អាដហុក​និង​សហគមន៍​ខេត្ត​កំពត​គ្រោង​ប្ដឹង​សមត្ថកិច្ច​ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ

0:00 / 0:00

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)រួម​នឹង​សហគមន៍​ព្រៃ​ឈើ​មួយ​ចំនួន​នៅ​ខេត្ត​កំពត គ្រោង​ដាក់​បណ្ដឹង​បរិហារ​ចំនួន​៤ ដាច់​ដោយឡែក​ពី​គ្នា ដើម្បី​ប្ដឹង​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​កើត​ឡើង​នៅ​តាម​ព្រៃ​សហគមន៍ និង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក ប៉ែន បុណ្ណារ៍ បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៦ មេសា ថា បណ្ដឹង​បរិហារ​ទាំងនេះ នឹង​ត្រូវ​ដាក់​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត នៅ​ត្រឹម​សប្ដាហ៍​នេះ ហើយ​ដើម​បណ្ដឹង​គឺ​ជា​មន្ត្រី​សមាគម​អាដហុក គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ និង​ពលរដ្ឋ​មួយ​ចំនួន ដែល​បាន​ដឹង​អំពី​បទល្មើស​ព្រៃ​ឈើ​ដែល​កើត​មាន​ឡើង​នៅ​ខេត្ត​កំពត។

លោក ប៉ែន បុណ្ណារ៍ បញ្ជាក់​ថា បណ្ដឹង​បរិហារ​ទាំងនេះ គឺ​ប្ដឹង​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ដែល​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ចំនួន ៣​កន្លែង គឺ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង និង​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ត្នោត ព្រម​ទាំង​ការ​ផ្តល់​សម្បទាន​ដី​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន«មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ដាក់​បណ្ដឹង បណ្ដឹង​បរិហារ​ប្ដឹង​មន្ត្រី​ដែល​មិន​យក​ចិត្ត​ទុក​ដាក់ បណ្តែតបណ្តោយ​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​បន្ត​ទៀត​ហ្នឹង។ អ៊ីចឹង​បាន​យើង​សិក្សា​ក្នុង​ផ្លូវ​ច្បាប់។ យើង​ឃើញ​ថា​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៥២៩ មិន​ត្រឹម​តែ​បង្ខំ​ឲ្យ​យើង​ដាក់​បណ្ដឹង​បរិហារ​ទេ តែ​ថែម​ទាំង​បើ​មិន​ប្ដឹង​ទេ យើង​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ ហើយ​និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត។ អ៊ីចឹង​បាន​ជា​យើង​ប្រើ​សិទ្ធិ​របស់​យើង ហើយ​វា​ជា​កាតព្វកិច្ច​មួយ»

គម្រោង​ដាក់​បណ្ដឹង​បរិហារ​របស់​មន្ត្រី​អាដហុក និង​សហគមន៍​ព្រៃ​ឈើ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពួក​គេ​បាន​ដាក់​បណ្ដឹង​ជា​បន្តបន្ទាប់​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ក៏ប៉ុន្តែ​រាល់​បណ្ដឹង​ទាំងនោះ ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។ លើស​ពី​នេះ ក្រោយ​ការ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ លោក ប៉ែន បុណ្ណារ៍ និង​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ អះអាង​ថា បទល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​បាន​កើត​មាន​កាន់​តែ​ខ្លាំង«ពី​មុន​យើង​ប្ដឹង​ជន​ល្មើស ប៉ុន្តែ​ឥឡូវ​យើង​អត់​ប្ដឹង​ជន​ល្មើស​ទេ ព្រោះ​បទល្មើស​នៅ​ក្នុង​សហគមន៍​ដែល​ស្ថាប័ន​អយ្យការ​តម្កល់ វា​មិន​មែន​តិចតួច​អ៊ីចឹង​ទេ វា​ច្រើន​ជាង​ហ្នឹង​ទៀត ហើយ​បទល្មើស​ហ្នឹង​អត់​មាន​ការ​ទប់ស្កាត់​ទេ វា​កាន់​តែ​កាប់​រាន​បន្ថែម​ទៀត។ អ៊ីចឹង​បណ្ដឹង ៤ ដែល​យើង​ដាក់​ក្រោយ​ចូល​ឆ្នាំ​ហ្នឹង គឺ​ជា​បណ្ដឹង​បរិហារ​លើ​មន្ត្រី​អាជ្ញាធរ​ដែនដី និង​ជំនាញ​ដែល​លោក​បណ្តែតបណ្តោយ​មិន​ទប់ស្កាត់​បទល្មើស​ទាំងអស់​ហ្នឹង»

គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត ចុះ​ពិនិត្យ​ព្រៃ​សហគមន៍​របស់​ខ្លួន​ក្រោយ​ទទួល​ដំណឹង​ថា​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃ​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត ចុះ​ពិនិត្យ​ព្រៃ​សហគមន៍​របស់​ខ្លួន​ក្រោយ​ទទួល​ដំណឹង​ថា​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃ​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ (RFA)

