គំនរសំរាមដែលគេចាក់ចោលលើផ្ទៃដីច្រើនរយម៉ែត្រក្រឡានៅឃុំត្រពាំងធំ ចម្ងាយជាង ២០គីឡូម៉ែត្រភាគខាងកើតទីរួមខេត្តសៀមរាប កំពុងភាយក្លិនស្អុយអាក្រក់ បង្កឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនភូមិ ព្រមទាំងបង្កើតសត្វរុយជាច្រើនទៀតផង។
ចាប់តាំងតែពីអំឡុងខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ប្រជាពលរដ្ឋជាង ៤០០នាក់ បានផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីទេ។
ក្រុមប្រជាពលរដ្ឋមួយចំនួននៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានរអ៊ូរទាំជាថ្មីជុំវិញបញ្ហាសំរាម ដែលក្រុមហ៊ុនសម្អាតទីក្រុងដឹកយកទៅចាក់ចោលជារៀងរាល់ថ្ងៃ ហើយជះក្លិនស្អុយអាក្រក់ប៉ះពាល់ដល់សុខភាព ក៏ប៉ុន្តែអាជ្ញាធរហាក់មិនបានដោះស្រាយអ្វីទាល់តែសោះនោះ។
ក្លិនស្អុយដែលភាយចេញពីគំនរសំរាមរាប់ម៉ឺនតោននេះ កំពុងជះក្លិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនភូមិ ប៉ុន្តែប៉ះពាល់ខ្លាំងជាងគេ គឺអ្នកភូមិអន្លង់២ និងភូមិភ្នំដី ពីព្រោះតែនៅជិត។
បុរសអ្នកភូមិអន្លង់២ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនទៀត គឺលោក ម៉ុម វ៉ុន។ លោកអះអាងថា គំនរសំរាមដែលលាតសន្ធឹងលើផ្ទៃដីរាប់រយម៉ែត្រក្រឡានៅខាងកើតផ្ទះរបស់លោកមិនឆ្ងាយប៉ុន្មាននោះ តែងជះក្លិនស្អុយអាក្រក់ពិបាកទ្រាំស្ទើរតែរៀងរាល់ថ្ងៃ។ បុរសដដែលឆ្ងល់ថា កាលពី ៣ខែមុន ក្រុមអ្នកភូមិធ្លាប់នាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយម្ដងមកហើយ ប៉ុន្តែហេតុអ្វីបានជាមិនបានលទ្ធផលអ្វីទាល់តែសោះ៖ «ស្អុយទ្រាំបានខ្លះ ពេលខ្លះទ្រាំមិនបានក៏ឈឺក្បាល ស្អុយទាំងអស់តែគ្នាឮសូរតែរអ៊ូគ្រប់តែគ្នាហ្នឹង ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច?»។
អ្នកភូមិអះអាងទៀតថា ដោយសារទទួលរងក្លិនស្អុយពីគំនរសំរាមជាច្រើនឆ្នាំ បច្ចុប្បន្នមនុស្សចាស់ និងក្មេងៗជាច្រើន បានកើតជំងឺផ្ដាសាយ ជំងឺផ្លូវដង្ហើម របេង និងជំងឺរាកក្អួត ជាដើម។ ជារៀងរាល់ថ្ងៃ សំរាមដែលដឹកចេញពីទីក្រុងសៀមរាប យកទៅចាក់ចោលក្នុងរណ្ដៅទីនោះ មិនមានការគ្រប់គ្រងឲ្យមានសណ្ដាប់ធ្នាប់ទេ ដោយសារតែមានប្រជាពលរដ្ឋមួយក្រុមទៀតជាអ្នកប្រកបរបររើសអេតចាយ តែងទៅគាស់កកាយ និងរុះរើរកកាកសំណល់នានា ដែលអាចយកទៅលក់ដូរបាន។ សំរាមនៅរាយប៉ាយក្នុងរណ្ដៅ និងបរិវេណដទៃទៀត បង្កើតឲ្យមានក្លិនស្អុយខ្លាំងនៅពេលត្រូវកម្ដៅថ្ងៃ ហើយខ្យល់បក់ម្ដងៗ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ដោយសារតែមិនអាចទ្រាំទ្រនឹងក្លិនស្អុយខ្លាំងចេញពីសំរាមបាន ក្រុមអ្នកភូមិជាង ៤៣០នាក់ បាននាំគ្នាផ្ដិតមេដៃប្ដឹងទៅអាជ្ញាធរឃុំត្រពាំងធំ និងអាជ្ញាធរស្រុកប្រាសាទបាគង ឲ្យប្ដូរទីតាំងកន្លែងចាក់សំរាមនោះចេញ ក៏ប៉ុន្តែការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ មិនទាន់បានទទួលលទ្ធផលអ្វីឡើយ។

