ក្រុមប្រទេសទាំងនោះកំពុងប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាដើម្បីការពារ និងទប់ស្កាត់ជាតិផ្សែងពុល ឱ្យថយចុះនូវកម្រិតទាបបំផុត ដើម្បីជួយដល់ស្រទាប់អូហ្សូន ដែលការពារផែនដី។
ក្រុមរដ្ឋមន្ត្រីក្រសួងបរិស្ថានមកពីប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ចំនួន ៥ នៅក្នុងអនុតំបន់ទន្លេមេគង្គ កំពុងជួបប្រជុំគ្នានៅខេត្តសៀមរាប រយៈពេល ២ថ្ងៃ ដើម្បីស្វែងរកវិធានការកាត់បន្ថយផ្សែងពុលចុះអ័ព្ទឆ្លងដែន ដែលជាមូលហេតុនាំឱ្យមានការប្រែប្រួលអាកាសធាតុនោះ។
ក្រុមរដ្ឋមន្ត្រីបរិស្ថានដែលមកពីបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គទាំង ៥ នោះ មានកម្ពុជា ថៃ ឡាវ វៀតណាម និងប្រទេសភូមា ឬមីយ៉ាន់ម៉ា។
រដ្ឋលេខាធិការក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដែលជាប្រធានដឹកនាំកិច្ចប្រជុំ គឺលោក យិន គឹមស៊ាន។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១ ខែមេសា ថា នៅក្នុងរដូវប្រាំងឆ្នាំនេះ នៅពេលដែលអាកាសធាតុចាប់ផ្ដើមក្ដៅខ្លាំង ស្ងួត គឺបណ្ដាប្រទេសទាំង ៥ នៅក្នុងអនុតំបន់ទន្លេមេគង្គ តែងមានបញ្ហាភ្លើងឆេះព្រៃ ហើយបង្កើតឱ្យមានជាផ្សែងចុះអ័ព្ទពុលឆ្លងដែន។ ដូច្នេះការជួបប្រជុំគ្នាពេលនេះ គោលបំណងធំបំផុត គឺប្រទេសទាំងអស់ត្រូវរួមគ្នាធ្វើយ៉ាងណាបញ្ចុះកម្រិតនៃផ្សែងពុលចុះអ័ព្ទនោះឱ្យនៅទាបបំផុត កុំឱ្យបំពុលបរិស្ថាន និងខូចខាតដល់ស្រទាប់អូហ្សូន ជាអ្នកការពារផែនដី។
លោក យិន គឹមស៊ាន បានពន្យល់ថា ផ្សែងពុលចុះអ័ព្ទឆ្លងដែន គឺមានឥទ្ធិពលអាក្រក់បំផុត អាចធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែមានកម្រិតខ្ពស់ និងឈានទៅដល់ការបាត់បង់ជីវចម្រុះ ជីវិតសត្វ ព្រមទាំងរុក្ខជាតិផង៖ «កាលណាមានផ្សែងពុលធ្វើឱ្យខូចស្រទាប់អូហ្សូនយើង។ ទីមួយ សុខភាព គឺផ្សែងមានធូលី យើងមានការលំបាកក្នុងការដកដង្ហើម ធ្វើឱ្យយើងមានជំងឺផ្សេងៗ។បន្ទាប់មកវាធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ រាំងស្ងួត ទឹកជំនន់ ហានិភ័យ ហើយបំផ្លាញសេដ្ឋកិច្ចជាតិ ក៏ដូចសេដ្ឋកិច្ចតំបន់ខ្លាំងណាស់»។
ទោះយ៉ាងណា មន្ត្រីកម្ពុជា បញ្ជាក់ថា កម្រិតផ្សែងពុលចុះអ័ព្ទឆ្លងដែននេះ នៅក្នុងបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គទាំង ៥ គឺមិនទាន់មានកម្រិតខ្លាំងនៅឡើយទេ ក៏ប៉ុន្តែគេត្រូវតែរួមគ្នាទប់ស្កាត់បញ្ហានេះ ដើម្បីកុំឱ្យកំណើនចេះតែមានច្រើនឡើងៗពីមួយឆ្នាំទៅ១ឆ្នាំ។
អគ្គលេខាធិការដ្ឋានអាស៊ាន ប្រចាំគណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា គ្រោះធម្មជាតិអាចនឹងគំរាមកំហែងនៅតាមបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គខ្លះ ដោយសារតែការប្រែប្រួលអាកាសធាតុ។
តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន ប្រចាំគណៈកម្មការទន្លេមេគង្គ (ASMC) គឺលោក អាង ជៀងហៃ បានមានប្រសាសន៍ថា កាលពីអំឡុងខែមករា កន្លងទៅ ឥទ្ធិពលខ្យល់មូសុង បានបោកបក់នៅភាគខាងត្បូងនៃខ្សែអេក្វាទ័រ ដែលធ្វើឱ្យការប្រែប្រួលអាកាសធាតុធ្លាប់កើតឡើងនៅទូទាំងតំបន់។ រយៈពេល ២-៣ក្រោយមកទៀត គឺនៅអំឡុងខែមីនា កន្លងទៅថ្មីៗ គឺខ្យល់មូសុង បានបោកបក់ពីទិសខាងជើងត្រឡប់ទៅរកខ្សែអេក្វាទ័រវិញ ដែលបានធ្វើឱ្យការប្រែប្រួលអាកាសធាតុ កាន់តែកើតមានឡើង ជាពិសេសនៅតំបន់ភាគខាងត្បូង។
លោក អាង ជៀងហៃ៖ «សកម្មភាពដែលអាចកើតឡើងនៅតាមបណ្ដាប្រទេសអនុតំបន់ទន្លេមេគង្គ គឺត្រូវគេរំពឹងទុកថា នឹងអាចទទួលរងផលប៉ះពាល់ខ្លាំង ដោយសារតែការប្រែប្រួលអាកាសធាតុនៅក្នុងខែមេសានេះ»។
កន្លងទៅប្រទេសឥណ្ឌូនេស៊ី បានទទួលរងឥទ្ធិពលនៃអ័ព្ទផ្សែងពុលខ្លាំង ដោយសារតែទប់ស្កាត់ភ្លើងឆេះព្រៃមិនបាន ហើយឥទ្ធិពលផ្សែងអ័ព្ទឆ្លងដែននេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលជាប្រទេសនៅជាប់គ្នានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
