មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​ឃាត់​ខ្លួន​អ្នក​កាប់​ឈើ​៥​នាក់​បញ្ជូន​ទៅ​តុលាការ

មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ឃាត់​ខ្លួន​អ្នក​កាប់​ឈើ ៥​នាក់​បញ្ជូន​ទៅ​តុលាការ​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា។ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ថា បុរស​ចំនួន​ប្រាំ​នាក់​នោះ​ឋិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ១០​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​មន្ត្រី​បរិស្ថាន​បាន​រួម​គ្នា​ជាមួយ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​សហគមន៍ ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៩ តុលា។

លោក​បន្ត​ថា លោក​រៀបចំ​ឯកសារ​បញ្ជូន​អ្នក​ទាំង ៥​នាក់​ទៅ​តុលាការ។ លោក​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​ជា​ជន​ចំណូល​ថ្មី​ពី​ខេត្ត​កំពត ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​ព្រះ​រកា៖ « យើង​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ដោយ​ផ្ទាល់​មាត់​រួច​ហើយ និង​កំពុង​បំពេញ​ឯកសារ​បញ្ជូន​ទាំង​សំណុំ​រឿង ទាំង​ជន​ល្មើស​ទៅ​ព្រះរាជអាជ្ញា​តែ​ម្ដង »

លោក សុខា បន្ថែម​ថា មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​ដែរ​នោះ បាន​រត់​រួច​ខ្លួន​ទៅ​វិញ។ ចំណែក​មនុស្ស ៤​នាក់​ទៀត​កំពុង​ឋិត​ក្នុង​ការ​តាមដាន​សំណុំ​រឿង៖ « បើ​តាម​ច្បាប់ គាត់​ធ្វើ​អាជីវកម្ម គឺ​យើង​អនុវត្ត​ទៅ​តាម​នីតិវិធី។ បើ​យោង​តាម​ច្បាប់​ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ​មាត្រា​៦១ គឺ​គាត់​កាប់​ឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ជា​ឈើ​កម្រ ឬ​ឈើ​ដែល​នឹង​បាត់បង់ គឺ​គាត់​ត្រូវ​មាន​ទោស​ពី ១​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់។ ក្នុង​ករណី​គាត់​កាប់​សម្រាប់​លំនៅឋាន យើង​ខាង​ជំនាញ​ឲ្យ​គាត់​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក ថា​គាត់​ពិត​ជា​ធ្វើ​ផ្ទះ​សម្បែង​មែន ចឹង​គ្រាន់​តែ​ធ្វើ​កិច្ចសន្យា​មួយ ហើយ​នឹង​ត្រូវ​ដោះលែង »

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា មន្ត្រី​បរិស្ថាន​ចំនួន ៩​នាក់​បាន​ចូលរួម​ជាមួយ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​សហគមន៍​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ដែល​មាន​ទីតាំង​នៅ​ជាប់​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​ព្រះវិហារ គឺ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ជ័យសែន។

ក្រៅ​ពី​ចាប់​ខ្លួន​មនុស្ស គេ​រឹប​អូស​បាន​សម្ភារៈ​មួយ​ចំនួន​ទៀត​រួម​មាន រណារ​យន្ត​ចំនួន ៤​គ្រឿង និង​គោយន្ត​ដឹក​ឈើ​ចំនួន ៣​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។