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពត លោក ស៊ឹម វុទ្ធា បញ្ជាក់​ថា មិន​មាន​មន្ត្រី​ណា​អាច​ប្រព្រឹត្ត​ខុស​ទៅ​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ ហើយ​បើ​សិន​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​មែន​នោះ ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ ក៏ប៉ុន្តែ​លោក​ចង់​ឲ្យ​ខាង​សហគមន៍​ព្រៃ​ឈើ​រាយការណ៍​មក​មន្ត្រី​ជំនាញ ជាពិសេស​អាជ្ញាធរ​ខេត្ត​ជា​មុន​សិន មុន​ពេល​ដែល​ពួក​គេ​ដាក់​បណ្ដឹង​ទាំងនោះ​ទៅ​ស្ថាប័ន​តុលាការ។ លោក​ស្នើ​ឲ្យ​សហគមន៍​ព្រៃ​ឈើ​មាន​តំណាង​ច្បាស់លាស់ យក​ពាក្យ​បណ្ដឹង​មក​ដាក់​នៅ​សាលា​ខេត្ត ដើម្បី​រក​ដំណោះស្រាយ«សហគមន៍​គាត់​កើត​ឡើង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន តាំង​ពី​ភូមិ ឃុំ ស្រុក ខេត្ត ដោយ​មាន​ការ​សម្របសម្រួល​ជំនាញ​ពី​រដ្ឋបាល​ព្រៃ​ឈើ។ អ៊ីចឹង​ស្ថាប័ន​ដែល​បង្កើត​គាត់​ទាំងអស់​ហ្នឹង ថា​តើ​គាត់​បាន​ទៅ​ដល់​អស់​ឬ​នៅ ? គាត់​អត់​ទេ។ គាត់​ភ្លែត​គាត់​យោង​តែ​ច្បាប់​ព្រៃ​ឈើ អនុវត្ត​ខុស​ហើយ គាត់​ប្ដឹង​ទៅ​តុលាការ។ អ៊ីចឹង​នេះ​ដែល​ខ្ញុំ​យល់​ថា ជា​យន្តការ​មួយ​មិន​ល្អ​ទេ។ ហើយ​អាដហុក​គួរ​តែ​បញ្ចប់​កិច្ច​ការងារ​ដែល​មិន​យល់​ពី​យន្តការ​ដោះស្រាយ​វិវាទ​នេះ​ទៅ។ ខ្ញុំ​ជឿ​ថា​អាដហុក​លោក​ដឹង មិន​មែន​លោក​មិន​ដឹង​ទេ ប៉ុន្តែ​ប្រហែល​ជា​មាន​មន្ត្រី​អាដហុក​ខ្លះ​គាត់​ធ្វើ​ឲ្យ​មាន​ការ​ស្មុគស្មាញ ឬ​លំបាក​ដល់​សហគមន៍។ គាត់​ដើរ​ផ្លូវ​កាត់​ច្រើន​ពេក​ហើយ។ អ៊ីចឹង​សូម​ឲ្យ​វិល​ចូល​ចរន្ត​ហ្នឹង​វិញ ហើយ​ខ្ញុំ​ជឿ​ថា បើ​ដល់​ខេត្ត ហើយ​ដោះស្រាយ​មិន​បាន នោះ​ចាត់​ទុក​ថា​ខេត្ត​អន់​ហើយ»

សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំ​ម្លូ សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹង និង​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ត្នោត រង​ការ​កាប់​រាន​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់ ហើយ​ខាង​គណៈកម្មការ​សហគមន៍​អះអាង​ថា បាន​រាយការណ៍​បទល្មើស​នេះ​ទៅ​សមត្ថកិច្ច​ជំនាញ​ជាច្រើន​ដង ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ដោយឡែក​បណ្ដឹង​បរិហារ​មួយ​ទៀត គឺ​ប្ដឹង​អំពី​ការ​ផ្តល់​សម្បទាន​តំបន់​ព្រៃ​ស្រោង និង​ពាក់​កណ្ដាល​ស្រោង​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ទៅ​ឲ្យ​ក្រុមហ៊ុន​វើធើស ហ្គ្រីន ផ្លេនថេសិន (ខេមបូឌា) ភីធីអ៊ី អិលធីឌី (VIRTUS GREENS PLANTATIONS (CAMBODIA) PTE LTD) របស់​អ្នក​ជំនួញ​ម៉ាឡេស៊ី លោក ធី ម៉ូហាន (T. Mohan) ដែល​ជា​ចាងហ្វាង​កាសែត​ខ្មែរ​ថាមស៍ (Khmertimes)។

ច្បាប់​ស្ដីពី​ព្រៃ​ឈើ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ កំណត់​ថា ការ​គាស់ រុក​រាន​ដី​ព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​ដែល​ជន​ប្រព្រឹត្តិ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ដល់ ១០​ឆ្នាំ និង​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ១៥០​លាន​រៀល។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ណា​ដែល​មាន​ការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​ទៅ​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​រដ្ឋបាល ឬ/និង ត្រូវ​ចោទ​ប្រកាន់​ចំពោះ​មុខ​តុលាការ ហើយ​បើ​មន្ត្រី​ទាំងនោះ​សម​គំនិត​នឹង​អ្នក​ប្រព្រឹត្តិ​បទល្មើស ឬ​ជួយ​សម្រួល​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ពួក​គេ​ក៏​ត្រូវ​ផ្ដន្ទាទោស​ដូច​ជន​ប្រព្រឹត្តិ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។