បុរស​អាមេរិកាំង​ម្នាក់​កែច្នៃ​សំរាម​ដប​ប្លាស្ទិក​ឲ្យ​ក្លាយ​ទៅ​ជា​គ្រឿង​តាំង​លំអ​នៅ​សៀមរាប

ដោយ ហង្ស សាវយុត
2017-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ចន ខេម៉េលវីន (John K Melvin) ប្រើ​ដង្កាប់​ពត់​លួស​ចង​ក​ដប​ទឹក​សុទ្ធ តម្រៀប​គ្នា​ដើម្បី​ច្នៃ​ប្រឌិត​ធ្វើ​គ្រឿង​លំអ​ភ្លើង​អគ្គិសនី នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
លោក ចន ខេម៉េលវីន (John K Melvin) ប្រើ​ដង្កាប់​ពត់​លួស​ចង​ក​ដប​ទឹក​សុទ្ធ តម្រៀប​គ្នា​ដើម្បី​ច្នៃ​ប្រឌិត​ធ្វើ​គ្រឿង​លំអ​ភ្លើង​អគ្គិសនី នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់​ចំណាយ​ពេលវេលា​របស់​គាត់​ជាច្រើន​ថ្ងៃ ដើម្បី​ដើរ​ប្រមូល និង​រើស​យក​សម្បក​ដប​ទឹក​សុទ្ធ​ដែល​ធ្វើ​ពី​ប្លាស្ទិក​ពី​កន្លែង​ដែល​គេ​បោះ​ចោល​នានា មក​កែច្នៃ​ធ្វើ​ជា​គ្រឿង​តុបតែង​លំអ ក្នុង​បំណង​បំផុស​ឲ្យ​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប កុំ​បោះ​ចោល​សំណល់​ប្លាស្ទិក​ដែល​ប្រើប្រាស់​រួច ខ្ជះខ្ជាយ។

មន្ត្រី​មន្ទីរ​បរិស្ថាន ធ្លាប់​បង្ហាញ​ថា នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់ គឺ​គ្រាន់​តែ​ក្រុង​សៀមរាប មួយ សំរាម​បាន​កើន​ឡើង​ប្រហែល ៣៥០​តោន​ក្នុង​មួយ​ថ្ងៃៗ។ ក្នុង​ចំណោម​សំរាម​ទាំងនោះ គឺ​មាន​ប្រភេទ​ប្លាស្ទិក​ប្រមាណ​ជាង ២០%

បុរស​ជនជាតិ​អាមេរិកាំង​ដែល​កំពុង​ចំណាយ​ពេល​របស់​គាត់​នៅ​កន្លែង​សិល្បៈ​មួយ​ឈ្មោះ ១៩៦១ ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប គឺ​លោក ចន ខេម៉េលវីន (John K Melvin)។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មីនា ថា លោក​បាន​មក​ខេត្ត​សៀមរាប តាម​រយៈ​គម្រោង​របស់​អង្គការ​វើល ម៉ូញូមិន ហ្វាន់ (World Monument Fund) ដើម្បី​អប់រំ​ដល់​កម្មករ​ខ្មែរ​ជាច្រើន​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រាសាទ​ភ្នំបាខែង ឲ្យ​យល់​ដឹង​អំពី​វិធី​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ចោល​ការ​ប្រើប្រាស់​ជាតិ​ប្លាស្ទិក​នៅ​ក្នុង​ជីវិត។

