កម្ពុជា-ចិន នឹងចុះអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនុយក្លេអ៊ែរ ដើម្បីបណ្ដុះបណ្ដាលមន្ត្រីកម្ពុជា ឲ្យយល់ដឹងអំពីបច្ចេកទេសនៃការគ្រប់គ្រងម៉ាស៊ីនដែលផ្ទុកសារធាតុនុយក្លេអ៊ែរ (Nuclear Material)។
អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្សូណា ថ្លែងប្រាប់អាស៊ីសេរីថា ការត្រៀមចុះអនុស្សរណៈនេះ គឺផ្ដោតលើការអប់រំអំពីផលប៉ះពាល់ ការគ្រប់គ្រង និងការផ្ទេរបច្ចេកវិទ្យា ទាក់ទងនឹងម៉ាស៊ីនស្កេនផ្ទុកសារធាតុនុយក្លេអ៊ែរ ដែលប្រើប្រាស់ក្នុងវិស័យសុខាភិបាល វិស័យឧស្សាហកម្ម មាននៅតាមមន្ទីរពេទ្យ កំពង់ផែ និងព្រលានយន្តហោះជាដើម និងមិនមែនជាគោលដៅអភិវឌ្ឍន៍នុយក្លេអ៊ែរប្រើជាថាមពលអគ្គិសនីឡើយ៖ « ធម្មតានៅពេល យើងយកអីធម្មតាទៅថត គឺថតអត់ចេញទេ ប៉ុន្តែ Materiel nuclear អាចថតឃើញដោយឆ្លងកាត់ដែក និង ឆ្លងកាត់ វត្ថុ មួយចំនួនទៀត ដូចកាបូប កាតាបដែល អាចវត្ថុ ខុសច្បាប់ ហើយនៅក្នុង សុខាភិបាល គេ យក វា ទៅប្រើ ប្រាស់ដើម្បីសម្លាប់មេរោគ ប៉ុន្តែបើយើង ទុកដាក់ និង គ្រប់គ្រងមិនបាន ត្រឹមត្រូវ វាអាចសាយភាយ វិទ្យុសកម្ម ធ្វើ ឲ្យ ប៉ះពាល់ដល់មនុស្សយើង។ យើងអត់មានសាលាបង្រៀនអាហ្នឹងទេ ប៉ុន្តែគេអាចបណ្ដុះបណ្ដាល យើងឲ្យ យល់ដឹង អំពី និងក្ដាប់ អំពីការប្រើប្រាស់ »។
លោកបន្តថា កន្លងទៅស្ថិតក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី មន្ត្រីកម្ពុជា មួយចំនួន ជាពិសេសមន្ត្រីនៅក្រសួងរ៉ែ ក៏ធ្លាប់ទទួលបានវគ្គបណ្ដុះបណ្ដាលបែបនេះជាបន្តបន្ទាប់ ទាំងនៅក្នុងប្រទេសចិន ប្រទេសជប៉ុន និងប្រទេសកូរ៉េ ផងដែរ។ គេហទំព័ររបស់ក្រសួងបរិស្ថាន ក៏បានផ្សាយថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ អនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មនុយក្លេអ៊ែរ នឹងដាក់ជូនទៅប្រមុខដឹកនាំប្រទេសកម្ពុជា-ចិន ដើម្បីចុះហត្ថលេខា។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ កម្ពុជា-រុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការនៃការប្រើប្រាស់ថាមពលអាតូមិចដោយសន្តិភាព (Memorandum of cooperation for the peaceful uses of atomic energy) ដោយប្រទេសរុស្ស៊ី សន្យាថានឹងផ្ដល់ជំនួយបច្ចេកទេស ការសិក្សាស្រាវជ្រាវ និងការបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជា ដើម្បីដំឡើងរោងចក្រថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។
ទោះជាយ៉ាងណា លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា ព្រោះចាប់ពីពេលនេះរហូតទៅដល់ឆ្នាំ២០៣០ កម្ពុជា គ្មានផែនការដើម្បីអភិវឌ្ឍនុយក្លេអ៊ែរធ្វើជាថាមពលអគ្គិសនីនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