ជំទប់ទី២ នៃឃុំត្រពាំងធំ លោក សយ សីហា ដែលជាអ្នកធ្លាប់ជួយតវ៉ាប្រជាពលរដ្ឋក្នុងរឿងក្លិនស្អុយសំរាមនេះ មានប្រសាសន៍ថា លោកហាក់ដូចជាអស់លទ្ធភាពក្នុងការតវ៉ារឿងនេះ។ លោក សយ សីហា មានគម្រោងនឹងលើកយកបញ្ហានេះទៅជជែកជាចំហ ក្នុងវេទិកាសាធារណៈមួយដែលអាជ្ញាធរគ្រោងនឹងរៀបចំនៅទីនោះម្ដងទៀត៖ «ហើយមេឃុំអីគាត់ចង់តែឲ្យប្ដូរទីតាំងរណ្ដៅសំរាមនោះឯង ប៉ុន្តែអភិបាលស្រុកប្រាសាទបាគង គាត់ថាចាំមើលក្រុមហ៊ុនគេមកអភិវឌ្ឍសំរាមនៅនឹងកន្លែង។ ចាំមើលថ្ងៃទី៦ ខែមេសា វេទិកាសេរីនៅនឹងវត្តខ្សាច់ ចាំមើលមិនដឹងថាមានអ្នកស្រុកតវ៉ាឬទេ?»។
ចំណែកអ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សខេត្តសៀមរាប ដែលធ្លាប់ចុះអង្កេតបញ្ហាប៉ះពាល់ពីគំនរសំរាមនោះ លោក ចាន់ ចំរើន មានប្រសាសន៍ថា កន្លងទៅលោកធ្លាប់ប្រាប់រឿងនេះទៅអភិបាលរងខេត្តសៀមរាប ម្ដងមកហើយ ក៏ប៉ុន្តែចាប់តាំងពីនោះមក លោកមិនទាន់ឃើញមានការដោះស្រាយយ៉ាងណានៅឡើយ។ លោក ចាន់ ចំរើន បញ្ជាក់ទៀតថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់បំផុតដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ហើយលោកនឹងធ្វើលិខិតអន្តរាគមន៍ជាថ្មីទៀត ជំរុញទៅអាជ្ញាធរខេត្តសៀមរាប ឲ្យប្រញាប់ប្រញាល់ដោះស្រាយទៅលើបញ្ហាក្លិនស្អុយសំរាម ដែលប៉ះពាល់សុខភាពសាធារណៈនេះ៖ «វាពិបាក ប៉ុន្តែយើងព្យាយាមជួយប្រជាពលរដ្ឋ ចាំមើលខ្ញុំវាយលិខិតមួយសាទៀតដាក់ជូនសាលាខេត្តសៀមរាប ឲ្យជួយដោះស្រាយ ប៉ុន្តែខ្ញុំមើលលទ្ធភាពនៃការដោះស្រាយពិបាកណាស់»។
ទោះយ៉ាងណា អាជ្ញាធរខេត្តសៀមរាប និងស្រុកប្រាសាទបាគង បានឆ្លើយតបថា គេមិនដែលព្រងើយកន្តើយទៅលើបញ្ហាប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅឃុំត្រពាំងធំ នោះទេ។
អភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត ទទួលស្គាល់ថា ជាច្រើនឆ្នាំមកហើយ គឺប្រជាពលរដ្ឋជាច្រើនភូមិនៃឃុំត្រពាំងធំ ពិតជារងការប៉ះពាល់ពីក្លិនស្អុយរបស់សំរាមក្បែរនោះមែន ហើយកន្លងទៅ អាជ្ញាធរស្រុក និងខេត្ត ក៏បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែរ ក៏ប៉ុន្តែសាលាខេត្តសៀមរាប ដែលនៅស្ងៀមមួយរយៈមកនេះ មិនមែនបំភ្លេចចោលមិនដោះស្រាយទេ គឺកំពុងរង់ចាំក្រុមហ៊ុនមួយដែលធានាថា នឹងមកវិនិយោគលើសំរាមនេះ ដើម្បីកែច្នៃក្លិនស្អុយយកទៅធ្វើជាឧស្ម័ន និងអគ្គិសនីប្រើប្រាស់វិញ៖ «កន្លងមកយើងចេះតែទទួលបានសំណូមពរពីប្រជាពលរដ្ឋដែរ ប៉ុន្តែបើយើងប្ដូរទីតាំងចាក់សំរាមទៅកន្លែងផ្សេង ក៏ក្រុមហ៊ុនសំរាមរកដីអត់ទាន់បាន ហើយបើសិនជាយើងផ្អាកឈប់ឲ្យក្រុមហ៊ុនដឹកសំរាមយកមកចាក់ គឺផលប៉ះពាល់នៅទីក្រុងច្រើនជាងទីជនបទ»។
លោកអភិបាលស្រុកប្រាសាទបាគង បញ្ជាក់ទៀតថា ចាប់តាំងពីខែមករា ឆ្នាំ២០១៥ គឺតំណាងក្រុមហ៊ុនកែច្នៃសំរាមនោះ បានចុះទៅពិនិត្យដល់កន្លែងចាក់សំរាមចំនួនពីរលើករួចហើយ ព្រមទាំងមានគម្រោងចុះមកម្ដងទៀតនៅពេលខាងមុខឆាប់ៗ។
ប្រជាពលរដ្ឋនៅឃុំត្រពាំងធំ អះអាងថា រណ្ដៅសំរាមនេះក្រៅតែពីជះក្លិនស្អុយខ្លាំង គឺនៅរដូវវស្សាមានទឹកខ្មៅហូរចូលទៅតាមស្រែ និងប្រឡាយ ធ្វើឲ្យរលួយស្រូវ និងងាប់សត្វត្រី ក្ដាមខ្យងជាច្រើនគ្មានសល់។ អណ្ដូងទឹកខ្លះរបស់អ្នកភូមិដែលជីករាក់ ក៏ទឹកខ្មៅរបស់រណ្ដៅសំរាមជ្រាបចូលបង្កឲ្យកើតក្លិនស្អុយប្រើលែងកើត និងលើសពីនេះទៅទៀត សត្វគោរបស់អ្នកភូមិមួយចំនួនដែលលែងឲ្យដើរស៊ីស្មៅនៅពេលដើរទៅលើរណ្ដៅសំរាម គឺផុងស្លាប់ ខ្លះយកមកបាន និងខ្លះត្រូវលិចកប់បាត់តែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
