មន្ត្រីទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិ ឲ្យដឹងថា ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានសម្លាប់មនុស្ស ៣៥នាក់ និងបំផ្លាញដំណាំកសិកម្មរបស់ប្រជាកសិករប្រមាណ ៥ម៉ឺនហិកតារ គិតត្រឹមថ្ងៃទី១៨ ខែសីហា។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍ថា ទោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងបានថយ ឬស្រកចុះជាបណ្ដើរៗបែបណាក្តី ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនដល់ ៣៥នាក់ ហើយប្រជាពលរដ្ឋប្រមាណ ១ម៉ឺន ៤ពាន់គ្រួសារ ត្រូវជម្លៀសចេញពីលំនៅឋានទៅកាន់ទីទួលមានសុវត្ថិភាព។
យ៉ាងនេះក្តី មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានថា ទឹកជំនន់នៅទន្លេមេគង្គ បានស្រកចុះជាបណ្ដើរៗ ប៉ុន្តែទឹកអាចនឹងកើនឡើងវិញនៅចុងខែសីហា ដល់ខែតុលា ទើបទឹកស្រកចុះវិញ។
គ្រោះធម្មជាតិនេះ ចាប់ផ្ដើមកាលពីដើមខែសីហា និងប៉ះពាល់ខេត្តចំនួន១២។ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានខេត្តមួយចំនួនបានជួបគ្រោះរាំងស្ងួត ឬគ្មានភ្លៀងធ្លាក់ទៅវិញ ដូចជា ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង ជាដើម បណ្ដាលឲ្យសន្ទូងស្រូវរបស់ប្រជាកសិករក្រៀមស្វិត និងងាប់ដោយសារគ្មានទឹកភ្លៀង។
គ្រោះទឹកជំនន់នេះ កាលពីឆ្នាំ២០១៣ បានសម្លាប់មនុស្សចំនួន ១៦៨នាក់ និងប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋជាង ១លាន ៨សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
