ការប្រឹងប្រែងនេះ គឺស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យទឹកជំនន់នៅតែគំរាមកំហែងរមណីយដ្ឋានបុរាណមួយចំនួន រួមទាំងទីក្រុងសៀមរាប ផង។
ផ្ទាំងថ្មធំៗនៃដំបូលរានហាលរបស់ប្រាសាទបុរាណព្រះខ័ន នាប៉ែកខាងជើងចំនួន ១០ដុំ បានបាក់បែក ហើយធ្លាក់ចុះដល់ដី ដោយសារតែដើមឈើធំ ១ដើម ដួលរលំសង្កត់ កាលពីថ្ងៃទី៤ ខែតុលា។
ឈើធំដែលមានទទឹងប្រហែល ១ម៉ែត្រ និងកម្ពស់ប្រមាណ ២០ម៉ែត្រ រលំសង្កត់ប្រាសាទនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ហើយដក់ទឹកជាច្រើនកន្លែងក្នុងបរិវេណប្រាសាទ ធ្វើឱ្យដីទន់ជ្រាយ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺ លោក អ៊ឹម សុខរិទ្ធី។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែតុលា ថា ឈើធំៗមួយចំនួននៅក្នុងបរិវេណប្រាសាទបុរាណ បានរលំដួលជាបន្តបន្ទាប់ ដោយសារតែភ្លៀងខ្លាំងធ្វើឱ្យដីទន់ជ្រាយ។ លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃសៅរ៍ អាជ្ញាធរអប្សរាបានបញ្ជូនកម្លាំងអន្តរាគមន៍មួយក្រុមជាបន្ទាន់ ទៅកាត់ឈើ ១ដើម ដែលរលំដួលសង្កត់លើប្រាសាទព្រះខ័ន៖ «ដើមហ្នឹងធំដែរ អ្នកស្រុកហៅដើមស្នាល់ កម្ពស់ប្រហែលជា ២០ម៉ែត្រ ទទឹងមុខកាត់ប្រហែលជា ១ម៉ែត្រ។ វារលើងឫសរលំពេលទឹកវាដក់ភ្លៀង ធ្វើឱ្យរុះថ្មរចនាសម្ព័ន្ធរបស់ប្រាសាទ។ របស់រានហាលខាងជើង មានខឿនអីទៅវាប៉ះ វាសង្កត់ វារលោះចេញពីគ្នាប៉ុន្មានដុំទៅ»។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ បានមានប្រសាសន៍ថា ភ្លៀងធ្លាក់ខ្លាំង ២-៣ថ្ងៃជាប់ៗគ្នាមកនេះ ធ្វើឱ្យដីជ្រាយ បណ្ដាលឱ្យរលំដើមឈើមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនទៀត ក៏ប៉ុន្តែវាមិនបានប៉ះពាល់ដល់ប្រាសាទបុរាណទេ។
អគ្គនាយកអាជ្ញាធរអប្សរាដដែល បានសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពទឹកជំនន់ដែលអាចនឹងហូរចូលប្រាសាទបុរាណមួយចំនួន ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត មិនរាំងទេនោះ។
ទោះយ៉ាងណា មន្ត្រីអាជ្ញាធរអប្សរាអះអាងថា បច្ចុប្បន្នមិនទាន់មានប្រាសាទបុរាណណាមួយ ត្រូវទឹកហូរចូលនៅឡើយទេ។
អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកផ្នែកព្រៃឈើ និងទឹក លោកបណ្ឌិត ហង្ស ពៅ បានមានប្រសាសន៍ថា កម្រិតទឹកដោយសារភ្លៀងខ្លាំងពេលនេះ គឺមានកម្ពស់ខ្ពស់ជាងសណ្ឋានដីនៃទីក្រុងសៀមរាប ហើយកំពុងទទួលរងការគំរាមកំហែងដោយទឹកជំនន់ ក៏ប៉ុន្តែសម្រាប់តំបន់ប្រាសាទបុរាណនានា នៅមិនទាន់មានអ្វីគួរឱ្យបារម្ភនៅឡើយទេ។ លោក ហង្ស ពៅ បានឱ្យដឹងថា ទោះយ៉ាងណា លោកកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើប្រាសាទបុរាណចំនួន៣ ដែលអាចទឹកហូរចូល ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតដាច់។
លោកបណ្ឌិត ហង្ស ពៅ៖ «រហូតមកដល់ឥឡូវនេះ អត់មានប្រាសាទណាមួយ ប៉ះពាល់ដោយសារទឹកហ្នឹងទេ។ ព្រឹកមិញ ខាងប្រាសាទបាយ័ន រាងឡើងបន្តិច ក៏ប៉ុន្តែឥឡូវយើងដោះស្រាយហើយ សូម្បីតែផ្លូវធ្វើដំណើរហ្នឹង ក៏អត់អីដែរ ហើយខាងមុខប្រាសាទបន្ទាយក្ដី មានទឹកហូរពីមុខ ដោយសារភ្លៀងខ្លាំង ៣-៤ថ្ងៃហ្នឹង អ៊ីចឹងទឹកវាឡើងគ្រប់កន្លែង ហើយចំណុចមួយទៀត ដែលឥឡូវយើងកំពុងចាត់វិធានការ គឺប្រាសាទបន្ទាយស្រី។ ទឹកវាឡើង ដោយសារទឹកភ្លៀង មិនមែនជាទឹកជំនន់ទេ»។
ចាប់តាំងតែពីសប្ដាហ៍មុនរហូតមកដល់ពេលនេះ ទឹកជំនន់ដោយសារភ្លៀង កំពុងគំរាមកំហែងស្រុកចំនួន៦ នៅប៉ែកខាងលិចឆៀងខាងជើង ព្រមទាំងទីរួមខេត្តសៀមរាប ក៏ប៉ុន្តែ នៅតាមរមណីយដ្ឋានអង្គរ គឺមិនទាន់មានការប៉ះពាល់ទេ ដោយភ្ញៀវទេសចររាប់ពាន់នាក់ នៅតែអាចចេញចូលទស្សនាគ្រប់ប្រាសាទបុរាណទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។