លោក ឈាង វុន ព្រមាន​ដេញ​ជន​បរទេស​ដែល​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ចេញ​ពី​កម្ពុជា

ដោយ វណ្ណ វិចារ
2014.12.11
អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ៦២០ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Mom Sophon

ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បណ្ដេញ​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ចេញ​ពី​ប្រទេស​កម្ពុជា។ ការ​បញ្ជាក់​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ដើម្បី​ព្រមាន​ជន​បរទេស​ម្នាក់ ដែល​តែង​តែ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ជាយ​អារ៉ែង។

ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស ឃោសនាការ វប្បធម៌ និង​ព័ត៌មាន​រដ្ឋសភា ចាត់​ទុក​សកម្មភាព​របស់​ជនជាតិ​អេស្ប៉ាញ ដែល​ចេញ​មុខ​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ថា​ជា​ការ​លូកលាន់​កកូរ​កកាយ​កិច្ចការ​នយោបាយ​នៅ​កម្ពុជា។ លោក ឈាង វុន ថ្លែង​នេះ​ទំនង​ជា​សំដៅ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។ លោក​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​ភាគ​ច្រើន​នៅ​ក្នុង​សភា​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​តែ​ការ​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ងើប​តវ៉ា​ការពារ​បរិស្ថាន​នេះ ព្រោះ​វា​ជា​រំលោភ​លើ​បូរណភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​បាន​ចាត់​តាំង​សមត្ថកិច្ច​មួយ​ចំនួន​រួច​ហើយ ដើម្បី​ឲ្យ​តាម​ដាន​គ្រប់​សកម្មភាព​ជន​បរទេស​ម្នាក់​នោះ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ នៅ​ពេល​ណា​ដែល​បុគ្គល​នោះ​ធ្វើ​ខុស។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន លើក​ឡើង​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន ឬ​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា ឡើយ បើ​ទោះ​បី​ជា​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា គំរាម​លោក​ម្តង​ជា​ពីរ​ដង​ក្តី។ លោក​បន្ត​ថា ការងារ​ដែល​អង្គការ​មាតា​ធម្មជាតិ បាន​ធ្វើ គឺ​ដើម្បី​ការពារ​បរិស្ថាន​ធម្មជាតិ​ឲ្យ​គង់វង្ស ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​មាន​បំណង​យក​ប្រទេស​កម្ពុជា ទៅ​លក់​ឲ្យ​បរទេស​នោះ​ដែរ។

ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត វិញ​មាន​ប្រសាសន៍​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​ដេញ​អ្នក​ការពារ​បរិស្ថាន​ចេញ​ពី​ប្រទេស​បែប​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​លើក​ទឹក​ចិត្ត​អ្នក​ការពារ​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ឲ្យ​ខិតខំ​ធ្វើ​ការងារ​បន្ត​ទៀត ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង មាន​តម្លៃ ៤០០​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូហាយដ្រូ (Sinohydro Corporation)។ គម្រោង​សាងសង់​នោះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១.៣០០​គ្រួសារ និង​ផ្ទៃ​ដី​ប្រមាណ ២​ម៉ឺន​ហិកតារ ប៉ុន្តែ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។

កន្លង​ទៅ ជន​បរទេស​ជាច្រើន​បាន​មក​បើក​អង្គការ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​នៅ​កម្ពុជា។ អ្នក​ទាំង​នោះ​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ អង្គការ​​ដើម្បី​ភាព​​ញញឹម​នៃ​កុមារ(PSE) និង​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ(Mother Nature)។ ក្រៅ​ពី​នេះ ជន​បរទេស​មួយ​ចំនួន​ទៀត​ក៏​មក​បើក​អាជីវកម្ម​រក​ស៊ី និង​រស់នៅ​កម្ពុជា ដែរ តែ​ពួក​គេ​មិន​ចេញ​មុខ​ការពារ​បរិស្ថាន ឬ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​នោះ​ទេ។ អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក ដោយ​ពួក​គេ​រក​ស៊ី​មុខ​របរ​កាប់​ឈើ ដី​សម្បទាន​សេដ្ឋកិច្ច បើក​បន​ល្បែង ជាដើម ហើយ​អ្នក​មាន​ខ្លះ​បាន​ងារ​ជា​ឧកញ៉ា និង​តំណែង​ជា​ឯកឧត្តម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។