ពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​ក្រុមហ៊ុន​អានកូ​ថា​លុប​ទ្វារ​ទឹក​បុរាណ

ដោយ ហ៊ុំ ចំរើន
2017.01.03
អូរខៃដន បន្ទាយមានជ័យ ២០១៧ ៨៥៥ អូរ​ស្ពាន​បុរាណ​ដែល​ក្រុមហ៊ុន អានកូ (ANCO) ចាក់​ដី​លុប​នៅ​រមណីយដ្ឋាន​អូរខៃដន ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត ទប់ស្កាត់​ក្រុមហ៊ុន អានកូ (ANCO) ឲ្យ​បញ្ឈប់​ចាក់​ដី​លុប​ទ្វារ​ទឹក​បុរាណ ដើម្បី​ទប់​យក​ទឹក​នៅ​រមណីយដ្ឋាន​អូរខៃដន ធ្វើ​អាជីវកម្ម​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​បន្ត​ទៀត។ មេ​ភូមិ​កូនដំរី អះអាង​ថា ប្រសិន​បើ​ក្រុមហ៊ុន​បន្ត​បិទ​ប្រឡាយ​ទឹក​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​គ្មាន​ទឹក​ធ្វើ​ស្រែ​ចម្ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​តំបន់​រមណីយដ្ឋាន​អូរខៃដន ក្រុង​ប៉ោយប៉ែត កំពុង​ព្រួយ​បារម្ភ​ខ្លាច​ដាច់​ពោះ​ស្លាប់ ដោយសារ​មិន​អាច​ធ្វើ​ស្រែ​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។

មេ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត លោក អម វ៉ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មករា ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ រួម​ទាំង​លោក​ផង ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​អានកូន (ANCO) របស់​លោក​ឧកញ៉ា កុក អាន ចាក់​ដី​លុប​ទ្វារ​ទឹក​បុរាណ​នៅ​រមណីយដ្ឋាន​អូរខៃដន នោះ​ឡើយ។ លោក​អះអាង​ថា មូលហេតុ​ដែល​ហាមឃាត់ ដោយសារ​ប្រឡាយ​ទឹក​នោះ​ជា​ប្រភព​សំខាន់​សម្រាប់​បង្ហូរ​ទឹក​ស្រោចស្រព​ផល​ដំណាំ​របស់​ពលរដ្ឋ៖ «គេ​ទាមទារ​ចង់​បាន​ឲ្យ​ក្រុមហ៊ុន​កាយ​សំណង់​ឡើង​វិញ ហើយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អានកូន និង​អភិបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មករា។

ចៅ​សង្កាត់​និមិត្ត លោក ប៉ាល់ សេដ្ឋា ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត រាប់​ពាន់​គ្រួសារ ពិត​ជា​ជួប​ការ​លំបាក​ខ្វះ​ទឹក​ធ្វើ​ស្រែ ដោយសារ​ក្រុមហ៊ុន អានកូ (ANCO) បិទ​ទ្វារ​បង្ហូរ​ទឹក​នៅ​អូរខៃដន ប្រាកដ​មែន។ លោក​បន្ថែម​ថា បញ្ហា​នេះ​កន្លង​មក លោក​ធ្លាប់​ស្នើ​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ខាង​ក្រុមហ៊ុន​មួយ​នេះ ដើម្បី​បើក​ទ្វារ​ទឹក​ឡើង​វិញ​ដែរ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ៖ «ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​នោះ​ដោះស្រាយ ឬ​ក៏​ធ្វើ​ប្រព័ន្ធ​ទឹក​ត្រង់​ណា​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​យក​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល»

កាល​ពី​ថ្ងៃ​ទី​១ មករា កន្លង​ទៅ មេ​ភូមិ​កូនដំរី និង​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​និមិត្ត ប្រមាណ ៧០​នាក់ បាន​លើក​គ្នា​តវ៉ា​នៅ​ទីតាំង​ទ្វារ​បង្ហូរ​ទឹក​នោះ ដើម្បី​ទទូច​ឲ្យ​ក្រុមហ៊ុន អានកូន បើក​ទ្វារ​ទឹក​ឡើង​វិញ តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ក្រុមហ៊ុន អានកូន បិទ​ទ្វារ​ទឹក​អូរខៃដន ដើម្បី​យក​ទឹក​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៉ោយប៉ែត ហើយ​បាន​ផល​ចំណេញ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។ លោក​បន្ថែម​ថា ប្រសិន​បើ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​បន្ត​បិទ​ទ្វារ​ទឹក​នោះ​ទៀត នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​របរ​ធ្វើ​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «ក្រុមហ៊ុន​នេះ​ធ្វើ​ហាក់​ដូចជា​មាន​អំណាច​ខ្លាំង ហើយ​មិន​គិត​ពី​ផល​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ទេ។ អ៊ីចឹង​ខ្ញុំ​គិត​ថា អភិបាល​ខេត្ត​បន្ទាយមានជ័យ ប្រហែល​ជា​លោក​បាន​ដឹង​បញ្ហា​នេះ នឹង​យក​ទៅ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ ព្រោះ​ក្រុមហ៊ុន​ដើម្បី​តែ​ប្រយោជន៍​មនុស្ស​ម្នាក់ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​រាប់​ម៉ឺន​នាក់​ដែល​ត្រូវ​ការ​ទឹក គឺ​ពួក​គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​ក្រ​កាន់​តែ​ខ្លាំង»

របាយការណ៍​របស់​ចៅ​សង្កាត់​និមិត្ត បង្ហាញ​ថា ពលរដ្ឋ​ចំនួន ៧​ភូមិ​ស្មើ​នឹង​ប្រមាណ ២​ពាន់​គ្រួសារ និង​មាន​ផ្ទៃដី​សរុប​ជាង ៧​ពាន់​ហិកតារ ខ្វះ​ទឹក​ដាក់​ស្រែ​រៀង​រាល់​ឆ្នាំ ដោយសារ​ក្រុមហ៊ុន​បិទ​ទ្វារ​បង្ហូរ​ទឹក​នៅ​ទីនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។