ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​រក​វិធី​កាត់​បន្ថយ​ផ្សែង​ពុល​ឆ្លង​ដែន

ក្រុម​បណ្ដា​ប្រទេស​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​គំរាម​កំហែង​ពី​ផ្សែង​ពុល​ឆ្លងដែន ដែល​អាច​នឹង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​​ធម្មជាតិ សុខភាព​មនុស្ស សត្វ និង​ប៉ះពាល់​ដល់​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

0:00 / 0:00

ក្រុម​ប្រទេស​ទាំង​នោះ​កំពុង​ប្រឹងប្រែង​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ និង​ទប់ស្កាត់​ជាតិផ្សែង​ពុល​ ​ឱ្យ​ថយ​ចុះ​នូវ​កម្រិត​ទាប​បំផុត ដើម្បី​ជួយ​ដល់​ស្រទាប់​អូហ្សូន ដែល​ការពារ​ផែនដី។

ក្រុម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មក​ពី​ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ចំនួន ៥ នៅ​ក្នុង​អនុ​​​​​តំបន់​ទន្លេ​មេគង្គ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ​រយៈពេល ២​ថ្ងៃ ដើម្បី​ស្វែង​រក​វិធានការ​កាត់​បន្ថយ​ផ្សែង​ពុល​ចុះ​អ័ព្ទ​ឆ្លង​ដែន ដែល​ជាមូល​ហេតុ​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​នោះ។

ក្រុម​រដ្ឋមន្ត្រី​បរិស្ថាន​ដែល​មក​ពី​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង ៥ នោះ មាន​កម្ពុជា​ ថៃ​ ឡាវ វៀតណាម និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​ដឹកនាំ​​កិច្ចប្រជុំ គឺ​លោក យិន គឹមស៊ាន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មេសា ថា នៅ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ នៅ​ពេល​ដែល​អាកាស​ធាតុ​ចាប់​ផ្ដើម​ក្ដៅ​ខ្លាំង ស្ងួត គឺ​បណ្ដា​ប្រទេស​ទាំង ៥ នៅ​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ តែង​​មាន​បញ្ហា​ភ្លើង​ឆេះ​ព្រៃ ហើយ​បង្កើត​ឱ្យ​មាន​ជា​ផ្សែង​ចុះ​អ័ព្ទ​ពុល​ឆ្លង​ដែន។ ដូច្នេះ​ការ​ជួប​ប្រជុំ​គ្នា​ពេល​នេះ ​គោល​បំណងធំ​បំផុត គឺ​ប្រទេស​ទាំង​អស់​ត្រូវ​រួម​គ្នា​ធ្វើ​យ៉ាង​ណា​បញ្ចុះ​កម្រិត​នៃ​ផ្សែង​ពុល​ចុះ​អ័ព្ទ​នោះ​ឱ្យ​នៅ​ទាប​បំផុត កុំ​ឱ្យ​បំពុល​បរិស្ថាន និង​ខូចខាត​ដល់​ស្រទាប់​អូហ្សូន ជា​អ្នក​ការពារ​ផែនដី។

លោក យិន គឹមស៊ាន ​បាន​ពន្យល់​ថា ផ្សែង​ពុល​ចុះ​អ័ព្ទ​ឆ្លង​ដែន គឺ​មាន​ឥទ្ធិពល​អាក្រក់​បំផុត អាច​ធ្វើ​ឱ្យ​ការ​ប្រែប្រួល​អាកាសធាតុ​កាន់​តែ​មាន​កម្រិត​ខ្ពស់ និង​ឈាន​ទៅ​ដល់​ការ​បាត់បង់​ជីវចម្រុះ ជីវិត​សត្វ ព្រម​ទាំង​រុក្ខជាតិ​​ផង៖ «កាល​ណា​មាន​ផ្សែង​ពុល​ធ្វើ​ឱ្យ​ខូច​ស្រទាប់​អូហ្សូន​យើង។ ទី​មួយ សុខភាព គឺ​ផ្សែង​មាន​ធូលី យើង​មាន​ការ​លំបាក​ក្នុង​ការ​ដក​ដង្ហើម ធ្វើ​ឱ្យ​យើង​មាន​ជំងឺ​ផ្សេងៗ។បន្ទាប់​មក​វា​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ រាំង​ស្ងួត ទឹក​ជំនន់ ហានិភ័យ ហើយ​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ ក៏​ដូច​សេដ្ឋកិច្ច​តំបន់​ខ្លាំង​ណាស់»

ទោះ​យ៉ាង​ណា មន្ត្រី​កម្ពុជា បញ្ជាក់​ថា កម្រិត​ផ្សែង​ពុល​ចុះ​អ័ព្ទ​ឆ្លង​ដែន​នេះ នៅ​ក្នុង​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង ៥ គឺ​មិន​ទាន់​មាន​កម្រិត​ខ្លាំង​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​គេ​ត្រូវ​តែ​រួម​គ្នា​ទប់ស្កាត់​បញ្ហា​នេះ ដើម្បី​កុំ​ឱ្យ​កំណើន​ចេះ​តែ​មាន​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​១​ឆ្នាំ។

អគ្គលេខាធិការដ្ឋាន​អាស៊ាន ប្រចាំ​គណៈកម្មការ​ទន្លេ​មេគង្គ បាន​ឱ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​​អាច​នឹង​គំរាម​កំហែង​នៅ​តាម​បណ្ដា​ប្រទេស​​​អនុ​តំបន់​ទន្លេ​មេគង្គ​ខ្លះ ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។

តំណាង​អគ្គលេខាធិការដ្ឋាន​អាស៊ាន ប្រចាំ​គណៈកម្មការ​ទន្លេ​មេគង្គ (ASMC) គឺ​លោក អាង ជៀងហៃ បាន​មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ខែ​មករា កន្លង​ទៅ ឥទ្ធិពល​ខ្យល់​មូសុង បាន​បោក​បក់​នៅ​ភាគ​​ខាងត្បូង​នៃ​ខ្សែ​អេក្វាទ័រ ដែល​ធ្វើ​ឱ្យ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្លាប់​កើត​ឡើង​នៅ​ទូទាំង​តំបន់។ រយៈពេល ២-​៣​ក្រោយ​មក​ទៀត គឺ​នៅ​អំឡុង​ខែ​មីនា កន្លង​ទៅ​ថ្មីៗ គឺ​ខ្យល់​មូសុង បាន​បោក​បក់​ពី​ទិស​ខាង​ជើង​ត្រឡប់​ទៅ​រក​ខ្សែ​អេក្វាទ័រ​វិញ ដែល​បាន​ធ្វើ​ឱ្យ​ការ​ប្រែប្រួល​អាកាសធាតុ​ កាន់​តែ​កើត​មាន​ឡើង ជា​ពិសេស​នៅ​តំបន់​ភាគ​ខាង​ត្បូង។

លោក អាង ជៀងហៃ៖ «សកម្មភាព​ដែល​អាច​កើត​ឡើង​​នៅ​តាម​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ គឺ​ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​អាច​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ខែ​មេសា​នេះ»

​កន្លង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទួល​រង​ឥទ្ធិពល​នៃ​​អ័ព្ទ​ផ្សែង​ពុល​ខ្លាំង​ ដោយសារ​តែ​ទប់​ស្កាត់​​ភ្លើង​ឆេះ​ព្រៃ​មិន​បាន ហើយ​ឥទ្ធិពល​​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​នៅ​ជាប់​គ្នា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។