គណៈកម្មការ​ទី​៩​រដ្ឋសភា​គាំទ្រ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2016.02.03
ការដ្ឋាន​ក្រុមហ៊ុន​រ៉ែ​មាស មេស្កូ ហ្គោល រតនគិរី ២០១៦ ៨៥៥ ការដ្ឋាន​ក្រុមហ៊ុន​រ៉ែ​មាស មេស្កូ ហ្គោល (Mesco Gold) ឋិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Ratha Visal
RFA/Ratha Visal

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម អះអាង​ថា ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) របស់​ប្រទេស​ឥណ្ឌា នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ពេល​ឆាប់ៗ។ ចំណែក​ក្រុម​ការងារ​នៃ​គណៈកម្មការ​ទី​៩ រដ្ឋសភា ក៏​បាន​គាំទ្រ​គម្រោង​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​ដល់​ក្រុមហ៊ុន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ។

ការ​អះអាង​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​ការ​គាំទ្រ​របស់​គណៈកម្មការ​ទី​៩ រដ្ឋសភា ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ការិយាល័យ​ការដ្ឋាន​ក្រុមហ៊ុន មេស្កូ ហ្គោល ឋិត​នៅ​ភូមិ​ពាក់ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​បញ្ជាក់​ជូន​គណៈ​ប្រតិភូ​នៃ​គណៈកម្មការ​ទី​៩ រដ្ឋសភា ដឹក​នាំ​ដោយ លោកស្រី និន សាផុន មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​រតនគិរី រួម​ទាំង​តំណាង​ក្រុមហ៊ុន​ថា បន្ទាប់​ពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​បាន​បញ្ចប់​រយៈពេល​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រសួង​រ៉ែ នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញលេញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី។ លោក​បន្ត​ថា ក្រសួង​បាន​ទទួល​លិខិត​បទដ្ឋាន និង​ពិនិត្យ​សព្វគ្រប់ ទាក់ទិន​សំណើ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ហើយ។ ហេតុ​នេះ ក្រុមហ៊ុន​ត្រូវ​បន្ត​រៀបចំ​លក្ខណៈ​សម្បត្តិ​ដំណើរ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៖ «ការ​សិក្សា​ផល​ប៉ះពាល់​ធ្វើ​ចប់​ហើយ នៅ​តែ​ធ្វើ​ក្រដាស​ស្នាម​ទេ អត់​មាន​បញ្ហា​ទេ អាច​ដំណើរ​ការ​ទៅ​បាន។ ចំពោះ​ខ្ញុំ ឲ្យ​តែ​ឯកសារ​បរិស្ថាន​ចប់​សព្វគ្រប់​មក​ដល់​ខ្ញុំ ខ្ញុំ​សន្យា​តែ​មួយ​អាទិត្យ​ទេ»

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ឯកសារ​ពាក់ព័ន្ធ​ការ​ស្នើសុំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល កំពុង​ឋិត​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (ស៊ី.ឌី.ស៊ី = Cambodia Development Council) ដែល​នឹង​កោះ​ប្រជុំ​អន្តរ​ក្រសួង​វាយ​តម្លៃ​ពី​គម្រោង​នេះ។

អនុប្រធាន​គណៈកម្មការ​ទី​៩ រដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ដែល​បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​នៅ​ការដ្ឋាន និង​ពិនិត្យ​មើល​បទ​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស និង​គោលការណ៍​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល សម្ដែង​ការ​ពេញ​ចិត្ត​ចំពោះ​គម្រោង​វិនិយោគ​រ៉ែ​មាស​មួយ​នេះ។ លោក​សង្កត់​ធ្ងន់​ថា គម្រោង​នេះ​មិន​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ហើយ​នឹង​រួម​ចំណែក​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ជា​ម្ចាស់​តំបន់​មាន​រ៉ែ​មាស​នេះ៖ «ខ្ញុំ​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បន្ត​ធ្វើ​ការ​ជាមួយ​សហគមន៍​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​សុខដុមរមនា​ជាមួយ​គ្នា»

តាម​ការ​គ្រោង​ទុក ក្រុមហ៊ុន​ឈ្មោះ មេស្កូ ហ្គោល របស់​ប្រទេស​ឥណ្ឌា នឹង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ រយៈពេល ៣០​ឆ្នាំ លើ​ផ្ទៃ​ដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូម៉ែត្រ​ការ៉េ បន្ទាប់​ពី​ក្រសួង​រ៉ែ និង​ថាមពល ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​មក​ឲ្យ​ក្រុមហ៊ុន។

អនុប្រធាន​ក្រុមហ៊ុន មេស្កូ ហ្គោល លោក រ៉ាជីវ ខេ ម៉ូតហ្យីល (Rajeed K. Moudguil) អះអាង​ដែរ​ថា នៅ​ពេល​បញ្ចប់​កិច្ចសន្យា​វិនិយោគ​នេះ ក្រុមហ៊ុន​នឹង​ប្រគល់​ទីតាំង​ដី​ជូន​ទៅ​រាជ​រដ្ឋាភិបាល​គ្រប់គ្រង រួម​ទាំង​លុប​រណ្ដៅ​រ៉ែ​ឲ្យ​ត្រឹមត្រូវ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ ត្រូវ​បាន​ដោះស្រាយ​ត្រឹមត្រូវ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​នឹង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​អាទិភាព និង​ចូលរួម​អភិវឌ្ឍ​សហគមន៍​តំបន់​នោះ​ទៀត​ផង៖ «ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​ស្ដារ​បរិស្ថាន​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ហើយ​ក្រោយ​ពី​ការ​សាងសង់​អណ្ដូង ក្រុមហ៊ុន​នឹង​លុប​រណ្ដៅ ហើយ​ដាំ​ដើម​ឈើ​ឡើង​វិញ»

ក្រុមហ៊ុន មេស្កូ ហ្គោល គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៤០៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ចំណាយ​លើ​គម្រោង​វិនិយោគ​រ៉ែ​មាស​នេះ ក្នុង​នោះ​ក្រុមហ៊ុន​ត្រូវ​បង់​ពន្ធ​ចូល​ថវិកា​ជាតិ​ប្រមាណ ១០៥​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​រំពឹង​ថា នឹង​រក​ប្រាក់​ចំណូល​បាន ៤៥៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ដក​ប្រាក់​ពន្ធ​រួច​រាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។