សប្បុរសជន​ចែក​អំណោយ​ដល់​អ្នក​រងគ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​ពោធិ៍សាត់

សប្បុរសជន​រស់​នៅ​រាជធានី​ភ្នំពេញ បាន​នាំ​យក​អង្ករ​ចំនួន ៦​តោន ឆៃប៉ូវ ២០០​គីឡូ និង​ក្រមា​ចំនួន ៦០០ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ឃុំ​កញ្ជរ និង​ឃុំ​ស្យា នៃ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ តំណាង​សប្បុរសជន បាន​បញ្ជាក់​ថា អំណោយ​ទាំង​នោះ​ត្រូវ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ក្រុម​គ្រួសារ ដោយ​ពុំ​មាន​ការ​រើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ។

0:00 / 0:00

នៅ​ក្នុង​ពេល​ដែល​មាន​ការ​ចែក​អំណោយ​ដោយ​ស្ថាប័ន​រដ្ឋ ជូន​ចំពោះ​អ្នក​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ មាន​សប្បុរសជន​មួយ​ចំនួន​ក៏​បាន​ប្រមូល​គ្នា ដើម្បី​រៃអង្គាស​សម្ភារៈ និង​ប្រាក់​កាស​ដើម្បី​ចូល​រួម​ចំណែក​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​អ្នក​រងគ្រោះ ដោយសារ​ទឹក​ជំនន់​ដែរ។

តំណាង​សប្បុរសជន​ម្នាក់​ក្នុង​ចំណោម ៥​នាក់ លោក ឡេង សំណាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ថា ពិធី​ចែក​អំណោយ គឺ​ធ្វើ​ឡើង​នៅ​ភូមិ​បឹងក្រាញ់ ក្នុង​ឃុំ​កញ្ជរ ហើយ​នៅ​ក្នុង​សកម្មភាព​ចែក​អំណោយ​នោះ ក៏​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ផង​ដែរ៖ «ក្នុង​១​គ្រួសារ គឺ​អង្ករ ១០​គីឡូ ក្រមា​១ ឆៃប៉ូវ​ផ្អែម​ហ្នឹង ១​ថង់ ទឹក​ស៊ីអ៊ីវ ១​ដប ហើយ​និង​ថ្នាំ​ពេទ្យ និង​ខោអាវ​មួយ​ចំនួន។ ខាង​ខ្ញុំ​ពិភាក្សា​គ្នា​ថា​នឹង​ធ្វើ​បន្ត​ទៅ​ទៀត ប្រសិន​បើ​យើង​ខ្ញុំ​មាន​លទ្ធភាព​ប្រមូល​ថវិកា​បាន​ដូច​ពេល​ហ្នឹង​ទៀត យើង​ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​ទៀត​ក្នុង​នាម​ខ្មែរ​ជួយ​ខ្មែរ»

លោក​បញ្ជាក់​ថា តាម​តួលេខ​ដែល​លោក​ទទួល​បាន មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​មក​ពី​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្យា និង​ឃុំ​កញ្ជរ នៃ​ស្រុក​កណ្ដៀង ចំនួន ៦២០​គ្រួសារ ក៏ប៉ុន្តែ​ខាង​លោក​បាន​ត្រៀម​កញ្ចប់​អំណោយ​លើស​ពី​ចំនួន​នេះ។

ប្រធាន​ក្រុម​ការងារ​ខេត្ត​ពោធិ៍សាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ាន់ សេងហ៊ត មាន​ប្រសាសន៍​ថា សកម្មភាព​ចុះ​ចែក​នេះ​ក៏​មាន​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ លោក ងឹម ញ៉េង ព្រម​ទាំង​មន្ត្រី​ថ្នាក់​ខេត្ត និង​ស្រុក​មួយ​ចំនួន​ផង​ដែរ បាន​ចូល​រួម​ក្នុង​សកម្មភាព​ចុះ​ចែក​នេះ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា នេះ​មិន​មែន​ជា​អំណោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ទៅ​នេះ យើង​អត់​មាន​សម្ដែង​ចេញ​ថា​អំណោយ​របស់​គណបក្ស​អី​ទេ គឺ​សប្បុរសជន។ ប៉ុន្តែ តាម​រយៈ​អ្នក​ស្គាល់​តាម​គណបក្ស​ហ្នឹង ហើយ​ការ​អញ្ជើញ​ឈ្មោះ​ហ្នឹង គឺ​យើង​ឲ្យ​ក្រុម​ការងារ​នៅ​ឃុំ​ធ្វើ​អត់​ឲ្យ​មាន​ការ​រើសអើង គឺ​អ្នក​ដែល​អត់​ពិត​ប្រាកដ នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន មាន​ដល់​មេ​ភូមិ មាន​អនុ​ភូមិ​ផង ប៉ុន្តែ​ពី​ម្សិលមិញ គាត់​បាន​ប្រាប់​មក​ថា គេ​មាន​ការ​ប្រជុំ​មិន​ឲ្យ​មក​យក»

