ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ៦សហគមន៍ នៅខេត្តមណ្ឌលគិរី គ្រោងតវ៉ាដោយសន្តិវិធី សុំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិ និងទាមទារឲ្យមានការដាក់ទោសតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិល្មើស។
ការតវ៉ានេះ ធ្វើឡើងតាមរយៈញត្តិទាមទារជាសាធារណៈមានស្នាមមេដៃប្រជាពលរដ្ឋ ២៦នាក់ តំណាងសហគមន៍មកពីឃុំចំនួន៦ ក្នុងស្រុកអូររាំង ពេជ្រាដា កែវសីមា និងក្រុងសែនមនោរម្យ នឹងគ្រោងដាក់ញត្តិជូនអាជ្ញាធរមូលដ្ឋាន មន្ទីរស្ថាប័នពាក់ព័ន្ធ នៅដើមសប្ដាហ៍នេះ។
តំណាងសហគមន៍ឡៅកា សង្កាត់រម្យនា ក្រុងសែនមនោរម្យ អ្នកស្រី ឃ្វើង ទុំ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា មានប្រសាសន៍បញ្ជាក់ថា បទល្មើសព្រៃឈើ ដូចជាសកម្មភាពកាប់ឈើប្រណីត សកម្មភាពកាប់រានឈូសឆាយព្រៃសហគមន៍ និងដីព្រៃរដ្ឋ យកដីខុសច្បាប់នៅតែបន្តកើតមាន ហើយមានសភាពកើនឡើង និងគ្មានការបង្ក្រាបជាក់លាក់។ អ្នកស្រីកត់សម្គាល់ថា សហគមន៍មានលទ្ធភាពតិចតួចក្នុងការជួយទប់ស្កាត់ ដោយសារតែជនល្មើសមួយចំនួនពាក់ព័ន្ធជាមន្ត្រីមានអំណាច និងខ្លះទៀតជាភាគីក្រុមហ៊ុន បានឃុបឃិតជាមួយមន្ត្រីមានអំណាច មន្ត្រីជំនាញ នៅពីក្រោយសកម្មភាពលួចកាប់ឈើខុសច្បាប់នេះ៖ «ភូមិណាក៏ដូចជាភូមិណាដែរ គ្រប់សហគមន៍គេប្រាប់ថា នៅបញ្ហាច្រើននៅគេអារនៅគេបំផ្លាញ អត់មានទប់ស្កាត់សោះ។ សុទ្ធតែក្រុមហ៊ុនគេកាប់ដាក់ទាំងឡានៗយីឌុបធំៗ ហើយទៅព្រៃម៉ាស៊ីនគេពេញតែព្រៃ»។
ដូចគ្នានេះដែរ តំណាងសហគមន៍ប៊ូស្រា ស្រុកពេជ្រាដា លោក ឃុត ចាន់រ៉ា មានប្រសាសន៍បញ្ជាក់ដែរថា មិនមែនមានតែពលរដ្ឋខ្មែរទេ សូម្បីប្រជាពលរដ្ឋនៅប្រទេសវៀតណាម ក៏បានលួចមកកាប់ឈើក្នុងដីខ្មែរ ហើយដឹកជញ្ជូនចេញតាមរថយន្តតាមច្រករបៀងព្រំដែនបានដោយងាយ។ លោកបន្តថា នេះបង្ហាញឲ្យឃើញថា សមត្ថកិច្ចបង្ក្រាបគ្រប់ស្ថាប័ន មិនបានយកចិត្តទុកដាក់ការពារធនធានធម្មជាតិរបស់ខ្មែរនោះឡើយ៖ «បើកផ្លូវ ឬក៏បណ្តោយឲ្យជនបរទេសមកលុកលុយ ឬក៏មកបំផ្លាញធនធានធម្មជាតិ ក៏ដូចជាព្រៃឈើយ៉ាងអនាធិបតេយ្យហ្នឹង វាអត់ត្រឹមត្រូវទាល់តែសោះ ហិនហោចខ្ទេចខ្ទីអស់ហើយ»។
