មន្ត្រីអង្គការសង្គមស៊ីវិលអ្នកឃ្លាំមើលបញ្ហាបរិស្ថានតាមដងទន្លេ កត់សម្គាល់ថា ការបើកបង្ហូរទឹកទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម គឺជាចំណុចសំខាន់ដែលមន្ត្រីគណៈកម្មការជាតិទន្លេមេគង្គ ត្រូវបន្តយន្តការដោះស្រាយជាមួយភាគីគណៈកម្មការទន្លេមេគង្គ ប្រទេសវៀតណាម។
ប្រជាពលរដ្ឋ ៤នាក់ បានស្លាប់ដោយលង់ទឹក ខណៈពេលទឹកបានជន់លិចនៅខេត្តរតនគិរី ចាប់ពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៣ រួមនឹងផលស្រូវប្រមាណជាង ១០០ហិកតារ និងផ្ទះ ៣ខ្នងរងការខូចខាតដោយសារទឹកជំនន់។
អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឲ្យដឹងថា ទឹកទន្លេស្រែពក បានជន់លិចលើកទីពីរនេះកម្ពស់ទឹកនៅស្ថានីយស្ទង់ទឹកនៅស្រុកលំផាត់ ឡើងដល់កម្ពស់ជាង ១៣ម៉ែត្រ។
លោកបន្តថា ស្រុកលំផាត់ រងការខូចខាតច្រើនជាងគេ ដោយសារគ្រោះទឹកជំនន់ឆ្នាំនេះ៖ «យើងបានផ្សព្វផ្សាយដល់អាជ្ញាធរមានក្រុម មានភូមិ មានឃុំ ឲ្យដឹកនាំប្រជាពលរដ្ឋធ្វើយ៉ាងណាកុំឲ្យគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋ តែជាអកុសល ប្រជាពលរដ្ឋនៅស្រុកលំផាត់ មួយគ្រួសារ មានម្ដាយនិងកូនពីរនាក់ បានលង់ទឹកស្លាប់។ នៅថ្ងៃនេះ ទឹកឡើងម្ដងទៀត យើងមានក្ដីបារម្ភត្រង់ថា ជាលក្ខណៈប៉ាន់ស្មានស្រូវមិនក្រោម ១០០ហិកតារទេត្រូវខូចខាត»។
អាជ្ញាធរខេត្តរតនគិរី ឲ្យដឹងដែរថា នៅឯស្រុកតាវែង វ៉ឺនសៃ អណ្តូងមាស និងស្រុកអូរយ៉ាដាវ ជំនន់ទឹកទន្លេសេសានក៏បានជន់លិចភូមិឃុំមួយចំនួន មានទីតាំងនៅតំបន់ទំនាបតាមដងទន្លេនេះដូចគ្នា។
ចាប់ពីពាក់កណ្ដាលខែកញ្ញា ក្រុមហ៊ុនវារីអគ្គិសនីវៀតណាម បានផ្ញើលិខិតជូនដំណឹងស្ដីពីការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីតាមដងទន្លេស្រែពក ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣០ និងលិខិតជូនដំណឹងបន្តបន្ទាប់គ្នាពីការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីតាមដងទន្លេសេសានប្រមាណ ពីជាង ៥ពាន់ ទៅ ៨ពាន់ម៉ែត្រគូបក្នុងមួយវិនាទី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ប្រសិនទឹកភ្លៀងមានបរិមាណច្រើននៅក្នុងអាងស្តុកទឹក។
មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន ចាត់ទុកទឹកជំនន់ផ្ទួនគ្នាក្នុងឆ្នាំនេះនៅតាមដងទន្លេទាំងពីរនៃខេត្តរតនគិរី គឺបណ្ដាលមកពីការបើកទឹកទំនប់នោះ។ លោកសម្ដែងក្តីបារម្ភថា ប្រជាពលរដ្ឋរស់នៅតាមដងទន្លេនេះ នឹងរងគ្រោះដោយសារទឹកជំនន់នៅឆ្នាំក្រោយៗទៀត ប្រសិនមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មិនមានយន្តការពិភាក្សាដោះស្រាយជាមួយភាគីវៀតណាម ស្ដីពីការបើកបង្ហូរទឹកពីវៀតណាម ឲ្យបានសមស្រប កាលណាទឹកភ្លៀងធ្លាក់ច្រើននៅតំបន់ខាងលើទន្លេទាំងពីរនេះ។
លោក មៀច មាន៖ «បីដងផ្ទួនគ្នាហើយក្នុងមួយឆ្នាំនេះ។ មួយភាគធំ គឺមកពីទឹកភ្លៀង ប៉ុន្តែដោយសារទំនប់ជាច្រើននៅផ្នែកខាងលើហ្នឹង មិនអាចទប់ទល់ជាមួយទ្វារទឹកបាន គឺត្រូវតែបញ្ចេញមក ហើយការបញ្ចេញនេះ គឺបញ្ចេញបន្ទាន់ភ្លាមៗ អ៊ីចឹងសហគមន៍មិនអាចត្រៀមខ្លួន ឬធ្វើអ្វីបានទេ»។
បណ្ដាញផ្សព្វផ្សាយមួយឈ្មោះវៀតណាម ណេត ប៊្រីដជ៍ (Vietnam Net Bridge) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា តម្រួតព្រំដែនវៀតណាម បានសង្គ្រោះអ្នករងគ្រោះខ្មែរ ១៩នាក់ ដែលកំពុងតោងនៅលើដំបូលជម្រកស្នាក់នៅដែលហ៊ុមព័ទ្ធដោយទឹកជំនន់ស្ទើរលិចដំបូល។ ជនរងគ្រោះមានគ្នា ១៩នាក់ ក្នុងនោះមានកុមារ ៧នាក់ និងស្ត្រី ៥នាក់ ជាក្រុមគ្រួសារតម្រួតព្រំដែនខ្មែរនៅប៉ុស្តិ៍ការពារព្រំដែនពាមអូរលាវ ក្នុងស្រុកអូរយ៉ាដាវ ជាប់នឹងខេត្តយ៉ាឡាវ ប្រទេសវៀតណាម។
ប្រជាពលរដ្ឋរស់នៅឃុំសេដា មានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីប្រទេសវៀតណាម សាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេពីឆ្នាំ១៩៩៣ រហូតមក ប្រជាពលរដ្ឋតែងរងគ្រោះដោយទឹកជំនន់ ខូចខាតផលដំណាំស្ទើររៀងរាល់ឆ្នាំ។
លោកសម្ដែងការបារម្ភថា ឆ្នាំនេះអ្នកភូមិនឹងប្រឈមមុខកង្វះស្បៀងអាហារដោយសារផលដំណាំរងការខូចខាតដោយទឹកជំនន់៖ «តាំងពីជ័យឧត្តម លំផាត់ ស្រែឈូក ទឹកឡើង ឡើងភ្លាមៗតែម្ដង ហើយប្រជាពលរដ្ឋត្អូញត្អែរ ខ្លះអត់មានទូកឆ្លង។ ឡើងថ្មីៗទៀត ព្រឹកមិញឡើងមកដល់សណ្ដែកខាងនេះទៀត ងាប់អស់ប៉ុន្មាន យប់អត់ទាន់ស្រក»។
តួលេខបណ្ដោះអាសន្នរបស់អាជ្ញាធរខេត្តរតនគិរី រងគ្រោះទឹកជំនន់ឆ្នាំនេះធ្វើឲ្យប្រជាពលរដ្ឋជាង ៣០០គ្រួសាររងផលប៉ះពាល់ ខូចខាតស្ពានចំនួនពីរ ទឹកហូរច្រោះបាក់ដីលើផ្លូវលំបីកន្លែង ផ្លូវជាតិលេខ ៧៦ រងការខូចខាតពីរកន្លែង ស្រូវស្រែជាង ៥០០ហិកតារ និងដំណាំចម្ការជាង ១០០ហិកតាររងផលប៉ះពាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។