លោក ចន ខេម៉េលវីន (John K Melvin) ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន លោក​បាន​ដើរ​មើល​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប ដូចជា​នៅ​តាម​ដង​ស្ទឹង ផ្សារ​រាត្រី និង​កន្លែង​ផលិត​សម្បក​ដប​ធ្វើ​ពី​ប្លាស្ទិក​ជាដើម គឺ​មាន​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​ទាំងនោះ​ជាច្រើន។ រូប​លោក​មាន​កង្វល់​យ៉ាង​ខ្លាំង​ទៅ​លើ​សំណល់​ប្លាស្ទិក​ទាំងនោះ ថា​វា​អាច​គំរាម​កំហែង​ដល់​បរិស្ថាន និង​ភាព​ស្អាត​របស់​ទីក្រុង​យ៉ាង​ខ្លាំង ហើយ​គិត​ថា​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ពញ្ញាក់​អារម្មណ៍​សាធារណជន​ឲ្យ​គិត​ឡើង​វិញ​អំពី​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​ទាំងនោះ។ ទីបំផុត រូប​លោក​ក៏​បាន​រក​ឃើញ​វិធី​កែច្នៃ​សម្បក​ដប​ទឹក​សុទ្ធ​ប្លាស្ទិក ឲ្យ​ទៅ​ជា​គ្រឿង​លំអ​ភ្លើង​អគ្គិសនី​នៅ​ពេល​យប់៖ «បច្ចុប្បន្ន​នៅ​សៀមរាប នេះ គឺ​កន្លែង​សិប្បកម្ម​ខ្លះ​បាន​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើ​ពី​ប្លាស្ទិក​ប្រហែល ១២០​គីឡូក្រាម ទៅ ១៨០​គីឡូក្រាម ដែល​ខូចខាត​ដោយ​បញ្ហា​ខុស​បច្ចេកទេស ហើយ​បោះ​ចោល​កាក​សំណល់​ប្លាស្ទិក​ទាំងនោះ។ បញ្ហា​នេះ​រួមផ្សំ​នឹង​ការ​បោះ​ចោល​ដប​ទឹក​ប្លាស្ទិក​នៅ​តាម​កន្លែង​ជាច្រើន​ទៀត បាន​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​ដល់​ការ​គំរាម​កំហែង​បរិស្ថាន​យ៉ាង​ខ្លាំង។ ដូច្នេះ គំនិត​ដែល​ខ្ញុំ​យក​ដប​ទឹក​ប្លាស្ទិក​មក​កែច្នៃ​នៅ​ពេល​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ខ្លះៗ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ដឹង​ថា សំណល់​ដែល​ប្រើ​រួច​ហើយ​ខ្លះ មិន​គួរ​បោះ​ចោល​ទេ គួរ​តែ​កែច្នៃ​វា​ប្រើប្រាស់​ឡើង​វិញ»

លោក ចន ខេម៉េលវីន (John K Melvin) ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ លោក​មាន​គម្រោង​នឹង​យក​របស់​ដែល​លោក​កែច្នៃ​ពី​សម្បក​ដប​ទឹក​សុទ្ធ​នេះ ទៅ​ផ្សព្វផ្សាយ ព្រម​ទាំង​ធ្វើ​សិក្ខាសាលា​ដល់​ហាង​ធ្វើ​គំនូរ​ទាំងឡាយ ព្រម​ទាំង​អ្នក​ទេសចរ និង​សាធារណជន ឲ្យ​យល់​ដឹង​ពី​របៀប​កែច្នៃ​សំរាម ដើម្បី​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​គិត​ទៅ​ដល់​បរិស្ថាន​ស្អាត​សម្រាប់​ពិភពលោក​ទាំងមូល។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ឃើញ​ការ​ច្នៃ​ប្រឌិត​សម្បក​ដប​ទឹក​សុទ្ធ ឲ្យ​ក្លាយ​ជា​គ្រឿង​លំអ​ភ្លើង​អគ្គិសនី​បែប​នេះ គឺ​ពួក​គេ​ទទួល​ស្គាល់​ទេពកោសល្យ​នៃ​សិល្បៈ​មួយ​បែប។

យុវជន​ម្នាក់​ធ្វើ​ការ​នៅ​កន្លែង​សិល្បៈ ១៩៦១ ហើយ​តែង​ជួយ​បុរស​ជនជាតិ​អាមេរិកាំង​ក្នុង​ការ​កែច្នៃ​សម្បក​ដប​ទឹក​សុទ្ធ​នោះ លោក ខា ឃីន ទទួល​ស្គាល់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ គាត់​ធ្លាប់​តែ​ធ្វើ​រូប​សិល្បៈ​អំពី​ដែកគោល ប៉ុន្តែ​ពេល​នេះ លោក​ទើប​តែ​បាន​ជួប​សិល្បៈ​មួយ​ទៀត ដោយ​យក​សម្បក​ដប​ទឹក​សុទ្ធ​គេ​បោះ​ចោល មក​កែច្នៃ​ធ្វើ​ជា​វត្ថុ​ប្រើប្រាស់​បាន៖ «ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ទី​១ គឺ​វា​ប្លែក ពីព្រោះ​អត់​ដែល​មាន​អ្នក​ណា​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ។ កាល​ពី​ដំបូង ខ្ញុំ​ឃើញ​ជនជាតិ​អាមេរិកាំង​នោះ​ដើរ​រើស​សំរាម រើស​សម្បក​ដប តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ឡើយ»