គណៈ​អភិបាល​ស្រុក​កណ្ដៀង លោក សុខ លីមុត បាន​ថ្លែង​សាទរ​ចំពោះ​សកម្មភាព​ចែក​អំណោយ​នេះ​ថា លោក​មិន​ខ្វល់​ពី​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​គណបក្ស​ខាង​ណា​នោះ​ទេ រឿង​ដែល​សំខាន់ គឺ​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទទួល​អំណោយ​ពី​សប្បុរសជន៖ «ស្រក​មួយ​ចំនួន ហើយ​នៅ​សល់​មួយ​ចំនួន ទឹក​ទន្លេ​អត់​ទាន់​ថយ។ ឥឡូវ បង​រដ្ឋមន្ត្រី​គាត់​ថា​ឲ្យ​ធ្វើ​សំណើ​សុំ​ស្រូវ​ពូជ ដើម្បី​នៅ​ពេល​ដែល​ស្រក​ទៅ ប្រជាពលរដ្ឋ​លោក​បង្កបង្កើន​ផល​ស្រូវ​រដូវ​ប្រាំង»

លោក​បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ក្រុម​សម្ព័ន្ធ​យុវជន​កម្ពុជា ក៏​ធ្លាប់​បាន​ចុះ​ចែក​អំណោយ​ស្រដៀង​គ្នា​នេះ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង ៦០០​គ្រួសារ នៅ​ក្នុង​ស្រុក​របស់​លោក។

អាជ្ញាធរ​ស្រុក​កណ្ដៀង បញ្ជាក់​ថា នៅ​ស្រុក​កណ្ដៀង មាន​ឃុំ​ចំនួន​៩ ក្នុង​នោះ​មាន​ឃុំ​ចំនួន​៦ គឺ​ឃុំ​កញ្ជរ ឃុំ​ស្យា កណ្ដៀង ស្រែស្ដុក អន្លង់វិល និង​ឃុំ​កោះជុំ បាន​លិចលង់​ធ្ងន់ធ្ងរ​ជាង​គេ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ ទឹក​ជំនន់​នៅ​មិន​ទាន់​ស្រក​ផុត​ពី​លំនៅឋាន និង​ដី​ស្រែ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​នៅ​ឡើយ​ទេ ហើយ​ទំហំ​នៃ​ការ​ខូចខាត​ទៅ​លើ​ផ្ទៃ​ដី​កសិកម្ម​មាន​ជាង ៧០០​ហិកតារ ក្នុង​នោះ​មាន​សាលា​រៀន​ចំនួន ៧​កន្លែង និង​មណ្ឌល​សុខភាព​១ ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ។

ទាក់ទង​ទៅ​នឹង​សកម្មភាព​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹក​ជំនន់​ក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ​ដែរ មាន​ក្រុម​សប្បុរសធម៌​ប្រទេស​អាល្លឺម៉ង់ មួយ​ក្រុម​ទៀត ដែល​ដឹក​នាំ​ដោយ​យុវតី​អាយុ ២៣​ឆ្នាំ​ម្នាក់ ឈ្មោះ ទិត សុខហេង បាន​នាំ​យក​អំណោយ​ជា​អង្ករ​ចំនួន ២​តោន និង​មី​ចំនួន ២០០​កេស ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ចំនួន ២០០​គ្រួសារ នៅ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ចម្ការលើ ភូមិ​វត្តជ្រេ និង​ភូមិ​ខ្នាចរមាស នៃ​ឃុំ​បឹងខ្នារ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។