មនុស្ស​២​នាក់​ស្លាប់​និង​៩​នាក់​របួស​ដោយសារ​ខ្យល់​ព្យុះ​នៅ​បាត់ដំបង

មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង ៩​នាក់​ផ្សេង​ទៀត​រង​របួស​ រួម​ទាំង​លំនៅឋាន​ជា​ច្រើន​ខ្នង​ បាន​ដួល​រលំ​ដោយសារ​ខ្យល់​ព្យុះ​ កាល​ពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​នេះ ​នៅ​ភូមិ​ក្រពើសែសិប ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង។

មេ​ឃុំ​បឹងប្រាំ លោក ឈា នី ថ្លែង​ថា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ជន​រងគ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

លោក​បន្ត​ថា រហូត​វេលា​ម៉ោង​ជាង ៦​ល្ងាច នៅ​ថ្ងៃ​ទី​៧ នេះ មេឃ​នៅ​តែ​មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង​ដដែល៖ «មិន​ទាន់​ដឹង​លម្អិត​ទេ គ្រាន់តែ​ដឹង​ថា​រលំ​ផ្ទះ ៤​ខ្នង...។ ខ្ញុំ​កំពុង​ឲ្យ​មន្ត្រី​នគរបាល និង​ជំទប់​ទី​១ ទី​២​ហ្នឹង ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ។ … ស្លាប់​ពីរ​នាក់​ហ្នឹង​ស្រី​ទាំង​២ របួស ៩​នាក់»

លោក ជា ឈា នី​ បន្ត​ថា ចំនួន​អ្នក​រង​របួស​និង​លំនៅឋាន​ដែល​ដួល​រលំ​ដោយសារ​ខ្យល់​ព្យុះ​នេះ​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ចាត់វិធានការ​ចុះ​ជួយ​សង្គ្រោះ​អ្នក​ភូមិ​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។