមច្បាប់ទៅ។ បើគំរាមកំហែងមកលើពលរដ្ឋរបស់យើង គឺជាករណីរំលោភសិទ្ធិមនុស្ស»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខែត្រចម្ប៉ាសាក់ ប្រទេសឡាវ ដើម្បីសាកសួរពីការគំរាមសម្លាប់នេះបានទេ នៅថ្ងៃទី២៤ ខែមករា។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន មើលឃើញថា ការឃាត់ខ្លួនសកម្មជនបរិស្ថាន គឺជាសញ្ញាបង្ហាញឲ្យឃើញពីការបិទបាំងព័ត៌មាននៃការសាងសង់ទំនប់ដនសាហុង បន្ទាប់ពីមានការរិះគន់ពីសហគមន៍អន្តរជាតិ សង្គមស៊ីវិល និងសាធារណជនអំពីផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នេះ៖ «ខ្ញុំធ្លាប់ឃើញពួកកម្មករដែលសាងសង់ដនសាហុងហ្នឹង ចូលមកដើរទិញអីវ៉ាន់ ឬចូលមកផឹកស៊ីនៅភូមិព្រះរំកិល ខ្ញុំឃើញផ្ទាល់ភ្នែក ហើយអត់មានលិខិតឆ្លងដែនទេ តើអាហ្នឹងវាខុស ឬយ៉ាងម៉េច?»។
ស្រដៀងគ្នានេះដែរ កាលពីចុងឆ្នាំ២០១៣ មានករណីទាហានឡាវ បាញ់ពលរដ្ឋខ្មែររបួសធ្ងន់ ព្រមទាំងចាប់ដាក់គុក ពេលពលរដ្ឋចូលព្រៃកាប់ឈើក្នុងទឹកដីឡាវ ជាង ១០នាក់ ហើយការពីដើមខែកក្កដា ឆ្នាំ២០១៥ ទាហានឡាវ បានចាប់ខ្លួនពលរដ្ឋខ្មែរ ១១នាក់ នៅពេលពលរដ្ឋខ្មែរចូលព្រៃកាប់ឈើក្នុងទឹកដីឡាវ និងបានដោះលែងមកវិញ ដោយពិន័យជាប្រាក់ ១នាក់ ៧០០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