ចន ខេម៉េលវីន កែច្នៃ​ដប​ទឹក​សុទ្ធ សៀមរាប ២០១៧ ១៤៤០
ដប​ទឹក​សុទ្ធ​ដែល​លោក ចន ខេម៉េលវីន (John K Melvin) តម្រៀប​ធ្វើ​គ្រឿង​លំអ​ភ្លើង​អគ្គិសនី នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក នួន មុន្នី ក៏​ទទួល​ស្គាល់​គំនិត​ច្នៃ​ប្រឌិត​សំណល់​ប្លាស្ទិក​នោះ​ថា គឺ​ការ​ចូលរួម​ដោះស្រាយ​កង្វល់​ជុំវិញ​កាក​សំណល់​ប្លាស្ទិក ដែល​កំពុង​តែ​គំរាម​កំហែង​ដល់​ធម្មជាតិ និង​បរិស្ថាន៖ «ការពិត គំនិត​ហ្នឹង​ល្អ ពីព្រោះ​ពួក​យើង​ខ្ញុំ​ក៏​កំពុង​គិត​រឿង​ហ្នឹង​ដែរ។ គំនិត​បរទេស​ដែល​គាត់​ធ្វើ​អ៊ីចឹង គឺ​ជា​រឿង​ត្រឹមត្រូវ​ខ្លាំង​ណាស់»

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប ដដែល​បញ្ជាក់​ថា ក្រុម​ជំនាញ​របស់​លោក ជាមួយ​នឹង​អង្គការ​ជា​ដៃគូ ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​បោះ​ចោល​សំណល់​ប្លាស្ទិក​នេះ​ដែរ ព្រម​ទាំង​មាន​គម្រោង​មួយ​ត្រៀម​នឹង​ទៅ​បើក​ការ​បណ្ដុះបណ្ដាល​សិស្ស​នៅ​លើ​ខ្នង​ភ្នំ​គូលែន ឲ្យ​ចេះ​កែច្នៃ​សំណល់​ដប​ធ្វើ​ពី​ប្លាស្ទិក និង​កែវ​ជាដើម ទៅ​ជា​វត្ថុ​ប្រើប្រាស់​ឡើង​វិញ កុំ​ឲ្យ​បោះ​ចោល​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ អាក្រា (ACRA) ធ្លាប់​បង្ហាញ​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចំនួន​អ្នក​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដើម្បី​វេច​ខ្ចប់​អាហារ​ច្រើន​លើសលប់ បើ​តាម​ការ​ប៉ាន់​ប្រមាណ គឺ​មនុស្ស​ពេញ​វ័យ​ម្នាក់ អាច​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន ៦​ថង់​ក្នុង​មួយ​ថ្ងៃៗ។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់​ថា សំណល់​ប្លាស្ទិក​មាន​ថង់ និង​ដប​ទឹក​សុទ្ធ​ជាដើម កាលណា​បោះ​ចោល​នៅ​តាម​ទី​វាល គឺ​វា​នឹង​ក្លាយ​ទៅ​ជា​សំណល់​រឹង​មិន​ងាយ​រលាយ និង​ពុក​ផុយ​ទេ។ បន្ថែម​លើ​នេះ ក្រៅ​តែ​ពី​មាន​សារជាតិ​គីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស វា​ក៏​ជា​វត្ថុ​ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​មិន​ដុះ​លូតលាស់​បាន​ដែរ ប្រសិន​បើ​វា​កប់​នៅ​ក្រោម​ដី។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ធ្លាប់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​ថា រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ះពាល់​ជាច្រើន ដែល​បណ្ដាល​មក​ពី​សំណល់​ប្លាស្ទិក​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​មូលនិធិ​ចំនួន ១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការងារ​លើ​ការ​ប៉ះពាល់​ដោយសារ​កាក​សំណល់​ប្លាស្ទិក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល