អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ផ្ដល់​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន

0:00 / 0:00

ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​នា​ខេត្ត​ព្រះសីហនុ សហការ​គ្នា​ចុះ​ជួយ​ផ្តល់​ទឹក​ប្រើប្រាស់ និង​ទឹក​ផឹក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ មន្ត្រី​ស្ថាប័ន​ទាំង​នោះ​អះអាង​ថា នឹង​មិន​ទុក​ឲ្យ​ពលរដ្ឋ​នៅ​តាម​គ្រួសារ​ណា​មួយ​រងគ្រោះ​ដោយ​ខ្វះ​ទឹក​នោះ​ទេ ហើយ​អំពាវនាវ​ដល់​សប្បុរសជន មាន​វិស័យ​ឯកជន ចូលរួម​សហការ​ធ្វើ​ការងារ​មនុស្សធម៌​នេះ​ជាមួយ​រដ្ឋាភិបាល។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ គឺ​លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​មេសា ថា កម្លាំង​នគរបាល​ស្ថាប័ន​នេះ​កំពុង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ និង​ប្រមុខ​ដឹក​នាំ ដោយ​រាល់​ថ្ងៃ​នេះ​កំពុង​មមាញឹក​ចុះ​ផ្តល់​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​ដែល​ខ្វះ​ទឹក។

លោក​បន្ត​ថា កម្លាំង​ក្រោម​ឱវាទ​ស្នងការដ្ឋាន​ទាំង ៤​ក្រុង-ស្រុក បាន​បន្ត​ការងារ​មនុស្សធម៌​ដឹក​ទឹក​ចុះ​ចែក​ជូន​ពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់។

លោក ជួន ណារិន្ទ បញ្ជាក់​ថា ក្នុង​មួយ​សប្ដាហ៍​នេះ កម្លាំង​នគរបាល​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ​បាន​រាប់​សែន​លីត្រ និង​ទឹក​ផឹក​រាប់​ម៉ឺន​យួរ។ ជាង​នេះ​ទៀត ក៏​បាន​ដឹក​ទឹក​ចាក់​ស្តុក​ចូល​ទៅ​ក្នុង​អណ្ដូង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ បន្ថែម​ពី​លើ​ការ​ផ្តល់​ជូន​នៅ​តាម​ផ្ទះ​ពលរដ្ឋ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា កម្លាំង​នគរបាល​របស់​លោក បាន​ដឹក​ទឹក​ប្រើប្រាស់​ជិត ២​ម៉ឺន​លីត្រ និង​ទឹក​ទទួល​ទាន​ជាង ៥០០​យួរ ឬ​កេះ យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​ភូមិ​កំពង់ស្មាច់តូច ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ដែល​ដង្ហោយ​រក​ការ​សង្គ្រោះ​ពី​អាជ្ញាធរ៖ « ថ្ងៃ​នេះ​ទឹក​ប្រើប្រាស់ គឺ​យើង​បាន​ត្រៀម ៤​ឡាន ដើម្បី​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​នៅ​ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ដែល​ខ្វះ​ទឹក ហើយ​សំណូមពរ​ដល់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជួយ​សង្គ្រោះ។ ក្នុង​នោះ​ក៏​បាន​នាំ​យក​ទឹក​សុទ្ធ​ជាង ៥០០​យួរ​ទៅ​ចែក​ជូន​ពលរដ្ឋ​កំពុង​ជួប​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​ថែម​ទៀត។ ក្រៅ​ពី​ផ្តល់​ទឹក​កម្លាំង ស្នងការ​នគរបាល​ខេត្ត​នេះ​ក៏​បាន​ផ្តល់​ជា​ថវិកា និង​គ្រឿង​ហូប​ចុក​មួយ​ចំនួន​ដល់​ពលរដ្ឋ​ថែម​ទៀត »

ការងារ​មនុស្សធម៌​នេះ លោក​ស្នងការ ជួន ណារិន្ទ អះអាង​ថា នឹង​បន្ត​ចុះ​អនុវត្ត​ឲ្យ​បាន​ជា​ប្រចាំ ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ណា​មួយ​រងគ្រោះ​បណ្ដាល​មក​ពី​ការ​ខ្វះ​ទឹក​នោះ​ទេ ហើយ​ស្នើ​ដល់​វិស័យ​ឯកជន និង​សប្បុរសជន ឲ្យ​ចូលរួម​ការងារ​មនុស្សធម៌​នេះ​ជាមួយ​អាជ្ញាធរ។

បញ្ហា​ប្រឈម​នៃ​ការ​ខ្វះ​ទឹក​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​គ្រប់​កម្លាំង​សមត្ថកិច្ច​នគរបាល​នៅ​តាម​ឃុំ-សង្កាត់​នានា ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​ព័ត៌មាន​ពី​ការ​ខ្វះ​ទឹក​របស់​ប្រជាពលរដ្ឋ មក​ស្នងការ​ឲ្យ​បាន​ឆាប់ ដើម្បី​មាន​វិធានការ​សង្គ្រោះ​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា៖ « នៅ​ឃុំ​សំរុង គឺ​យើង​បាន​ចែក​ទឹក​អស់​ជាង ១​ម៉ឺន​លីត្រ។ នៅ​ឃុំ​តានៃ អស់​ទឹក​ជាង ១​ម៉ឺន​លីត្រ និង​នៅ​ឃុំ​អូរជ្រៅ អស់​ទឹក​ជាង ៣​ម៉ឺន​លីត្រ​នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ ដោយ​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​ជិត ២០​ជើង។ ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នៅ​តំបន់​ទំនប់​រលក​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ គឺ​យើង​បាន​ជាង ១​ម៉ឺន​លីត្រ​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ខ្វះ​ទឹក​នៅ​តំបន់​នោះ »

អភិបាល​ស្រុក​ព្រៃនប់ លោក ទិត្យ វុទ្ធី មាន​ប្រសាសន៍​ថា ពលរដ្ឋ​មូលដ្ឋាន​នេះ​ពិត​ជា​កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន​ពិត​មែន។ លោក​ថា បញ្ហា​ខ្វះខាត​ទឹក​នេះ ទាំង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ មាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម កំពុង​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដោយ​បាន​ដឹក​ទឹក​ចែក​ជូន​ពលរដ្ឋ​រាប់​សែន​លីត្រ សម្រាប់​ចែក​ជូន​ពលរដ្ឋ​ខ្វះ​ទឹក។ លោក ទិត្យ វុទ្ធី បន្ត​ថា ការងារ​មនុស្សធម៌​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន​នេះ មាន​ទាំង​វិស័យ​ឯកជន​ក៏​បាន​ចូលរួម​ដែរ ក្នុង​នោះ​ក៏​មាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន ក៏​បាន​ចូលរួម​ដែរ៖ « ការងារ​សង្គ្រោះ​ទឹក​ពលរដ្ឋ​ដែល​ខ្វះ​ទឹក គឺ​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មេសា មាន​ជិត ៦​សែន​លីត្រ ដែល​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ បាន​ដឹក​ទឹក​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ខ្វះ​ទឹក​នៅ​តាម​ឃុំ​មួយ​ចំនួន​នា​ស្រុក​ព្រៃនប់។ ចំនួន​នេះ គឺ​ស្មើ​ប្រមាណ​ជិត ៣ . ៥០០​គ្រួសារ​ដែល​អាជ្ញាធរ​បាន​ផ្គត់ផ្គង់​ទឹក​បាន​ទាន់​ពេល។ ក្នុង​នោះ​ទឹក​បរិសុទ្ធ​មាន​ចំនួន​ជិត ៤​ពាន់​យួរ ឬ​កេះ យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ខ្វះ​ទឹក​ទទួល​ទាន និង​បាន​ចែក​ជូន​ប៊ីដុង​ទឹក​រាប់​រយ​ធុង »

ផ្ដើម​ពី​កង្វល់​នេះ អភិបាល​ស្រុក​ព្រៃនប់ លោក ទិត្យ វុទ្ធី ក៏​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ ឬ​សប្បុរសជន​នានា ស្នើ​ឲ្យ​ចូលរួម​ការងារ​មនុស្សធម៌​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​កង្វល់​ខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ស្រុះ​គ្នា។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា មូលដ្ឋាន​នេះ​ពិត​ជា​មាន​ពលរដ្ឋ​នៅ​តាម​តំបន់​ឆ្ងាយ​ពី​ទីប្រជុំជន​ភាគ​ច្រើន​ខ្វះ​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន​ពិត​មែន។ ប៉ុន្តែ​កង្វះ​ខាត​នេះ លោក​ថា អាជ្ញាធរ​គ្រប់​ស្ថាប័ន​ក្រោម​ឱវាទ​ខេត្ត បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​បាន​ប្រើ​រថយន្ត​ដឹក​ទឹក​ផ្គត់ផ្គង់ និង​ចែក​ជូន​ពលរដ្ឋ​ដល់​មូលដ្ឋាន​បាន​ទាន់​ពេល។

លោក យន្ត មីន អះអាង​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​តាម​ដាន និង​យក​ចិត្ត​ទុក​ដាក់​ការងារ​សង្គ្រោះ​ពលរដ្ឋ​ខ្វះ​ទឹក​នា​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះ ដោយ​មិន​ធ្វេសប្រហែស​ទេ។ ហើយ​បើ​មាន​ព័ត៌មាន​ទាក់ទង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ណា​មួយ​ខ្វះ​ទឹក​ប្រើប្រាស់ ត្រូវ​ផ្តល់​ដំណឹង​នេះ​មក​អាជ្ញាធរ​ដែល​នៅ​ជិត​ឲ្យ​បាន​ឆាប់ ដើម្បី​ឈាន​ដល់​ជួយ​សង្គ្រោះ ឬ​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល៖ « នៅ​គ្រប់​ក្រុង - ស្រុក ឬ​តាម​សង្កាត់ - ឃុំ គឺ​យើង​បាន​ចាត់ចែង​ក្នុង​ការងារ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្វះ​ទឹក​នេះ​ឲ្យ​ទទួល​ខុស​ត្រូវ និង​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​តាម​ក្រុង - ស្រុក ឲ្យ​បាន​ឆាប់ និង​ដឹក​ទឹក​ទៅ​សង្គ្រោះ​ពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។ បញ្ហា​ខ្វះ​ទឹក​នេះ មិន​ជា​បញ្ហា​អ្វី​ទេ គឺ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គ្រប់គ្រង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​នៅ​តាម​គ្រួសារ​នីមួយៗ​ខ្វះ​ទឹក​ប្រើប្រាស់ ឬ​ខ្វះ​ទឹក​ទទួល​ទាន​នោះ​ទេ »

ទាក់ទិន​បញ្ហា​នេះ លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​អះអាង​ថា កម្លាំង​ជំនាញ​របស់​លោក បាន​ត្រៀម​ទាំង​កម្លាំង សម្ភារៈ និង​មធ្យោបាយ​គ្រប់​ចំនួន ដើម្បី​ចុះ​ជួយ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​ដែល​ខ្វះ​ទឹក​ឲ្យ​បាន​ទាន់​តម្រូវ​ការ។ លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា មក កម្លាំង​នគរបាល​ស្ថាប័ន​នេះ​បាន​ដឹក​ជញ្ជូន​ទឹក​ប្រើប្រាស់ និង​ទឹក​ទទួល​ទាន ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ-សង្កាត់​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​ទឹក​មាន​ដូចជា សង្កាត់​លេខ​១ ឃុំ​សំរុង ឃុំ​ជើងគោ ឃុំ​អូរជ្រៅ និង​ឃុំ​ទឹកល្អក់ ជាដើម។ ក្រៅ​ពី​ផ្តល់​ទឹក អាជ្ញាធរ​ក៏​បាន​ផ្តល់​ជា​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ថែម​ទៀត៖ « សូម​អំពាវនាវ​ដល់​សប្បុរសជន​ចូលរួម​ការងារ​មនុស្សធម៌​នេះ​ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​ជា​កិច្ច​ការងារ​របស់​យើង​ទាំងអស់​គ្នា។ បញ្ហា​នេះ ខ្ញុំ​ក៏​បាន​ដាក់​ផែនការ​ដល់​នគរបាល​នៅ​តាម​សង្កាត់ - ឃុំ​ទាំង ៤​ក្រុង - ស្រុក​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​ផ្តល់​ព័ត៌មាន​ពី​តាម​មូលដ្ឋាន​ដែល​ខ្វះ​ទឹក​ឲ្យ​ជួយ​សង្គ្រោះ​បន្ទាន់ និង​រាយការណ៍​មក​ស្នងការ ដើម្បី​ដឹក​ទឹក​ទ្រង់ទ្រាយ​ធំ​ទៅ​ចែក​ជូន​ពលរដ្ឋ​ដល់​មូលដ្ឋាន​ឲ្យ​បាន​តាម​តម្រូវ​ការ »

ទាក់ទង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស ឲ្យ​រួម​សហការ​គ្នា​ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ខ្វះ​ទឹក​នោះ​ទេ។ ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​អាសន្ន​ថា ឆ្នាំ​នេះ​បញ្ហា​ខ្វះ​ទឹក​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។

ប្រមុខ​ដឹក​នាំ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៦ ចាប់​ពី​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។ ជាង​នេះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​មិន​ឲ្យ​ក្រសួង​នានា​កោះ​ហៅ​អភិបាល​ខេត្ត​នៅ​តាម​ខេត្ត​នីមួយៗ មក​ប្រជុំ​នៅ​ភ្នំពេញ​ទៀត​ទេ ដោយ​ទុក​ពេលវេលា​ឲ្យ​អភិបាល​តាម​ខេត្ត​ទាំង​នោះ បន្ត​ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន ឬ​សង្គ្រោះ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ឲ្យ​ទាន់​តម្រូវ​ការ។ បញ្ហា​ខ្វះ​ទឹក​នេះ ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន និង​គណបក្ស​នយោបាយ​នានា ត្រូវ​ចូលរួម​បរិច្ចាគ​ទាំង​ទឹក និង​ថវិកា ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ខ្វះ​ទឹក​ឲ្យ​បាន​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។