មន្ត្រីតំបន់ព្រៃការពារខេត្តមណ្ឌលគិរី បញ្ចប់ការស៊ើបអង្កេតករណីបាញ់សម្លាប់សត្វខ្ទីងមួយក្បាលជាប្រភេទសត្វព្រៃកម្រជិតផុតពូជនៅតំបន់ព្រៃការពារក្នុងស្រុកកោះញែក និងរៀបចំសំណុំរឿងប្ដឹងអ្នកពាក់ព័ន្ធទៅតុលាការ។ មន្ត្រីអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ អំពាវនាវសុំឲ្យផ្ដន្ទាទោសជនពាក់ព័ន្ធដោយគ្មានការលើកលែង។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថានៅដើមសប្ដាហ៍ក្រោយនេះលោកនឹងបញ្ជូនសំណុំរឿងប្ដឹងមនុស្ស ៥នាក់ ដែលជាប់ពាក់ព័ន្ធបាញ់សម្លាប់សត្វខ្ទីងនៅព្រៃការពារទៅស្ថាប័នអយ្យកាសាលាដំបូងខេត្តមណ្ឌលគិរី។
ជនពាក់ព័ន្ធទាំង ៥នាក់ ក្នុងនោះមានបីនាក់ជាយោធាកងវរសេនាតូចការពារព្រំដែនគោកលេខ ១០៣ នៃយោធាតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ឈ្មោះ អ៊ុក សារុន សុខ មករា និង ឯក ពៅ។ ចំណែកពីរនាក់ទៀតមានឈ្មោះ យើល ចេក ជាព្រានព្រៃ និងឈ្មោះ ស ប៊ុនលាង ជាប្រជាពលរដ្ឋ។
ប្រធានតំបន់ព្រៃការពារមណ្ឌលគិរី លោក កែវ សុភ័ក្រ ឲ្យដឹងថា លោកបានផ្ញើរបាយការណ៍ស៊ើបអង្កេតទៅផ្នែករដ្ឋបាលព្រៃឈើកោះញែក កាលពីថ្ងៃច័ន្ទ ទី១៤ មីនា បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត និងកំណត់មុខសញ្ញាជនពាក់ព័ន្ធបាញ់សម្លាប់សត្វព្រៃកម្រនេះ។

លោករំពឹងថា នៅសប្ដាហ៍ក្រោយនេះ ពាក្យប្ដឹងនឹងត្រូវមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបញ្ជូនទៅស្ថាប័នអយ្យកាចាត់វិធានការបន្ត៖ «សំណុំរឿងហ្នឹងយើងបញ្ជូនចេញពីព្រៃការពារហើយទៅផ្នែកកោះញែក។ យើងចោទប្រកាន់ក្នុងមាត្រាទី៩៧ ពីបទបរបាញ់ក្នុងតំបន់ការពារ»។
មន្ត្រីតំបន់ព្រៃការពារមណ្ឌលគិរី កាលពីថ្ងៃទី៩ ខែមីនា បានប្រទះឃើញសាច់សត្វខ្ទីងមួយក្បាលត្រូវគេសម្លាប់យកសាច់ និងស្នែង ហើយយកមកហាលក្បែរទីតាំងយោធាចំណុចអូរផ្លាយ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក។ បន្ទាប់ពីការរកឃើញនេះ មន្ត្រីព្រៃឈើបានប្រមូលវត្ថុតាង និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីយោធា និងប្រជាពលរដ្ឋរងការចោទប្រកាន់ករណីនេះបានទេ នៅថ្ងៃទី១៩ ខែមីនា ក៏ប៉ុន្តែមេបញ្ជាការយោធាខេត្តមណ្ឌលគិរី លោក ឃិន ម៉េងស្រេង បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ប្រសិនមន្ត្រីយោធារបស់លោកមានកំហុសសុំឲ្យតុលាការចាត់វិធានការផ្លូវច្បាប់។
ទាក់ទិនការបាញ់សម្លាប់សត្វខ្ទីងនេះដែរ ប្រធានតំបន់ខ្ពង់រាបទេសភាពភាគខាងកើតនៃអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិលោក មូល ផាត់ ថ្លែងថា សត្វខ្ទីងនៅតំបន់ព្រៃការពារ ឋិតក្នុងប្រភេទសត្វកម្រជិតផុតពូជ ហេតុនេះការបាញ់សម្លាប់សត្វប្រភេទនេះច្បាប់បានហាមប្រាម។ លោកថា ជនពាក់ព័ន្ធត្រូវតែមានទោសមិនអាចលើកលែងបានទេ៖ «មិនអាចលើកលែងបានទេ បើមិនអ៊ីចឹងអាចជាគំរូមិនល្អដល់ជនប្រព្រឹត្តល្មើសផ្សេងៗទៀតដែលគេគិតថា សម្លាប់សត្វជិតផុតពូជហើយអត់ឃើញមានទោសផង អ៊ីចឹងគេនឹងធ្វើបន្តទៀត»។
ច្បាប់ស្ដីពីព្រៃឈើតម្រូវឲ្យផ្ដន្ទាទោសថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ចំពោះជនទាំងឡាយណាដែលបរបាញ់សត្វក្នុងព្រៃការពារសម្លាប់ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្រុមជិតផុតពូជ។ ប្រសិនជននោះមិនរាងចាលនឹងត្រូវផ្ដន្ទាទោសនេះទ្វេដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
