គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស គឺលោក សៅ សុខា បានបញ្ចប់បេសកកម្មត្រួតពិនិត្យបន្ថែមទៅលើបទល្មើសព្រៃឈើនៅក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៧ ក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ បន្ទាប់ពីភ្លើងបានបន្តឆេះឈើនៅការដ្ឋានក្រុមហ៊ុនយូនីហ្គ្រីន កាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងនេះក៏ដោយ តួលេខនៃបរិមាណឈើ និងជនសង្ស័យពាក់ព័ន្ធដែលគណៈកម្មការរកឃើញឋិតនៅជាការសម្ងាត់នៅឡើយ។
សំណុំរឿងពាក់ព័ន្ធបទល្មើសព្រៃឈើចំនួន៥ នៅខេត្តចំនួនបីរួមមាន ខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិបញ្ជូនទៅស្ថាប័នអយ្យការខេត្តទាំងបីនេះរួចហើយដើម្បីបើកការស៊ើបអង្កេត។
អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី ថ្លែងបញ្ជាក់ថា គ្មានបទល្មើសព្រៃឈើថ្មីបន្ថែមត្រូវបានរកឃើញនៅក្នុងបេសកកម្មរបស់គណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា នៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ នោះទេ។ ក្រៅពីបទល្មើសព្រៃឈើចាស់ដែលគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិរកឃើញកាលពីខែមករា រហូតមកទល់បច្ចុប្បន្ន។
លោកបន្តថា ការរៀបចំឯកសារផ្សេងទៀតពាក់ព័ន្ធបទល្មើសព្រៃឈើដែលបានរកឃើញនេះ សមត្ថកិច្ចបានធ្វើជិតរួចរាល់ហើយដែរ ក៏ប៉ុន្តែបញ្ហាប្រឈមរបស់ក្រុមការងារ គឺវិធានការប្រមូលឈើជាវត្ថុតាំង និងការរក្សាឈើនោះកុំឲ្យបាត់បង់ ឬភ្លើងឆេះបន្តទៀត បើទោះបីជាឈើរកឃើញក្រៅបរិវេណក្រុមហ៊ុន ឬក្នុងបរិវេណក្រុមហ៊ុនសម្បទានយ៉ាងណាក្ដី៖ «បទល្មើសចាស់មួយចំនួនបានវាស់វែង និងផ្ទៀងផ្ទាត់ឯកសារភាគច្រើនហើយ ជិតហើយៗ។ មានការលំបាកប្រមូលឈើ អ៊ីចឹងយើងមិនអាចឆ្លើយបានទេ គ្រាន់តែដឹងថា សំណុំរឿងមួយចំនួនដល់ព្រះរាជអាជ្ញាហើយ»។
ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង កាលពីខែកុម្ភៈ ទទួលស្គាល់ថា សំណុំរឿងក្រុមហ៊ុនសម្បទាន ប៊ិញ ភឿក ១ (Binh Phuoc 1) និងក្រុមហ៊ុន យូនី ហ្គ្រីន (Uni-Green) បានបញ្ជូនមកដល់មន្ត្រីអយ្យការហើយ ក៏ប៉ុន្តែលោកបដិសេធមិនអធិប្បាយពិស្ដារពាក់ព័ន្ធរបាយការណ៍ស៊ើបអង្កេតបទល្មើសរបស់ក្រុមហ៊ុនទាំងពីរ ដែលគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើបញ្ជូនមកនោះទេ។
លើសពីនេះទៀត លោកថា ក្រុមហ៊ុនទាំងពីរគឺជាក្រុមហ៊ុនដំបូងដែលមន្ត្រីស្ថាប័នអយ្យការបានទទួលពាក្យបណ្ដឹងទាក់ទិនករណីស្តុកឈើខុសច្បាប់៖ «ឥឡូវគេកំពុងធ្វើការពិនិត្យមើលឈើណាមានច្បាប់ ឈើណាអត់ច្បាប់។ អត់ស្អីទេ យើងមិនអាចអនុគ្រោះឲ្យបានទេ ព្រោះគេកំពុងធ្វើការដុតដៃដុតជើង»។
ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី នៅថ្ងៃទី១០ ខែមីនា បដិសេធមិនអធិប្បាយពាក់ព័ន្ធរបាយការណ៍បន្ថែមពាក់ព័ន្ធបទល្មើសព្រៃឈើដែលគណៈកម្មការរកឃើញនៅក្នុងខេត្តនោះទេ ក៏ប៉ុន្តែលោកធ្លាប់បានប៉ាន់ប្រមាណថា ឈើប្រមាណ ៤ពាន់ម៉ែត្រគូបត្រូវបានស្តុកទុកនៅក្រុមហ៊ុន ប៊ិញ ភឿក ១។
កន្លងទៅនេះ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនសំដែងការមិនពេញចិត្តចំពោះការបិទបាំងរបាយការណ៍បង្ក្រាបរបស់ក្រុមគណៈកម្មការថ្នាក់ជាតិ។ មន្ត្រីសង្គមស៊ីវិលទាំងនោះសង្កេតឃើញថា មកទល់ពេលនេះ អាជ្ញាធរមិនបានបង្ហាញអត្តសញ្ញាណអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ និងបរិមាណឈើខុសច្បាប់ដែលពួកគេបានលាក់ទុក៖ «គួរបង្ហាញដែរពីភាពខ្វះខាតរបស់មន្ត្រីជំនាញអ្នកពាក់ព័ន្ធស្តុកឈើ និងអ្នកប្រគល់ទីតាំងឲ្យអ្នកស្តុកឈើ។ គួរលាតត្រដាងដែររវាងក្រុមហ៊ុន និងអ្នករកស៊ីឈើ»។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យកងរាជអាវុធហត្ថដដែលអះអាងថា សមត្ថកិច្ចសុំរក្សាការសម្ងាត់ដើម្បីទុកឲ្យមន្ត្រីអយ្យការបើកការស៊ើបអង្កេត និងកោះហៅជនសង្ស័យមកសាកសួរ ឬធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ ជាងនេះទៀត ពាក់ព័ន្ធបទល្មើសព្រៃឈើផ្សេងទៀតដែលឋិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរខេត្តណា អាជ្ញាធរខេត្តនោះត្រូវដោះស្រាយបញ្ហាប្រឈម និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការបើកការស៊ើបអង្កេតដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