ខ្លឹមសារញត្តិដែលសហគមន៍គ្រោងដាក់ជូនក្រុមសមត្ថកិច្ចនៃអាជ្ញាធរខេត្ត សង្កត់ធ្ងន់ទៅលើច្បាប់ព្រៃឈើ ច្បាប់ស្ដីពីបរិស្ថាន និងច្បាប់ភូមិបាល សុទ្ធតែបានចែងពីបទបញ្ញត្តិ និងការដាក់ទោសទណ្ឌជនប្រព្រឹត្តិបទល្មើសព្រៃឈើ និងការរំលោភបំពានទៅលើអចលនទ្រព្យ និងកម្មសិទ្ធិសមូហភាពជនជាតិដើមភាគតិច។ ហេតុនេះ សហគមន៍ថ្កោលទោសឧក្រិដ្ឋកម្មព្រៃឈើតាំងពីឆ្នាំ២០០២ រហូតមក និងទាមទារឲ្យមានការផ្ដន្ទាទោសពួកគេតាមច្បាប់កំណត់។
ឆ្លើយតបបញ្ហានេះ អភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង មានប្រសាសន៍បញ្ជាក់ថា បញ្ហាកាប់បំផ្លាញព្រៃឈើនេះ មួយផ្នែកក៏មានជាប់ពាក់ព័ន្ធសមាជិកសហគមន៍ខ្លះជាអ្នកប្រព្រឹត្តិ ឬជាអ្នកផ្សំគំនិតជាមួយជនល្មើស។ លោកបន្តថា ប្រសិនអាជ្ញាធរចាត់វិធានការផ្លូវច្បាប់នោះ ក្រុមសហគមន៍មួយចំនួនក៏នឹងត្រូវរងការផ្ដន្ទាទោសដូចគ្នា៖ «សហគមន៍ខ្លួនឯងហ្នឹង ខ្ញុំបានចុះប៉ុន្មានសហគមន៍ហើយ ខ្ញុំសួរថា អ្នកដែលទៅកាប់ហ្នឹងដែលស្គាល់ឈើបេង នាងនួនហ្នឹងឯណា។ អ៊ីចឹង ខ្ញុំថាឲ្យគាត់ណែនាំសមាជិក សហគមន៍ខ្លួនឯងធ្វើតាមច្បាប់សហគមន៍ទៅ។ តែខ្ញុំចាប់ៗដោយទាំងសមាជិកសហគមន៍ហ្នឹង នាំគ្នាមកបាតុកម្មសុំខ្ញុំទៀត»។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើដីធ្លីសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ថ្លែងគាំទ្រទង្វើការពារព្រៃឈើធនធានធម្មជាតិរបស់ក្រុមសហគមន៍។ លោកអំពាវនាវសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ជាតិ អនុវត្តឲ្យមានប្រសិទ្ធភាពបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងជាពិសេស ច្បាប់ស្ដីពីព្រៃឈើនៃប្រទេសកម្ពុជា៖ «អ្វីដែលគាត់ដាក់ គឺគាត់ទាមទារដើម្បីឲ្យអាជ្ញាធរជំនាញ ដូចជាមន្ត្រីព្រៃឈើ និងមន្ទីរបរិស្ថាន ហើយនិងអាជ្ញាធរខេត្ត មានការចាប់អារម្មណ៍ ហើយធ្វើចំណាត់ការទៅលើជនល្មើសដែលកំពុងប្រព្រឹត្តបទល្មើសឧក្រិដ្ឋព្រៃឈើហ្នឹង»។
តួលេខអង្កេតរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី ចាប់ពីដើមឆ្នាំ២០១៤ រហូតបច្ចុប្បន្ន ក្រុមសហគមន៍ការពារព្រៃឈើជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា ស្រុកអូររាំង ស្រុកកែវសីមា និងក្រុងសែនមនោរម្យ បង្ក្រាបបទល្មើសព្រៃឈើបាន ១០ករណី រឹបអូសបានម៉ាស៊ីនកាត់ឈើ ១៦គ្រឿង រថយន្ត ៦គ្រឿង ម៉ូតូ ៩គ្រឿង កាំភ្លើងមួយដើម និងឃាត់ខ្លួនមនុស្ស ១៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
