កម្លាំងសមត្ថកិច្ចចម្រុះ និងតំណាងសហគមន៍នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រមូលឈើប្រភេទធ្នង់ និងរាជផ្កុលជាង ៨០ដើម យកទៅរក្សាទុកនៅទីស្នាក់ការអភិរក្សដែនជម្រកសត្វព្រៃចម្ការម៉ុច នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ។
ក្រុមសមត្ថកិច្ចសន្និដ្ឋានថា ឈើដែលមានមុខកាត់បីតឹក ប្រវែង ២ម៉ែត្រ ត្រូវបានជនល្មើសគរទុកលក់ឲ្យឈ្មួញ ក្រោយពីកាប់ និងដឹកចេញភ្លាមៗពីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល។
មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង លោក ណុប ភ័ក្ដ ឲ្យដឹងថា ប្រតិបត្តិការដកហូតនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានប្រទះឃើញឈើគរចោលនៅចំណុចម៉ាក នៃភូមិដូង ឃុំក្បាលទឹក ស្រុកទឹកផុស ហើយបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ។ លោកថា ឈើទាំងនេះ គឺជាប្រភេទឈើគ្រាក់ ឬឈើចាស់ៗបន្សល់ពីការកាប់បំផ្លាញក្នុងដែនជម្រកកាលពីសម័យខ្មែរក្រហម។
តំណាងសហគមន៍ សាទរចំពោះវិធានការរឹបអូសឈើនេះ ខណៈដែលបទល្មើសព្រៃឈើក្នុងតំបន់មួយចំនួននៃស្រុកទឹកផុស កើតមានជាច្រើន ហើយអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់បានតិចតួច។
មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងទឹកដីរដ្ឋបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា កន្លងទៅ សមត្ថកិច្ចក៏ចាប់ឈើបានមួយចំនួនទៅរក្សាទុកនៅទីស្នាក់ការចម្ការម៉ុច ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើ មិនទាន់បានដោះស្រាយ ឬលក់ដូរឈើទាំងនោះ ដើម្បីបង់ចូលថវិកាជាតិយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
